បណ្ដាញផ្សព្វផ្សាយ អប្សរា មេឌា សឺវីស (AMS) បានចូលរួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការរៀបចំព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងទូទាំងប្រទេសក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»។ កម្មវិធីនេះនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពរាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករ សិល្បការិនីចាប៉ីដងវែងឱ្យមានសកម្មភាពផុសផលឡើងវិញបន្ថែមទៀត។
កម្មវិធីមហោស្រពនេះដែរនឹងមានការប្រកួតប្រជែងចម្រៀងចាប៉ីដងវែង ដែលនឹងចូលរួមដោយសិល្បករសិល្បការិនី អង្គការ សមាគម ពីទូទាំងប្រទេស។ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពបានអំពាវនាវដល់ពលរដ្ឋខ្មែរជាពិសេសយុវជនជំនាន់ក្រោយឱ្យចូលរួមគាំទ្រឱ្យបានច្រើនដើម្បីជាការលើកទឹកចិត្តអ្នកជំនាញផ្នែកចាប៉ីដងវែង។

ចាប៉ីបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជីវិត ទំនៀមទម្លាប់ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ។ ឧបករណ៍ចាប៉ីដងវែងត្រូវបានប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន ៤ ដូចជាក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរាណ វង់ភ្លេងមហោរី និងក្នុងចម្រៀង។ ប្រជាជនខ្មែរភាគច្រើនស្គាល់ចាប៉ីដងវែងតាមរយៈការសម្ដែងទោលឬការសម្ដែងឆ្លើយឆ្លងគ្នា ដោយអ្នកលេងចាប៉ីមិនមែនគ្រាន់តែចេះដេញចាប៉ីស្ទាត់ជំនាញប៉ុណ្ណោះទេ តែត្រូវចេះកំប្លុកកំប្លែងហើយត្រូវរហ័សរហួននិងចេះច្នៃបង្កើតឡើងភ្លាមៗ ត្រូវពូកែខាងភាសា អក្សរសាស្ត្រ កំណាព្យ និងនិទានរឿងដែរ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែងរបស់កម្ពុជាត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលគិតមកដល់ឆ្នាំនេះមានរយៈពេល ៩ឆ្នាំហើយ។
សូមបញ្ជាក់ថា “មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥” នឹងងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងផេក AMS ដែលជាដៃគូសហការរៀបចំផងដែរ៕




























Account
Security
Favourite Content