តារាហុងកុងជើងចាស់ប្រចាំស្ថានីយទូរទស្សន៍ TVB ចំនួន ២រូប បានទទួលមរណភាពនៅដើមខែកក្កដា នេះ ដោយលោក Chow Chung បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ ដោយសារជំងឺរលាកសួត ស្របពេលដែលអ្នកស្រី Suet Nei បាត់បង់ជីវិតដោយសារជំងឺមហារីកលំពែង កាលពីថ្ងៃទី៣ នេះ។

ឆ្លើយតបនឹងដំណឹងដ៏សោកសៅខាងលើ លោក Candice Yu On-on អនុប្រធានផ្នែកសម្ដែងរបស់ Hong Kong Performing Artistes Guild បាននិយាយថា ការបាត់បង់តារាជើងចាស់ទាំងពីររូបនេះ គឺជាការខាតបង់ដ៏ធំនៅក្នុងវិស័យភាពយន្ត។
ជាក់ស្ដែង លោក Chow Chung ដែលទស្សនិកជនច្រើនស្គាល់ជា តួអង្គលោកតាចិត្តល្អរបស់ TVB បានបាត់បង់ជិវិតនៅក្នុងវ័យ ៩២ឆ្នាំ ដោយបានបន្សល់ទុកនូវកេរដំណែលរយៈពេល ៦ ទសវត្សរ៍នៅក្នុងវិស័យទូរទស្សន៍ និងភាពយន្ត មិនតិចជាង ១០០ចំណងជើងនោះទេ រួមមានរឿង Broken Zither Bower, Moonlight Resonance និង At the Threshold of an Era II ជាដើម។


មុននឹងចូលនិវត្តន៍ពី TVB ក្នុងឆ្នាំ ២០២០ កាលពីឆ្នាំ ២០១៦ TVB ក៏បានប្រគល់ពានរង្វាន់ សមិទ្ធផលពេញមួយជីវិតទៅឱ្យលោក Chow Chung ផងដែរ ដោយគ្រានោះ លោកបាននិយាយថា សមិទ្ធផលដ៏ធំបំផុតរបស់លោក គឺការដែលអាចនាំមកនូវ ភាពកក់ក្តៅ និងសុភមង្គល ដល់ទស្សនិកជន។
ទន្ទឹមគ្នានឹងការបាត់បង់លោក Chow Chung តារាជើងចាស់ម្នាក់ទៀត គឺ Suet Nei ក៏បានទទួលមរណភាពនៅក្នុងខែកក្កដា នេះដែរ ក្នុងវ័យ ៧៧ឆ្នាំ ពោលគឺក្រោយស្វាមីរបស់ខ្លួន គឺលោក Tang Chia រយៈពេល ១០ថ្ងៃប៉ុណ្ណោះ។

ជីវិតនៅក្នុងវិស័យសិល្បៈរបស់ អ្នកស្រី Suet Nei បានចាប់ផ្ដើមឡើងតាមរយៈការហ្វឹកហាត់នៅលើទឹកដីតៃវ៉ាន់ មុននឹងបង្ហាញវត្តមានជាលើកដំបូងនៅក្នុងរឿង Good Neighbours កាលពីឆ្នាំ ១៩៦២។ ក្រោយមក Suet Nei បានត្រឡប់មកកាន់ទីក្រុងហុងកុងវិញ ដោយមានអាជីពជាតារាក្បាច់កុន ដោយបានបង្ហាញវត្តមាននៅក្នុងរឿងបែបកុងហ្វូជាច្រើនចំណងជើង។
លុះដល់ចុងទសវត្សរ៍ឆ្នាំ ១៩៨០ Suet Nei បានសម្រេចចាកចេញទៅរស់នៅឯប្រទេសកាណាដា និងសម្រាកពីវិស័យភាពយន្តអស់មួយរយៈ មុននឹងចាប់ផ្ដើមការងារសម្ដែងជាថ្មីជាមួយនឹង TVB ក្នុងឆ្នាំ ១៩៩៧ តាមរយៈរឿងភាគដូចជា Secret of the Heart និង Rosy Business រហូតដល់ចូលនិវត្តន៍នៅក្នុងឆ្នាំ ២០២០។


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រី Suet Nei បានប្រយុទ្ធនឹងជំងឺមហារីកលំពែង និងប្រើប្រាស់ជីវិតចុងក្រោយនៅក្នុងមន្ទីរពេទ្យ មុននឹងទទួលមរណភាពក្នុងឆ្នាំ ២០២៥ នេះ៕


























Account
Security
Favourite Content