ស្វែងយល់ប្រវត្តិ និងអត្ថន័យដ៏ជ្រាលជ្រៅនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ជនជាតិ​ខ្មែរ​យើង មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក ។ ខាងក្រោមនេះ AMS សូមបង្ហាញពីប្រវត្តិ ទំនៀមទម្លាប់ និងអត្ថន័យត្រួសៗនៃពិធីបុណ្យចូលឆ្នាំខ្មែរដោយយោងតាមឯកសារស្រាវជ្រាវ​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖

ប្រវត្តិពិធីបុណ្យចូលឆ្នាំ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។

គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។

លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។

លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។ ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា “ភគវតីសភាសាលា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្ត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

ដោយមាននិទានបែបនេះហើយទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែសិរសាកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។

ឈ្មោះទេពធីតាមហាសសង្ក្រាន្ត ភក្សាហារ (តង្វាយអាហារ) និងគ្រឿងអាភរណៈ (គ្រឿងតែងកាយ) តាមថ្ងៃនីមួយៗ

ថ្ងៃអាទិត្យទុង្សទេវី សៀតផ្កាទទឹមគ្រឿងប្រដាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
ថ្ងៃច័ន្ទគោរាគទេវី សៀតផ្កាអង្គារបុស្សគ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារគោរាក្សសាទេវី សៀតផ្កាឈូកគ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធមណ្ឌាទេវី សៀតផ្កាចម្ប៉ាគ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
ថ្ងៃព្រហស្បតិ៍កិរិណីទេវី សៀតផ្កាមណ្ឌាគ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រកិមិរាទេវី សៀតផ្កា ចង្កុលនីគ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏មហោទរាទេវី សៀតផ្កាត្រកៀតគ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក

ទំនៀមទម្លាប់ក្នុងពិធីបុណ្យចូលឆ្នាំ

ជាទូទៅទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវិរៈ​វនបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ ឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត​។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី ១៤ ក៏មានខ្លះដែរ ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ ៖ ​

ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ សម្អាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក និង ​កាត់​សម្លៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សម្រាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​៩​ថ្នាក់​១​គូ , បាយ​សី​៧​ថ្នាក់​១​គូ , បាយ​សី​៥​ថ្នាក់​១​គូ , បាយ​សី​៣​ថ្នាក់​១​គូ , បាយ​សី​ប៉ា​ឆាម​​១គូ , ស្លា​ធម៌​១​គូ , ទឹក​អប់​១​គូ (ទៀន៥ ធូប៥) , លាច ​៥, ផ្កា ៥ ដាក់​លើ​ជើង​ពាន​១​គូ, ចេក​នួន ចេក​ណា​វ៉ា ដាក់​ពាន​១​គូ ផ្លែឈើ ១១ ​មុខ​រៀប​ដាក់​ជើង​ពាន​១១​គូ , ដូង​ឡៅ​១​គូ ទឹក​ស្អាត ២ កែវ។ ​​

ស្រេច​ហើយ​នៅ​វេលា​ម៉ោង ​ដែល​ទេវ​តា​ចុះ​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្ការ​ព្រះ​រតន​ត្រ័យ​ សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះ​នូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរកម្សាន្តបន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។

អត្ថន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

មែនទែនទៅ ជនជាតិណាក៏ប្រារព្ធធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់គេដែរ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី ។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកម្សាន្ត ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

រយៈពេលមួយឆ្នាំ ម្នាក់ៗបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី ទើបបាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង  រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។

ឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីបានឈានចូលមកដល់ ជាគតិឱ្យយើងពិចារណានូវធម៌សង្វេគថាពេលវេលាចេះតែកន្លងទៅជារៀងរាល់ឆ្នាំ ហើយអាយុកាលរបស់យើងគ្រប់គ្នាក៏អស់​ទៅ​តាម​ឆ្នាំ​ចាស់​ដែលបានរសាត់​បាត់​ទៅ ដូច្នេះយើងមិនគួរប្រមាថ មិនគួរប្រព្រឹត្តអាក្រក់ មិនគួរឈ្លោះទាស់ទែងខ្វែងគំនិតគ្នា មិនគួរលោភលន់ មិនគួរកាប់សម្លាប់គ្នា ឬដណ្ដើមគ្នារស់នោះទេ។ ផ្ទុយមកវិញ យើងគួរតែចែកគ្នារស់ លះបង់នូវទង្វើអាក្រក់ ប្រព្រឹត្តតែទង្វើល្អ បណ្ដុះនូវព្រហ្មវិហារធម៌ សាមគ្គីធម៌ នៅក្នុងដួងចិត្តប្រកបដោយក្ដីមេត្តា ករុណា កតញ្ញូតាឧបត្ថម្ភ​ដល់​ជីដូនជីតា​មាតាបិតា ក៏ដូចជាព្រះសង្ឃ និងចែករំលែកទានដល់​ជន​ដែលមានការខ្វះខាត ទីទ័ល ធ្វើបុណ្យបញ្ជូនកុសលដល់បុព្វការីជន ញាតកាសាច់សាលោហិត មិត្តសម្លាញ់ និងសព្វសត្វទាំងអស់​ដែលបានចែកឋានទៅ និងដើម្បីបានសេចក្ដីសុខចម្រើនសម្រាប់ខ្លួន​ឯង សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ ទាំងបច្ចុប្បន្នកាល និងអនាគតកាល។

អត្ថន័យម្យ៉ាងទៀតក៏ដើម្បីអបអរសាទរចំពោះមរតកកេរដំណែលរបស់បុព្វការីជន ក៏ដូចជាឱ្យចេះថែរក្សា​ការពារនូវប្រពៃណី ទំនៀមទម្លាប់នៃពិធីបុណ្យចូលឆ្នាំ របាំនិងល្បែងប្រជាប្រិយ កុំឱ្យបាត់បង់​ដោយប្រការផ្សេងៗ ហើយក៏ដើម្បីបង្ហាញពីភាពសប្បាយរីករាយរបស់ប្រជាជនខ្មែរ បន្ទាប់ពីប្រមូលផលរួច ក៏ដូចជាអបអរសាទរចំពោះធម្មជាតិ និងផលិតផលកសិកម្មដោយបណ្ដុះនូវក្ដីសង្ឃឹមនាឆ្នាំបន្តៗទៀតផងដែរ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *