ដូចប្រិយមិត្តជាច្រើនបានដឹងរួចហើយថា កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូងលោក Taeyang បានចាប់ដៃគូច្រៀងចម្រៀងរួមគ្នាជាមួយ Jimin សមាជិកក្រុម BTS ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំងព្រោះសុទ្ធតែអ្នកមានសម្លេងពិរោះរណ្ដំ។ មកទល់ពេលនេះ វីដេអូចម្រៀង “Vibe” មានអ្នកចុចទស្សនាប្រមាណ ៤៤ លានដងទៅហើយត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នាដែរ សម្រាប់ការប្រម៉ូតបទចម្រៀងថ្មី Taeyang ក៏ត្រូវបានគេហៅចូលរួមក្នុងបទសម្ភាសន៍នានា។ ឆ្លៀតក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយ thek Originals តារាប្រុសរូបនេះបាននិយាយរៀបរាប់ពីរឿងរ៉ាវមួយចំនួនទាក់ទិននឹងការចេញចម្រៀងថ្មី បន្ថែមពីលើនោះលោកក៏បាននិយាយរំឮកដល់ភរិយារបស់ខ្លួនតារាស្រី Min Hyorin និងកូនតូចទៀតផង។
លោកបានរៀបរាប់ពីជីវិតរៀបការដ៏ផ្អែមល្ហែមរបស់ខ្លួនថា៖ លោកជាមនុស្សចូលចិត្តចម្អិនអាហារដូច្នេះ លោកឧស្សាហ៍ធ្វើម្ហូបឱ្យភរិយារបស់ខ្លួន អ្វីដែលសំខាន់នោះគឺនាងពិតជាចូលចិត្តស្នាដៃធ្វើម្ហូបរបស់លោក ហើយអ្នកទាំងពីរតែងចំណាយពេលវេលាជាច្រើននៅជួបជុំគ្នាផងដែរ។

បើក្រឡេកទៅមើលកូនប្រុសតូចរបស់លោកវិញ គេពិតជាគួរឱ្យស្រឡាញ់ខ្លាំង ហើយរូបរាងរបស់គេពិតជាស្រស់ស្អាត គឺស្អាតដូចភរិយារបស់លោកអ៊ីចឹង។ លោកបន្ថែមថា៖ កូនប្រុសរបស់លោកមានមុខមាត់កាត់ទៅរកម្ដាយខ្លាំង និងស្រស់ស្អាត ធ្វើឱ្យអ្នកជុំវិញតែងច្រឡំថាគេជាកូនស្រីគួរឱ្យស្រឡាញ់ម្នាក់។

គួរបញ្ជាក់ថា តារាប្រុស Taeyang និងភរិយា Min HyoRin បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៨ និងទទួលបានចំណងដៃកូនប្រុសតូចនៅចុងឆ្នាំ ២០២១។ កាលពីមួយរយៈមានលេចពាក្យចចាមអារ៉ាមថា ស្វាមីភរិយាមួយគូនេះមានជម្លោះឈានទៅដល់ការលែងលះគ្នា តែក្រោយបង្ហាញខ្លួនបទសម្ភាសន៍អ្នកគាំទ្រជាច្រើនហាក់ធូរទ្រូងខ្សាក ព្រោះចំណងស្នេហាអ្នកទាំងពីរនៅតែល្អប្រសើរ និងផ្អែមល្ហែមខ្លាំងលើសដើមទៀត៕
























Account
Security
Favourite Content