ខាត់ វ៉ៃហាំង ដែលជាតារាសម្ដែងប្រុសជួរមុខមួយរូប បានទទួលតំណែងទូតសុឆន្ទៈ (Brand Ambassador) ក្នុងមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ (2ndCAFF)។


ខាត់ វ៉ៃហាំង គ្រាន់តែទទួលបានតំណែងនេះភ្លាម បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំដែលជ្រើសរើសរូបលោកជាទូតសុច្ឆន្ទៈរបស់កម្មវិធីមហោស្រពភាពយន្តកម្ពុជា-អាស៊ី ជាលើកទី២។ តួប្រុសរឿង «លួចស្នេហ៍គូដណ្ដឹង» បានរៀបរាប់ថា “ខ្ញុំតំណាងអោយសិល្បករកម្ពុជា មានកិត្តិយសដែលបានចូលរួមចំណែកនូវការផ្សព្វផ្សាយក្នុងវិស័យភាពយន្ត ក៏ដូចជាសូមអរគុណដល់នាយកដ្ឋានភាពយន្តកម្ពុជា ផលិតករ ផលិតកម្ម និងស្ថានីយទូរទស្សន៍ភីអិនអិន ដែលបានរួមចំណែកជំរុញកិច្ចការងារនេះ“។

ខាត់ វ៉ៃហាំង ជាតារាប្រុសដែលបានគិតគូរ ក៏ដូចជាជួយផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងទេសចរណ៍ខ្មែរទៅកាន់ឆាកអន្តរជាតិច្រើនដងមកហើយ ឲ្យតែមានឱកាសបានចេញទៅវេទិកា ឬកម្រាលព្រំក្រៅប្រទេស។ ដូចនេះហើយអ្នកគាំទ្រថា វ៉ៃហាំង ពិតជាស័ក្តិសមជាមួយនឹងតំណែងនោះខ្លាំងណាស់។
ក្រៅពី ខាត់ វ៉ៃហាំង តួប្រុសក្នុងរឿង «Rent Boy» ជាមួយគ្នា គឺតារាមីយ៉ាន់ម៉ា Paing Takhon ក៏ក្លាយជាអគ្គរដ្ឋទូតយុវជន (Youth Ambassador) ក្នុងឱកាសមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ (2ndCAFF) នេះដែរ។

មហោស្រពភាពយន្តកម្ពុជា-អាស៊ី ដែលសហការរៀបចំដោយគណៈកម្មការមហោស្រពភាពយន្តកម្ពុជា-អាស៊ី និងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ៕























Account
Security
Favourite Content