ការលុបប្រពៃណីរាប់អាយុបុរាណ ធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងទូទាំងប្រទេស ស្រាប់តែក្លាយជាមានអាយុក្មេងជាងមុន មួយឆ្នាំ ឬពីរឆ្នាំ។
ការកែប្រែច្បាប់នេះគឺដើម្បីឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ច្បាប់ថ្មីនេះ នឹងលុបចោលប្រព័ន្ធប្រពៃណីមួយដែលចាត់ទុករាល់ទារកដែលចាប់កំណើតភ្លាមមានអាយុ ១ឆ្នាំ ឬ២ឆ្នាំ ឬគេហៅថាជាការរាប់អាយុចាប់តាំងពីទារកនៅក្នុងពោះម្តាយ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានជំរុញឱ្យមានការផ្លាស់ប្តូរនេះយ៉ាងខ្លាំង នៅពេលដែលលោកបានចូលកាន់តំណែងកាលពីឆ្នាំមុន។ លោកនិយាយថា វិធីសាស្ត្ររាប់អាយុបែបប្រពៃណីនេះគឺជា « រឿងមិនចាំបាច់សម្រាប់សង្គម និងខ្ជះខ្ជាយសេដ្ឋកិច្ចជាតិ»។
ជាឧទាហរណ៍ វិវាទតែងកើតឡើងលើការបង់ប្រាក់ធានារ៉ាប់រង និងការកំណត់សិទ្ធិទទួលបានកម្មវិធីជំនួយរបស់រដ្ឋាភិបាល។
គួរជម្រាបថាប្រព័ន្ធរាប់បែបប្រពៃណីត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គមកូរ៉េ និងនៅកន្លែងធ្វើការ រាប់សតវត្សមកហើយ។ តាមការរាប់បុរាណនេះ ទារកទើបនឹងកើត នឹងត្រូវរាប់ថាមានអាយុ ១ឆ្នាំ ហើយទារកដែលកើតចំថ្ងៃ ៣១ ខែធ្នូ នឹងមានអាយុ ២ឆ្នាំ ក្រោយកើតបានមួយថ្ងៃ។
ការផ្លាស់ប្តូរនេះ ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកូរ៉េខាងត្បូងភាគច្រើន។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុនក្នុងស្រុក Hankook Research នៅក្នុងខែមករា ឆ្នាំ ២០២២ ប្រជាជនកូរ៉េខាងត្បូង ៣ នាក់ក្នុងចំណោម ៤ នាក់ក៏បានគាំទ្រ ចំពោះការកំណត់ស្តង់ដារថ្មីនេះដែរ៕


























































Account
Security
Favourite Content