តារាសម្ដែង និងជាសមាជិកក្រុមចម្រៀងកូរ៉េ 2PM, Ok Taecyeon នឹងឈានជើងចូលសង្វៀននៃការប្រកួតប្រជែងថ្មីក្នុងអាជីពសម្ដែង តាមរយៈការបង្ហាញខ្លួនក្នុងភាពយន្តភាគស្នេហាប្រុសនិងប្រុសថ្មីរបស់ Netflix មានចំណងជើងថា “Soul Mate” ។


យោងតាមក្រុមហ៊ុន 51K ដែលជាទីភ្នាក់ងាររបស់តារាប្រុសរូបនេះបានឱ្យដឹងថា ក្នុងរឿងថ្មីនេះ Ok Taecyeon នឹងសម្តែងជាតួអង្គឈ្មោះ Hwang Johan ជាអ្នកប្រដាល់កូរ៉េ ខណៈតួឯកប្រុសម្នាក់ទៀតមានឈ្មោះ Ryu សម្ដែងដោយតារាប្រុសជប៉ុន Hayato Isomura។ តាមរយៈការជួបជាមួយ Ryu ធ្វើឱ្យ Johan បានរកឃើញអត្ថន័យនៃស្នេហា និងជីវិតដោយសន្សឹមៗ។ ភាពយន្តភាគនេះគឺជាការនិពន្ធ និងដឹកនាំដោយអ្នកនិពន្ធ Shunki Hashizume ។
Ok Taecyeon បានបង្ហាញពីក្តីរំភើបរបស់ខ្លួនចំពោះតួនាទីថ្មីនេះថា “ខ្ញុំពិតជារំភើបណាស់ដែលបានក្លាយជាផ្នែកមួយនៃ ‘Soul Mate’ ។ មានតួអង្គ និងប្រភេទរឿងជាច្រើនដែលខ្ញុំមិនទាន់បានស្វែងយល់ ហើយនៅពេលដែលខ្ញុំទទួលបានការទាក់ទងឱ្យសម្ដែងរឿងភាគនេះ ខ្ញុំក៏ចាប់អារម្មណ៍តួអង្គ Hwang Johan ភ្លាមៗ។ ការតស៊ូ និងការឈឺចាប់របស់គេបានដក់ជាប់ក្នុងខួរក្បាលខ្ញុំ បន្ទាប់ពីខ្ញុំបានអានស្គ្រីប។ ដើម្បីរៀបចំ ខ្ញុំបានស្រកទម្ងន់ និងឆ្លងកាត់ការហ្វឹកហាត់ប្រដាល់ និងនៅតែបន្តហ្វឹកហាត់យ៉ាងសកម្មក្នុងកំលុងពេលថតដើម្បីអាចដើរតួ Johan ឱ្យសក្ដិសមអស់ពីសមត្ថភាព”។

ដោយឡែក Isomura ក៏បានចែករំលែកនូវភាពរីករាយរបស់ខ្លួនដែរថា៖ “ស្គ្រីបរឿងនេះបានធ្វើឱ្យខ្ញុំក្ដុកក្ដួលចិត្តជាមួយនឹងរឿងរ៉ាវស្នេហា ១០ឆ្នាំដែលពោរពេញដោយទុក្ខសោក និងការឈឺចាប់ ។ ការធ្វើការជាមួយ Ok Taec-yeon បានជំរុញទឹកចិត្តខ្ញុំកាន់តែខ្លាំង។ ភាពទាក់ទាញរបស់គាត់ទាក់ទាញខ្ញុំកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ ការថតនៅច្រើនប្រទេសមានទាំងជប៉ុន កូរ៉េ និងអាល្លឺម៉ង់ធ្វើឱ្យគម្រោងនេះកាន់តែមានលក្ខណៈជាសកលយ៉ាងពិតប្រាកដ”។
ភាពយន្តភាគ Soul Mate ត្រូវបានកំណត់សម្រាប់ការចេញផ្សាយជាសកលផ្តាច់មុខនៅលើ Netflix ក្នុងឆ្នាំ ២០២៥ ។
មុនពេល Soulmate Ok Taecyeon ក៏ធ្លាប់បានចូលរួមក្នុងខ្សែភាពយន្តជប៉ុនមួយដែរគឺរឿង Grand Maison Paris ដែលបានឱ្យគេបង្ហាញទេពកោសល្យសម្ដែងដ៏ល្អជាមួយការនិយាយបីភាសាគឺ កូរ៉េ ជប៉ុន និងបារាំង។ សមាជិកក្រុម 2PM រូបនេះបានបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងក្នុងឆ្នាំ ២០១០តាមរយៈភាពយន្តភាគកូរ៉េ Cinderella’s Sister ។ ប៉ុន្មានឆ្នាំមកនេះ លោកបានបង្ហាញខ្លួនក្នុងរឿងភាគជាច្រើនដូចជា Save Me, Bring It On Ghost, Secret Royal Inspector និង Joy ហើយក៏ត្រូវបានគេស្គាល់ច្រើនផងដែរសម្រាប់ការដើរតួជាតួអង្គអាក្រក់នៅក្នុង រឿង Vincenzo ។ ចំណែក Hayato Isomura ក៏ជាតារាប្រុសកំពុងល្បីមួយរូបដែរនៅប្រទេសជប៉ុន និងធ្លាប់បានបង្ហាញថ្វីដៃក្នុងខ្សែភាពយន្តល្បីៗកន្លងដូចជា Extremely Inappropriate! និង The Moon ៕























Account
Security
Favourite Content