របាំត្រុដិគឺរបាំមួយប្រភេទដែលគេតែងតែសម្ដែងនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ ការសម្ដែងរបាំត្រុដិគឺដើម្បីប្រសិទ្ធនូវសិរីសួស្ដី និងជ័យមង្គលសព្ទសាធុការក្នុងឱកាសឆ្នាំថ្មី។

យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ ត្រុដិ ជាពាក្យដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្ដាច់ ឬ កាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬ ការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា “ត្រស្តិសង្ក្រាន្ត”។
ដើមកំណើតនៃរបាំត្រុដិគឺជារបាំរបស់ជនជាតិសំរ៉ែជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលដែលយើងមិនទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ។ សព្វថ្ងៃជនជាតិសំរ៉ែរស់នៅភូមិភាគខាងជើងបឹងទន្លេសាប។ កាលពីជំនាន់នោះ ជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល។
ម្យ៉ាងនាសម័យនោះ ជួនកាលគេក៏លេងរបាំនេះដើម្បីបន់ស្រន់សុំទឹកភ្លៀងពេលមានការរាំងស្ងួតផងដែរ។ ក្នុងរបាំនេះគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថាក្ងោកជាសត្វតំណាងឱ្យព្រះអាទិត្យ។ ដូច្នេះមនុស្សបន់ស្រន់អង្វរព្រះអាទិត្យសុំឱ្យទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចំការ។

ចំពោះតួអង្គដែលសម្ដែងនៅក្នុងរបាំត្រុដិសុទ្ធតែសំខាន់ ប៉ុន្តែតួអង្គឯកដែលសំខាន់ជាងគេគឺសត្វប្រើស។ កាលពីដើមគេជឿថាប្រសិនសត្វប្រើសរត់ចូលភូមិ នោះនឹងកើតមានឧបទ្រពចង្រៃជាមិនខាន។ ដូច្នេះអ្នកភូមិនាំគ្នារារាំងមិនសត្វប្រើសចូលបានឡើយដោយមានព្រានព្រៃតាមបាញ់សម្លាប់។ ប៉ុន្តែដោយមិនអាចបាញ់បានទើបមានយក្ស ព្រាយស្រីក្រចកវែង ក្ងោក និងសត្វទន្សោងចេញមកជួយរហូតដល់សម្លាប់ប្រើសបាន។
រហូតមកទល់ពេលបច្ចុប្បន្ននេះ របាំត្រុដិមិនមានការកែប្រែច្រើនឡើយ។ ដោយមូលហេតុមិនចង់ឱ្យមានភាពឃោរឃៅក្នុងការសម្លាប់សត្វ និងចង់អភិរក្សសត្វព្រៃទើបថ្នាក់ដឹកនាំបានកែនូវវគ្គបញ្ចប់ដោយប្រោះព្រំសត្វប្រើសឱ្យមានជីវិតឡើងវិញ៕

























Account
Security
Favourite Content