នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បានផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ Kim Soo Hyun ទាំងដឹងខ្លួនថា តារាប្រុសរូបនេះមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ក្នុងពេលដែលនាងនៅជាអនីតិជននោះឡើយ។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Maeil Business ប៉ូលិសបានរកឃើញភស្តុតាងបង្ហាញថា រូបភាពថតអេក្រង់ (Screenshot) នៃប្រវត្តិជជែកគ្នានៅក្នុងកម្មវិធី KakaoTalk ដែលលោក Kim Se-ui យកមកបង្ហាញនោះ ជារូបភាពកាត់តកែច្នៃ ដោយមានការប្តូរឈ្មោះគណនីរបស់ភាគីម្ខាងទៀតឱ្យទៅជាឈ្មោះរបស់លោក Kim Soo Hyun ។
បន្ថែមពីនេះ ប៉ូលិសកំពុងសង្ស័យថា សារសំឡេងរបស់ Kim Sae Ron ដែលត្រូវបានយកមកផ្ដល់ជាភស្តុតាងនោះ អាចជាសំឡេងបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។
កន្លងមក លោក Kim Soo Hyun ធ្លាប់បានចេញមុខបំភ្លឺថា លោកពិតជាធ្លាប់បានទាក់ទងស្នេហាជាមួយអ្នកនាង Kim Sae Ron មែន ប៉ុន្តែបានបដិសេធយ៉ាងដាច់អហង្ការថា លោកមិនបានទាក់ទងនាងនៅពេលនាងនៅជាអនីតិជន ដូចការចោទប្រកាន់នោះទេ។

ជាមួយគ្នានេះ តារាប្រុសរូបនេះក៏បានដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្តចំនួន ១២ ប៊ីលានវ៉ុន ឬប្រហែល ៨,១ លានដុល្លារអាមេរិក ប្រឆាំងនឹងលោក Kim Se-ui និងក្រុមគ្រួសាររបស់ Kim Sae Ron ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ។
យ៉ាងណាមិញ សារព័ត៌មាន ZAPZEE បានចុះផ្សាយថា លោក Kim Se-ui បានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ដោយនិយាយថា៖ “វិទ្យាស្ថានកោសល្យវិច័យជាតិ (NFS) បានបញ្ជាក់ហើយថា ខ្លួនមិនអាចកំណត់បានទេថា តើសារសំឡេងនោះត្រូវបានបង្កើតឡើងដោយ AI ឬយ៉ាងណា។ ប៉ុន្តែពេលនេះប៉ូលិសបែរជាសន្និដ្ឋានថា វាជាការក្លែងបន្លំទៅវិញ រឿងនេះវាហាក់ដូចជាមិនសមហេតុផលទាល់តែសោះ”។

លោកបានបន្តអះអាងទៀតថា ក្រុមគ្រួសាររបស់ Kim Sae Ron បានជួលអ្នកជំនាញឱ្យធ្វើកោសល្យវិច័យលើទូរស័ព្ទរបស់កូនស្រី ហើយរកឃើញថា តារាទាំងពីរពិតជាធ្លាប់បានជជែកគ្នាតាម KakaoTalk មែន។
លោកបានបញ្ជាក់បន្ថែមថា៖”យើងបានពន្យល់ម្តងហើយម្តងទៀតនៅក្នុងសន្និសីទកាសែតថា ប្រវត្តិការជជែកដែលបានបង្ហាញនោះ គឺជារូបភាពដែលត្រូវបានបង្កើតឡើងវិញដោយក្រាហ្វិកកុំព្យូទ័រ (CG) ដើម្បីឱ្យងាយស្រួលមើលប៉ុណ្ណោះ មិនមែនជារូបភាព Screenshot ដើមឡើយ”។
គួររំលឹកផងដែរថា តារាស្រី Kim Sae Ron បានទទួលមរណភាពដោយការធ្វើអត្តឃាតកាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ចំណែកឯការសម្រេចថា តុលាការនឹងចេញដីកាឃុំខ្លួនលោក Kim Se-ui ឬយ៉ាងណានោះ នឹងធ្វើឡើងបន្ទាប់ពីសវនាការនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ៕


















































Account
Security
Favourite Content