Ador សម្រេចចិត្តឱ្យ Min Hee-jin បន្តតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល តែបដិសេធនឹងការស្នើសុំរបស់ NewJeans ដែលសុំឱ្យ Min Hee-jin ចូលមកកាន់តំណែង CEO ឡើយ។

កាលពីថ្ងៃទី២៥ ខែកញ្ញានេះ Ador បានបញ្ចេញនូវសេចក្ដីថ្លែងការណ៍ផ្លូវការមួយតាមកាលកំណត់ ឆ្លើយតបនឹងការស្នើសុំរបស់ក្រុមច្រៀង K-pop ម្ចាស់បទ Bubble Gum ដែលអំពាវនាវឱ្យក្រុមហ៊ុនផ្ដល់តំណែងជានាយកប្រតិបត្តិសាជាថ្មីដល់ Min Hee-jin ជាមួយគ្នានឹងការធ្វើកំណែទម្រង់ក្រុមហ៊ុនឱ្យមានសភាពដូចដើមវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ផលិតកម្មបានសរសេរពីលទ្ធផលក្រោយកិច្ចប្រជុំ ដោយសម្រេចឱ្យអតីត CEO រូបនេះបន្តតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល និងនៅតែជាផលិតកររបស់ NewJeans ក្នុងរយៈពេល៥ឆ្នាំទៅមុខ ដែលជាចំនួនឆ្នាំសេសសល់ពីកិច្ចសន្យារបស់សមាជិកទាំង ៥រូបជាមួយនិងផលិតកម្ម។

ដោយឡែក ក្រុមហ៊ុនមិនបានយល់ស្របជាមួយនឹងសិល្បការនីរបស់ខ្លួន ក្នុងការស្នើសុំឱ្យ Min Hee-jin ត្រឡប់មកធ្វើជា CEO វិញទេ។ ហើយសម្រាប់តំណែង រយៈពេល និងអំណាចដែលក្រុមហ៊ុនសម្រេចផ្ដល់ឱ្យ នាងក្នុងឋានៈជាផលិតករនេះ ក៏នឹងត្រូវលើកយកមកចរចាម្ដងទៀតនៅពេលក្រោយដែរ។
សេចក្ដីថ្លែងការណ៍តែមួយនេះ ក៏បានបញ្ជាក់ផងដែរថា ពួកគេក៏បានជូនដំណឹងពីសេចក្ដីសម្រេចទាំងអស់នេះទៅកាន់ NewJeans តាមរយៈអ៊ីម៉ែលរួចហើយ ក៏ប៉ុន្តែមិនបានបង្ហាញពីការយល់ឃើញពីពួកនាងនោះទេ។

ភ្លាមៗនោះ Min Hee-jin ក៏បានចេញសេចក្ដីថ្លែងការណ៍មួយទៀតឆ្លើយតបនឹងការសម្រេចខាងលើ ដោយនាងនៅតែបង្ហាញជំហរក្នុងការត្រឡប់មកកាន់តំណែងជា CEO វិញ។ បន្ថែមពីនេះទៀតនាងក៏បានលើកឡើងថា នាងមិនប្រាកដចិត្តទេថានឹងអាចទទួលបានតំណែងជានាយកផ្ទៃក្នុងដូចអ្វីដែលក្រុមហ៊ុនបានអះអាង ព្រោះ HYBE ជាអ្នកដែលមានសិទ្ធិលើការសម្រេចនេះ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំរបស់ Ador។
នាងក៏បានរៀបរាប់បន្ថែមទៀតថា នាងសុំច្រានចោលនូវសំណើរបស់ Ador ដែលស្នើឱ្យនាងធ្វើជាផលិតករ ព្រោះនាងខ្លាចថាវាគ្រាន់តែជាល្បិចមួយពីខាងផលិតកម្ម ដោយនាងបារម្ភថាកិច្ចសន្យានេះអាចនឹងរារាំងនាងពីការធ្វើការរួមគ្នាជាមួយនឹង NewJeans។
បច្ចុប្បន្ននេះ អ្នកគាំទ្រកំពុងតែរង់ចាំមើលប្រតិកម្មរបស់ NewJeans ដោយហេតុថា ការត្រឡប់មកកាន់តំណែងដើមរបស់ Min Hee-jin ជាអ្វីដែលសមាជិកទាំង៥រូបបានតាំងចិត្តស្នើសុំ ក៏ប៉ុន្តែក្រុមហ៊ុនមិនអាចបំពេញបំណងនេះបាន៕























Account
Security
Favourite Content