វិចិត្រសាលជាតិនៃប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហសត្បិ៍នេះថាខ្លួននឹងប្រគល់រូបចម្លាក់សំរិទ្ធចំនួន ៣ ដែលជាបណ្តុំសិល្បៈចម្លាក់អាស៊ីរបស់ខ្លួនមកព្រះរាជាណាចក្រកម្ពុជាវិញ។ រូបចម្លាក់ទាំង៣មានដូចជា ព្រះពោធិសត្វអវលោកេស្វរៈទ្រផ្កាឈូក និងបដិមាករអមចំនួន ០២។

ការធ្វើមាតុភូមិនិវត្តន៍នៃរូបចម្លាក់របស់កម្ពុជានេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតអស់រយៈពេល ១ទសវត្សរ៍ ដោយកិច្ចសហការរវាងវិចិត្រសាលជាតិនៃប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅកម្ពុជា ដើម្បីកំណត់ទីកន្លែងដើមនៃស្នាដៃសិល្បៈ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។
វិចិត្រសាលជាតិនៃប្រទេសអូស្ត្រាលី (NGA) និយាយថា ខ្លួនបានទិញរូបចម្លាក់ក្នុងឆ្នាំ ២០១១ ក្នុងតម្លៃ ២.៣លានដុល្លារអូស្ត្រាលី (១.៥លានដុល្លារ) ពីអ្នករត់ពន្ធវត្ថុបុរាណជនជាតិអង់គ្លេសឈ្មោះ Douglas Latchford ដែលបានស្លាប់នៅឆ្នាំ ២០២០ គឺមួយឆ្នាំបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជួញដូរ និងលួចវត្ថុបុរាណរបស់កម្ពុជា។

នេះគឺជាលើកទី២ ហើយដែល NGA បានដកសិល្បៈក្នុងវិចិត្រសាលរបស់ខ្លួនប្រគល់ឱ្យប្រទេសម្ចាស់ដើមវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំ ២០២១ វិចិត្រសាលបានប្រគល់វត្ថុបុរាណជាបន្តបន្ទាប់ទៅកាន់ប្រទេសឥណ្ឌា ដែលខ្លះមានអាយុកាលតាំងពីសតវត្សទី ១១។
គួរជម្រាបថា ស្នាដៃសិល្បៈទាំងនេះ នឹងបន្តដាក់បង្ហាញនៅវិចិត្រសាលជាតិអូស្ត្រាលីសិន ក្នុងក្របខ័ណ្ឌកម្ចីសម្រាប់រយៈពេល ២ ឆ្នាំទៀត ខណៈកម្ពុជានឹងរៀបចំបណ្តើរកន្លែងដើម្បីដាក់រូបចម្លាក់ទាំងនេះ៕
























Account
Security
Favourite Content