បើនិយាយដល់តារាចម្រៀង Original យើងមិនអាចមើលរំលង ម៉ា ច័ន្ទបញ្ញា ដែលជាម្ចាស់បទ «បែកគ្នាព្រោះចង់សាកចិត្ត» អូនឡើយ។ តារាចម្រៀងសំឡេងស្រទន់រូបនេះ ក៏ជាសិល្បករខ្មែរម្នាក់តែងនាំមុខមាត់ជាតិសាសន៍ខ្មែរ ទៅបង្ហាញនៅឆាកអន្តរជាតិដែរ។

ដូចកាលថ្មីៗនេះ បញ្ញា នាំយកចម្រៀងខ្មែរជាលើកទី ៥ នៅសាធារណរដ្ឋប្រជាមានិតចិន និងជាលើកទី ៨ នៅឆាកអន្តរជាតិផងដែរ។ តារាចម្រៀងប្រុសដ៏មានទេពកោសល្យរូបនេះ ត្រូវឡើងសម្ដែងចម្រៀងការទូត តំណាងជាតិនៅប្រទេសចិនក្នុងកម្មវិធីមេគង្គ-ឡានឆាងជាមួយបណ្ដាប្រទេសជាច្រើនទៀត។
ម្ចាស់បទ «ម្នាក់ឯងមែនទេ?» គឺជាបានចេញទៅកម្មវិធីមេគង្គ-ឡានឆាង ឆ្នាំ ២០២៤ ដែលរៀបចំឡើងនៅទីក្រុង Yushu ខេត្តឈីងហៃ ប្រទេសចិន តាំងពីសប្ដាហ៍មុនមកម្ល៉េះ។ ម៉ា ច័ន្ទបញ្ញា គឺជាតារាប្រុសម្នាក់ដែលមានចំណេះដឹងទាំងផ្នែកភាសាបរទេសចិន អង់គ្លេស និងចំណេះដឹងទូទៅ ហើយបទចម្រៀងដែលលោកយកទៅច្រៀងក្នុងកម្មវិធីការទូត សុទ្ធតែមានអត្ថន័យជ្រាលជ្រៅ។


ក្នុងការចេញទៅច្រៀងនៅមេគង្គ-ឡានឆាង ឆ្នាំនេះ បញ្ញា ក៏មិនភ្លេចបង្ហាញពីអត្តសញ្ញាណជាតិខ្លួនឡើយ ដោយស្លៀកក្បិន និងក្រមាខ្មែរផងដែរ។ បើនិយាយពីស្នាដៃរបស់តារាប្រុសរូបនេះវិញ មានច្រើនខ្លាំងណាស់ ហើយលោកក៏ធ្លាប់ត្រូវបាន ពិធីការិនីចិនម្នាក់វាយតម្លៃថា ទៅថ្ងៃអនាគត លោកនឹងអាចជាតារាល្បីមួយរូបនៅកម្ពុជា ដូចទៅនឹង Jay Chou ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់ គ្រាដែល ច័ន្ទបញ្ញា ទៅចូលរួមការសម្ដែងកម្មវិធីមួយនៅប្រទេសចិន (2015 china-Asian friendship concert)។
មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានឆ្នាំមុន បទ “Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ត្រូវបានចិនសុំសិទ្ធិបកប្រែទៅជាភាសារបស់គេ ដើម្បីតម្រូវតាមទីផ្សារប្រទេស និងប្រជាជនគេទៀតផង។ នេះមិនទាន់រាប់អស់សមិទ្ធផលដែល ម៉ា ច័ន្ទបញ្ញា នាំមុខមាត់ជាតិឡើងខ្ពស់ត្រដែតលើឆាកអន្តរជាតិឡើយ៕
























































Account
Security
Favourite Content