កីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី និងជាម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ៣ បាំង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានធ្វើឱ្យប្រជាជនកម្ពុជាមោទកភាពចំពោះនាងម្តងហើយម្តងទៀត បើទោះបីការប្រកួតបានបញ្ចប់ទៅហើយក្តី។
ក្រៅតែពីដណ្តើមមេដាយជូនជាតិ វីរកីឡាការិនីរូបនេះបានធ្វើការងារសប្បុរសធម៌ជាច្រើន តួយ៉ាងដូចជា ការយកថវិកាដែលបានពីការប្រកួត ដាក់ក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ហើយថ្មីៗនេះអ្នកនាងថែមទាំងបានយកប្រាក់ពីការធ្វើទូតសុច្ឆន្ទៈឱ្យក្រុមហ៊ុនឯកជន ១ មកបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។

កីឡាការនី ស្រួង ភាវី បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ថា៖ «សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ។ ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា»។
លើសពីនេះ វីរកីឡាការិនីកម្ពុជាបានបញ្ជាក់ថា៖ «ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទេីបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»៕


























Account
Security
Favourite Content