Coca Cola គឺជាក្រុមហ៊ុនផលិតទឹកក្រូចដ៏ធំ និងមានឥទ្ធិពលយ៉ាងខ្លាំងមួយនៅលើពិភពលោក។ បើរាប់មកដល់ពេលបច្ចុប្បន្ននេះ ភេសជ្ជៈដែលដើមកំណើតចេញពីសហរដ្ឋអាមេរិកនេះមានអាយុ ១៣១ ឆ្នាំទៅហើយ។ ប៉ុន្តែស្របពេលដែលក្រុមហ៊ុនទឹកក្រូចនេះមានប្រជាប្រិយ និងពេញនិយមយ៉ាងណាក៏ដោយ ក៏ប្រទេស ៣ នេះមិនមានការដាក់លក់ឡើយ។
ប្រទេសទាំងបីមានដូចជាគុយបា កូរ៉េខាងជើង និងរុស្សី។ ចំពោះមូលហេតុរួមមួយដែលប្រទេសទាំងបីនេះមិនមានការដាក់លក់ភេសជ្ជៈ Coca Cola គឺការទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកក្រោមហេតុផលផ្សេងៗគ្នា។
ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបានសហរដ្ឋអាមេរិកបណ្តឹងទណ្ឌកម្មសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ១៩៥០ មកនៅពេលកូរ៉េខាងជើងបានឈ្លានពានកូរ៉េខាងត្បូង។ ក្នុងឆ្នាំ ១៩៨៨ សហរដ្ឋអាមេរិកក៏បានប្រកាសថាប្រទេសកូរ៉េខាងជើងជារដ្ឋឧបត្ថម្ភអំពើភេវរកម្ម (state sponsor of terrorism)។
ក្រៅពីសហរដ្ឋអាមេរិកហើយ ប្រទេសកូរ៉េខាងជើងក៏ទទួលរងទណ្ឌកម្មពីប្រទេសពីរទៀតកូរ៉េខាងត្បូង និងជប៉ុន។ ជាមួយគ្នានេះដែរ បើគិតត្រឹមឆ្នាំ ២០២២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅតែមិនមានទំនាក់ទំនងការទូតនៅឡើយ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងនៅតែទទួលទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសផ្សេងទៀត និងបានក្លាយជារដ្ឋឯកោផងដែរ។
ស្រដៀងទៅនឹងកូរ៉េខាងជើងដែរ ការដាក់ទណ្ឌកម្មលើប្រទេសគុយបារយៈពេលជាង ៦០ ឆ្នាំមកនេះបានធ្វើប្រទេសមួយនេះក្លាយជាឯកោ ហើយក៏ប្រែជាខ្មៅស្រអាប់ផងដែរ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបា បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៦០ បន្ទាប់ពីបដិវត្តគុយបាឆ្នាំ ១៩៥៩ ដោយគ្មានទំនាក់ទំនងការទូតឡើយ។
រហូតដល់ឆ្នាំ ២០១៥ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបាក៏ត្រូវបានស្ដារឡើងវិញ ប៉ុន្តែនៅតែគ្មានវត្តមានក្រុមហ៊ុន Coca Cola ដដែល។ ប៉ុន្តែប្រជាជនគុយបាក៏នៅតែអាចទិញ Coca Cola បានពីប្រទេសម៉ិកស៊ិកបាន គ្រាន់តែវាមានតម្លៃថ្លៃជាងផលិតផលក្នុងស្រុកដែលមានឈ្មោះថា Tukola។
ថ្មីៗនេះប្រទេសរុស្សីក៏បានក្លាយជាប្រទេសដែលទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកដែរក្រោយពេលការប្រកាសសង្រ្គាមរុស្សី-អ៊ុយក្រែន។ មិនមែនតែក្រុមហ៊ុន Coca Cola មួយនោះទេ សូម្បីតែក្រុមហ៊ុនអាមេរិក និងអ៊ឺរ៉ុបជាច្រើនទៀតក៏បានបញ្ឈប់អាជីវកម្មជាមួយប្រទេសរុស្សីតាំងពីខែឧសភា ឆ្នាំ២០២២។
បើទោះបីជាក្រុមហ៊ុនយក្សមួយនេះបានដកខ្លួនចេញក៏ដោយ ក៏ប្រទេសមហាអំណាចមួយនេះនៅតែអាចផលិតផលភេសជ្ជៈបានដោយខ្លួនឯងដដែល។ ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតភេសជ្ជៈរុស្ស៊ី Ochakovo ក៏ចាប់ផ្ដើមពង្រឹងទីផ្សារទឹកក្រូចរបស់ខ្លួនដូចក្រុមហ៊ុន Coca Cola ដែរដោយយក Cool Cola និង Fancy ជំនួសឱ្យ Fanta ខណៈដែល Street ជំនួសឱ្យ Sprite៕





















































Account
Security
Favourite Content