ស្វែងយល់ប្រវត្តិ និងអត្ថន័យដ៏ជ្រាលជ្រៅនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ជនជាតិ​ខ្មែរ​យើង មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក ។ ខាងក្រោមនេះ AMS សូមបង្ហាញពីប្រវត្តិ ទំនៀមទម្លាប់ និងអត្ថន័យត្រួសៗនៃពិធីបុណ្យចូលឆ្នាំខ្មែរដោយយោងតាមឯកសារស្រាវជ្រាវ​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖

ប្រវត្តិពិធីបុណ្យចូលឆ្នាំ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។

គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។

លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។

លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។ ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា “ភគវតីសភាសាលា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្ត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

ដោយមាននិទានបែបនេះហើយទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែសិរសាកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។

ឈ្មោះទេពធីតាមហាសសង្ក្រាន្ត ភក្សាហារ (តង្វាយអាហារ) និងគ្រឿងអាភរណៈ (គ្រឿងតែងកាយ) តាមថ្ងៃនីមួយៗ

ថ្ងៃអាទិត្យទុង្សទេវី សៀតផ្កាទទឹមគ្រឿងប្រដាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
ថ្ងៃច័ន្ទគោរាគទេវី សៀតផ្កាអង្គារបុស្សគ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារគោរាក្សសាទេវី សៀតផ្កាឈូកគ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធមណ្ឌាទេវី សៀតផ្កាចម្ប៉ាគ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
ថ្ងៃព្រហស្បតិ៍កិរិណីទេវី សៀតផ្កាមណ្ឌាគ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រកិមិរាទេវី សៀតផ្កា ចង្កុលនីគ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏មហោទរាទេវី សៀតផ្កាត្រកៀតគ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក

ទំនៀមទម្លាប់ក្នុងពិធីបុណ្យចូលឆ្នាំ

ជាទូទៅទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវិរៈ​វនបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ ឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត​។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី ១៤ ក៏មានខ្លះដែរ ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ ៖ ​

ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ សម្អាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក និង ​កាត់​សម្លៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សម្រាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​៩​ថ្នាក់​១​គូ , បាយ​សី​៧​ថ្នាក់​១​គូ , បាយ​សី​៥​ថ្នាក់​១​គូ , បាយ​សី​៣​ថ្នាក់​១​គូ , បាយ​សី​ប៉ា​ឆាម​​១គូ , ស្លា​ធម៌​១​គូ , ទឹក​អប់​១​គូ (ទៀន៥ ធូប៥) , លាច ​៥, ផ្កា ៥ ដាក់​លើ​ជើង​ពាន​១​គូ, ចេក​នួន ចេក​ណា​វ៉ា ដាក់​ពាន​១​គូ ផ្លែឈើ ១១ ​មុខ​រៀប​ដាក់​ជើង​ពាន​១១​គូ , ដូង​ឡៅ​១​គូ ទឹក​ស្អាត ២ កែវ។ ​​

ស្រេច​ហើយ​នៅ​វេលា​ម៉ោង ​ដែល​ទេវ​តា​ចុះ​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្ការ​ព្រះ​រតន​ត្រ័យ​ សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះ​នូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរកម្សាន្តបន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។

អត្ថន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

មែនទែនទៅ ជនជាតិណាក៏ប្រារព្ធធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់គេដែរ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី ។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកម្សាន្ត ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

រយៈពេលមួយឆ្នាំ ម្នាក់ៗបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី ទើបបាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង  រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។

ឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីបានឈានចូលមកដល់ ជាគតិឱ្យយើងពិចារណានូវធម៌សង្វេគថាពេលវេលាចេះតែកន្លងទៅជារៀងរាល់ឆ្នាំ ហើយអាយុកាលរបស់យើងគ្រប់គ្នាក៏អស់​ទៅ​តាម​ឆ្នាំ​ចាស់​ដែលបានរសាត់​បាត់​ទៅ ដូច្នេះយើងមិនគួរប្រមាថ មិនគួរប្រព្រឹត្តអាក្រក់ មិនគួរឈ្លោះទាស់ទែងខ្វែងគំនិតគ្នា មិនគួរលោភលន់ មិនគួរកាប់សម្លាប់គ្នា ឬដណ្ដើមគ្នារស់នោះទេ។ ផ្ទុយមកវិញ យើងគួរតែចែកគ្នារស់ លះបង់នូវទង្វើអាក្រក់ ប្រព្រឹត្តតែទង្វើល្អ បណ្ដុះនូវព្រហ្មវិហារធម៌ សាមគ្គីធម៌ នៅក្នុងដួងចិត្តប្រកបដោយក្ដីមេត្តា ករុណា កតញ្ញូតាឧបត្ថម្ភ​ដល់​ជីដូនជីតា​មាតាបិតា ក៏ដូចជាព្រះសង្ឃ និងចែករំលែកទានដល់​ជន​ដែលមានការខ្វះខាត ទីទ័ល ធ្វើបុណ្យបញ្ជូនកុសលដល់បុព្វការីជន ញាតកាសាច់សាលោហិត មិត្តសម្លាញ់ និងសព្វសត្វទាំងអស់​ដែលបានចែកឋានទៅ និងដើម្បីបានសេចក្ដីសុខចម្រើនសម្រាប់ខ្លួន​ឯង សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ ទាំងបច្ចុប្បន្នកាល និងអនាគតកាល។

អត្ថន័យម្យ៉ាងទៀតក៏ដើម្បីអបអរសាទរចំពោះមរតកកេរដំណែលរបស់បុព្វការីជន ក៏ដូចជាឱ្យចេះថែរក្សា​ការពារនូវប្រពៃណី ទំនៀមទម្លាប់នៃពិធីបុណ្យចូលឆ្នាំ របាំនិងល្បែងប្រជាប្រិយ កុំឱ្យបាត់បង់​ដោយប្រការផ្សេងៗ ហើយក៏ដើម្បីបង្ហាញពីភាពសប្បាយរីករាយរបស់ប្រជាជនខ្មែរ បន្ទាប់ពីប្រមូលផលរួច ក៏ដូចជាអបអរសាទរចំពោះធម្មជាតិ និងផលិតផលកសិកម្មដោយបណ្ដុះនូវក្ដីសង្ឃឹមនាឆ្នាំបន្តៗទៀតផងដែរ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *