ពំនោលពីបុរាណ “ចេះអី ចេះឱ្យប្រាកដ នោះប្រាក់នឹងរត់រក” ពិតជាមិនខុសដូចដែលចាស់ៗថាមែន។ មិនថាក្នុងវិស័យណាទេ អ្នកមានសមត្ថភាពពិត ប្រាកដជាអាចរកចំណូលបានពីការខិតខំប្រឹងប្រែងក្នុងអាជីពរបស់ខ្លួនជាក់ជាមិនខាន។ថ្ងៃនេះ AMS Infotainment សូមបើកបង្ហាញមុខតារាស្រីទាំង ៨ រូប ដែលទទួលងារជាតន្រ្តីករស្រ្តី ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក តាមរយៈការចាត់ចំណាត់ថ្នាក់របស់ទស្សនាវត្ដី Forbes។
១. Taylor Swift

ចំណាត់ថ្នាក់លេខ១ បានធ្លាក់ទៅលើ Taylor Swift ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក។ តារាចម្រៀងស្រីវ័យ ៣៤ ឆ្នាំរូបនេះជាតន្រ្តីករទី១ ដែលក្លាយខ្លួនជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារតាមរយៈចំណូលពីចម្រៀង និងការប្រគំតន្រ្តីទេសចរណ៍ពិភពលោកនៅកាលពីឆ្នាំ ២០២៣។ ប្រភពដដែលបានវាយតម្លៃថា បទចម្រៀងរបស់នាងអាចនឹងមានតម្លៃរហូតដល់ទៅ ៦០០ លានដុល្លារអាមេរិក បន្ថែមដោយចំណូលក្នុងកម្រិតតែមួយពីការសម្ដែងក្នុងដំណើរប្រគំតន្រ្តីជុំវិញពិភពលោករបស់នាង។ បន្ថែមពីតន្ត្រី តារាចម្រៀង និងអ្នកនិពន្ធរូបនេះ ក៏ជាម្ចាស់អាចលនទ្រព្យដែលមានតម្លៃជារួមប្រមាណ ១២៥ លានដុល្លារអាមេរិកផងដែរ។
ដោយឡែក ប្រភពចំណូលដែលបាននាំកត្តិនាមជាតន្រ្តីករស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនេះ គឺជាប្រាក់ចំណេញពីការប្រគំតន្ត្រី Era Tour ដែលបានចាប់ផ្ដើមតាំងតែពីខែមីនាឆ្នាំ ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៤ នេះ។ ជាក់ស្ដែងចំណូលសរុបនៃ The Era Tour មានតម្លៃយ៉ាងហោចណាស់ ១ ពាន់លានដុល្លារអាមេរិក និងបានជាប់ឈ្មោះជាដំណើរប្រគំតន្រ្តីជុំវិញពិភពលោកទី១ដែលរកចំណូលបានច្រើនកម្រិតនេះ។
២. Rihanna

បន្ទាប់ពី Taylor Swift គឺជា Rihanna នេះហើយមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១.៤ ពាន់ដុល្លារអាមេរិក និងបានដណ្ដើមតំណែងជាតន្ត្រីករស្រ្តី មានទ្រព្យច្រើននាងគេទី២ បន្ទាប់ពីម្ចាស់បទ “22”។ ប្រភពចំណូលដ៏ធំបំផុតរបស់តារាស្រី សញ្ជាតិបាបាដៀនមានឈ្មោះដើមថា Robyn Rihanna Fenty បានមកពីក្រុមហ៊ុនទាំង ២ របស់នាងគឺ ក្រុមហ៊ុនគ្រឿងសម្អាង Fenty Beauty និងក្រុមហ៊ុនខោអាវក្នុង Savage X Fenty។
ក្នុងវ័យ ៣៦ ឆ្នាំ តារាស្រីរូបនេះ មានភាគហ៊ុន ៥០ ភាគរយ នៅក្នុងក្រុមហ៊ុន Fenty Beauty និង ២៨ ភាគរយនៅក្នុងយីហោ Savage X Fenty។ ក្រៅពីនេះ ចំណូលរបស់នាងបានមកពីការខិតខំកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈរហូតទទួលតំណែងជា The Third-Most of Any Artist និងមានចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើ Billboard Hot 100 រហូតដល់ទៅ ១៤ បទ។ បន្ថែមពីតំណែងជាសេដ្ឋីនី ម្ចាស់អាល់ប៊ុម “Anti” រូបនេះក៏ធ្លាប់គ្រងដំណែងជា “ស្ត្រីមានអំណាចបំផុតលំដាប់ទី ៧៤ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣” ពីទស្សនាវដ្ដី Forbes ផងដែរ។
៣. Madonna

លំដាប់ថ្នាក់ទី៣ មិនអាចរំលងពីកណ្ដាប់ដៃរបស់តារាចម្រៀងលំដាប់ Legendary ដូចជា Madonna បាននោះទេ។ ក្នុងវ័យ ៦៦ឆ្នាំ លោកស្រីមានទ្រព្យសម្បត្តិសរុបចំនួន ៨៥០ លានដុល្លារអាមេរិក។ ក្នុងអាជីពជាតារាចម្រៀង ម្ចាស់បទ Material Girl រូបនេះអាចរកចំណូលសរុបពីការប្រគំតន្រ្តីទាំងអស់របស់ខ្លួនរហូតដល់ទៅ ១.៦ ពាន់លានដុល្លារអាមេរិក រួមទាំងការប្រគំតន្រ្តីចុងក្រោយរបស់លោកស្រី The Celebration Tour ដែលបានចំណាយពេលរហូតដល់ទៅ ៦ខែ នឹងទើបតែបញ្ចប់ក្នុងខែឧសភានេះ។
តារាស្រីម្ចាស់អាល់ប៊ុមចំនួន ១៤ រូបនេះ ក៏មានកេរ្តិ៍ឈ្មោះក្នុងវិស័យអាចលនទ្រព្យផងដែរ ដោយលោកស្រីជាម្ចាស់អចលនទ្រព្យនៅ Hamptons និង Hidden Hills រដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាផ្ទះនៅឯ Upper East Side ផងដែរ។
៤. Beyoncé

ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៧៦០ លានដុល្លារអាមេរិកគិតត្រឹមខែឧសភា។ Beyoncé ជាតន្រ្តីករស្រ្តីទី៣ នៅក្នុងតារាងមួយនេះ។ ជាង ៣ ទសវត្សរ៍ក្នុងនាមជាតារាចម្រៀងទោល និងអតីតសមាជិកក្រុម Destiny’s Child បច្ចុប្បន្នតារាចម្រៀងប៉ុបរូបនេះមានតំណែងជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃ Parkwood Entertainment។
Renaissance World Tour សម្រាប់អាល់ប៊ុម Renaissance ដែលបានធ្វើការសម្ដែងចំនួន ៣៣ ផ្សេងគ្នាបានក្លាយជាការប្រគំតន្រ្តីដែលរកចំណូលបានខ្ពស់បំផុតសម្រាប់តារាចម្រៀងវ័យ ៤៣ រូបនេះ ជាមួយនឹងប្រាក់ចំណូលសរុបជាង ៥៧៩ លានដុល្លារអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។
ដោយឡែកកាលពីខែឧសភា ឆ្នាំ ២០២៣ Beyoncé និងស្វាមី Jay-Z បានទិញភូមិគ្រឹះមួយដែលមានតម្លៃ ២០០ លានដុល្លារអាមេរិក ដែលជាផ្ទះថ្លៃបំផុតមិនធ្លាប់មាន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
៥. Celine Dion

អ្នកណាមិនស្គាល់បទដ៏ល្បីល្បាញ «My Heart Will Go On» ដែលជាចម្រៀងក្នុងភាពយន្ត Titanic របស់ Celine Dion។ ក្នុងចំណាត់ថ្នាក់លេខ ៥ តារាចម្រៀងសញ្ជាតិកាណាដារូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៥៥០ លានដុល្លារអាមេរិក។ក្នុងជីវិតជាអ្នកលក់សំលេង តារាស្រីវ័យ ៥៦ ឆ្នាំរូបនេះ បានលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនអស់ចំនួន ២២០ លានអាល់ប៊ុមរួចមកហើយ។ ទាក់ទងនឹងប្រាក់ចំណូលរបស់លោកស្រីវ័យ អ្នកម្ដាយកូន ៣ រូបនេះមានប្រភពចំណូលធំពីការប្រគំតន្រ្តី Las Vegas concert residencies។
៦. Barbra Streisand

មិនចម្លែកទេដែលតារាចម្រៀងដែលជាអ្នកបង្កើតប្រវត្តិសាស្រ្ត មានអាល់ប៊ុមជាប់លេខ១ ក្នុងរយៈពេល ៦ ទសវត្សរ៍ជាប់ៗគ្នា មានទ្រព្យសម្បត្តិច្រើនដល់ថ្នាក់នេះ។ លោកស្រី Barbra Streisand មានទ្រព្យរួមចំនួន ៤៦០ លានដុល្លារអាមេរិក។
បន្ថែមពីអាជីពជាតារាចម្រៀង និងសម្ដែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីបានចេញសៀវភៅមួយក្បាលដែលមានចំណងជើងថា «My Name is Barbra» កម្រាស់ជិត ១ ពាន់ទំព័រ។
៧. Dolly Parton

ប្រហែលជាទស្សនិកជនបានស្គាល់បទ «I Will Always Love You» ដែលបកស្រាយដោយលោកស្រី Whitney Houston រួចមកហើយ។ ដោយឡែក បទនេះជាបទដើមដែលបានបកស្រាយ និងនិពន្ធដោយ លោកស្រី Dolly Parton នៅក្នុងឆ្នាំ ១៩៧៣។
បច្ចុប្បន្ន លោកស្រីមានវ័យ ៧៨ ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបចំនួន ៤៥០ លានដុល្លារអាមេរិក។ ត្បិតជាអ្នកចម្រៀង និងអ្នកនិពន្ធល្បីឈ្មោះក៏ពិតមែន តែប្រាក់ចំណូលមួយផ្នែកធំរបស់លោកស្រីមានប្រភពពីសួនកម្សាន្ត Tennessee Dollywood។ ដោយឡែកប្រាកចំណូលពីចម្រៀងជាង ៣ ០០០ បទរបស់ខ្លួន លោកស្រីរកបានត្រឹមតែ ១៥០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
៨. Katy Perry

តារាចម្រៀងដែលមានប្រជាប្រិយភាពដូចជា Katy Perry មានទ្រព្យរហូតដល់ទៅ ៣៥០ លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងទឹកប្រាក់ដែលបានពីការលក់សិទ្ធិឈុតចម្រៀងរបស់នាងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ទាក់ទងនឹងតួនាទីជាគណៈកម្មការនៃកម្មវិធី American Idol វិញ ម្ចាស់បទ «Roar» រូបនេះ អាចរកចំណូលបានប្រមាណ ២៥ លានដុល្លារអារមេរិកក្នុងមួយរដូវកាល៕























Account
Security
Favourite Content