បើយោងតាមការចុះផ្សាយថ្មីៗនេះរបស់ទស្សនាវដ្តី The Straits Times របស់ប្រទេសសិង្ហបុរីបានឲ្យដឹងថាកីឡាករ Bryce Chong ដែលឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាទ្រីយ៉ាត្លុងបុរសកាលពីថ្ងៃសៅរ៍ នៅប្រទេសកម្ពុជា បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការនៅឯឆ្នេរកែប។
The Straits Times បានរៀបរាប់ថា ៖ កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ កីឡាករជម្រើសជាតិ Bryce Chong បានឈរនៅឆ្នេរកែប បេះដូងលោតញាប់ និងបែកញើស។ វាមិនមែនដោយសារការប្រកួតទេ ដែលធ្វើឲ្យគាត់ញ័រខ្លួន ផ្ទុយទៅវិញ កីឡាករវ័យ ២៦ ឆ្នាំរូបនេះមានបេសកកម្មដ៏គួរឱ្យរន្ធត់មួយទៀតដើម្បីបញ្ចប់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងក្រោយរបស់គេ គឺការសុំមិត្តស្រីឈ្មោះ Sheryl Foo រៀបការ។
នៅទីបំផុត Chong នៅតែទទួលបានជោគជ័យ លាយឡំជាមួយទឹកភ្នែករលីងរលោងក្រោយមិត្តស្រីរបស់ខ្លួននិយាយថា «យល់ព្រម» នៅនឹងមុខសាក្សីស្នេហ៍ ដែលជាមិត្តភ័ក្តិ និងមិត្តរួមក្រុមដែលបានចូលរួមក្នុង ឱកាសដ៏សំខាន់សម្រាប់ដំណើរជីវិតពួកគេទាំង២។
ថ្លែងប្រាប់ទស្សនាវដ្តីក្នុងស្រុករបស់ខ្លួន Chong បានឲ្យដឹងថា៖ «ការសុំមិត្តស្រីរៀបការនេះគឺ ភាពតានតឹងជាងការប្រកួត ដប់ដង»។
លោកបានបន្ថែមថា៖ «គ្រប់គ្នាបានសម្លឹងមកខ្ញុំ ហើយបានដឹងរួចទៅហើយនូវអ្វីដែលកំពុងកើតឡើង ប៉ុន្តែពេលវេលាមកដល់ អ្នកត្រូវតែធ្វើអ្វីគ្រប់យ៉ាងឲ្យបានត្រឹមត្រូវ និងមិនចង់មានកំហុសនោះទេ»។
Chong បន្តថា «ខ្ញុំគិតថានឹងធ្វើនៅកន្លែងបំពាក់មេដាយស៊ីហ្គេម ប៉ុន្តែដោយសារថាមានមនុស្សច្រើនពេក តែវាពិតជាល្អណាស់ដែលយើងធ្វើវានៅចំណុចចាប់ផ្តើមនៃកីឡាទ្រីយ៉ាត្លុងនៅតាមឆ្នេរ ព្រោះវាបង្ហាញពីការចាប់ផ្តើមទៅកាន់ដំណាក់កាលមួយទៀតនៅក្នុងជីវិតរបស់យើងទាំងពីរ»។
គួរបញ្ជាក់ថា Chong បានទិញចិញ្ចៀនអាពាហ៍ពិពាហ៍នេះតាំងពីពាក់កណ្តាលឆ្នាំ ២០២២ តែគេមិនអាចរកពេលវេលាសមរម្យសុំមិត្តស្រីរៀបការបានទេ រហូតដល់មិត្តម្នាក់បានប្រាប់ឲ្យគាត់ធ្វើវាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានេះ៕

























Account
Security
Favourite Content