ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2026™ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅកីឡដ្ឋាន New York New Jersey Stadium។

Justin Bieber នឹងចូលរួមជាមួយ Madonna, Shakira និង BTS ក្នុងនាមជាតួឯកសម្តែងរួមគ្នាសម្រាប់កម្មវិធីវគ្គផ្តាច់ព្រ័ត្រ Halftime Show លើកដំបូងបង្អស់ ដោយប្រមូលផ្តុំសិល្បករលំដាប់កំពូលៗរបស់ពិភពលោក ដើម្បីរួមគ្នាបង្កើតការអបអរសាទរដ៏អស្ចារ្យដែលជាចំណុចប្រសព្វរវាងវិស័យកីឡា តន្ត្រី និងការជះឥទ្ធិពលជាសកល។ លើសពីនេះ Burna Boy (ម្ចាស់បទល្បី ‘Dai Dai’ ច្រៀងរួមគ្នាជាមួយ Shakira) ក៏នឹងបង្ហាញខ្លួនក្នុងអំឡុងពេលផ្សាយផ្ទាល់រយៈពេល ១១ នាទីនេះផងដែរ រួមជាមួយ Gustavo Dudamel ព្រមទាំងក្រុមចម្រៀងកុមារ PS 22 Chorus រួមជាមួយក្រុម Coldplay។
ប្រធានសហព័ន្ធ FIFA លោក Gianni Infantino បានមានប្រសាសន៍ថា៖ «នៅពេលនិយាយអំពីអ្វីដែលពិភពលោកកំពុងត្រូវការ គឺមិនមានអ្វីសំខាន់ជាងការអប់រំនោះឡើយ។ យើងមានមោទនភាពខ្លាំងណាស់ដែលមាន Justin Bieber មកចូលរួមជាមួយ Madonna, Shakira និង BTS ដើម្បីគាំទ្រដល់មូលនិធិ FIFA Global Citizen Education Fund ក្នុងការបង្កើនឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសកីឡាបាល់ទាត់សម្រាប់កុមារៗនៅជុំវិញពិភពលោក»។
គួរបញ្ជាក់ថា កម្មវិធីសម្ដែងជាប្រវត្តិសាស្ត្រនេះនឹងគាំទ្រដល់មូលនិធិ FIFA Global Citizen Education Fund ដែលមានគោលដៅរៃអង្គាសប្រាក់ឱ្យបាន ១០០ លានដុល្លារអាមេរិក ដើម្បីពង្រីកឱកាសទទួលបានការអប់រំ និងកីឡាបាល់ទាត់សម្រាប់កុមារទូទាំងពិភពលោក។ គិតមកទល់ពេលនេះ ថវិកាជាង ៥០ លានដុល្លារអាមេរិកត្រូវបានរៃអង្គាសរួចរាល់ ដោយថវិកាចំនួន ១ ដុល្លារអាមេរិកពីការលក់សំបុត្ររាល់ការប្រកួតរបស់ FIFA World Cup 2026 ទាំងអស់ នឹងត្រូវបរិច្ចាគចូលទៅក្នុងមូលនិធិនេះ។
តារាចម្រៀង Justin Bieber បានចែករំលែកថា៖ «ពានរង្វាន់ FIFA World Cup ជួយរំលេចឱ្យពិភពលោកទាំងមូលមករួបរួមគ្នាក្នុងទម្រង់មួយដែលគ្មានអ្វីផ្សេងអាចធ្វើបានឡើយ។ ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីនេះ ហើយកាន់តែមានចិត្តត្រេកអរនៅពេលដឹងថា វាកំពុងតែជួយពង្រីកឱកាសទទួលបានការអប់រំសម្រាប់កុមារៗ» ៕


















Account
Security
Favourite Content