បន្ទាប់ពីបញ្ចប់ការថតរឿង «Empresses in the Palace» កាលពីឆ្នាំ ២០១២ ហើយរហូតមកដល់ពេលនេះគឺមានរយៈពេល ១២ ឆ្នាំទៅហើយដែលក្រុមតួសម្ដែងសំខាន់ៗក្នុងរឿងបានត្រលប់មកជួបជុំគ្នាម្ដងទៀតនៅក្នុងកម្មវិធី “The Legend of Rebirth”។

នៅក្នុងកម្មវិធីតម្រូវឱ្យតារាចូលរួមម្នាក់ៗចែករំលែកអំពីរឿងរ៉ាវហួសចិត្តបំផុត ដូច្នេះ Ada Choi ដែលសម្ដែងជាតួព្រះមហេសីក៏បានចែករំលែកនូវរឿងមួយដែលស្ទើរតែធ្វើឱ្យនាងបាត់បង់របស់មានតម្លៃមិនអាចកាត់ថ្លៃក្នុងជីវិតរហូតដល់ទៅ ២ ដង។ នាងបានបន្ដថាកាលនោះនាង និងក្រុមគ្រួសារបានធ្វើដំណើរទៅម៉ាកាវដើម្បីរីករាយជាមួយនឹងវិស្សមកាល។
ប៉ុន្តែរឿងហេតុមួយបានកើតឡើងដែលធ្វើឱ្យនាងចងចាំបទពិសោធន៍ជីវិតគួរឱ្យខ្លាចបំផុតគឺកូនស្រីច្បង Zoe Zhang ស្រាប់បានបាត់ទាំងដែលទើបមានវ័យត្រឹម ២ ឆ្នាំប៉ុណ្ណោះ ខណៈពួកគេកំពុងចុះពីតាក់ស៊ី។ នៅពេលដែលឪពុកម្ដាយក្មេកបានសួរថាតើកូនស្រីនៅឯណា ទើបធ្វើឱ្យនាងស្រាប់តែស្រឡាំងកាំងមែនទែន។ ជាសំណាងល្អ នាងក៏ត្រូវបានរកឃើញវិញពេលកំពុងនិយាយជាមួយបុរសប្លែកមុខម្នាក់។

នៅពេលរំលឹកដល់រឿងនេះ តារាស្រី Ada Choi ក៏បាននឹកឃើញដល់លើកទីពីរនៅពេលដែលពួកគេទៅលេងនៅ Disneyland។ បន្ទាប់ពីបានថតរូបគ្រួសាររួចហើយ ពួកគេក៏បានតម្រង់ជួរទិញសំបុត្រដើម្បីទៅលេងកម្សាន្ដល្បែងផ្សេងមួយទៀត ពេលនោះហើយដែលកូនស្រីច្បងរបស់នាងបានបាត់ខ្លួនទៅម្ដងទៀត។ ក្រោយនាង និងប្ដីរបស់នាងបានបំបែកទៅតាមរកកូនស្រីភ្លាមៗ ហើយជាសំណាងល្អម្ដងទៀតក៏បានឃើញកូនស្រីរបស់ពួកគេក៏ឈរស្ងៀមនៅកន្លែងរងចាំ។
គួររំឮកដែរថានៅពេលដែលកូនស្រីច្បងរបស់ Ada Choi បានបាត់លើកទីមួយ នាងទទួលមតិរិះគន់ជាច្រើនដោយភាគច្រើនគេបានស្ដីបន្ទោសថានាងជាម្ដាយមិនបានការដែលមិនអាចមើលថែកូនឱ្យបានល្អ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនបានចេញមុខការពារនាងដោយលើកឡើងថាជាការពិតក្នុងនាមជាម្ដាយ មិនមានអ្នកណាម្នាក់ចង់ឱ្យមានរឿងបែបនេះកើតឡើងឡើយ។ ជាពិសេសការមើលថែកូនគឺមិនមែនជារឿងងាយស្រួលនោះដែរ។ ដូច្នេះនៅពេលបាត់ខ្លួនកូនស្រីអាចស្រមៃបានថានាងក៏ភ័យខ្លាចយ៉ាងខ្លាំងណាស់ដែរ។


គួរបញ្ជាក់ផងដែរ Ada Choi ជាតារាសម្ដែងហុងកុង TVB ដែលមានឈ្មោះបោះសំឡេងដែលបានចូលប្រឡូកក្នុងវិស័យចាប់តាំងពីវ័យ ១៥ ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីឈ្នះពានរង្វាន់ TVB Anniversary Award ជាតួស្រីល្អបំផុតក្នុងឆ្នាំ ១៩៩៨ មក នាងបានក្លាយជាតារាម្នាក់ក្នុងចំណោមតារាជួរមុខទាំង ៥ នៅហុងកុងផងដែរ។ លុះដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០០៨ នាងក៏បានសម្រេចចិត្តរៀបការជាមួយតារាសម្ដែងចិន Max Zhang ក្រោយទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ និងទទួលបានកូនស្រីប្រុស ៣ នាក់យ៉ាងមានក្ដីសុខដល់បច្ចុប្បន្ន៕
























Account
Security
Favourite Content