សាស្រ្តាចារ្យម្នាក់មកពីសាកលវិទ្យាល័យក្នុងរដ្ឋផ្លរីដាបានបំបែកឯតទគ្គកម្មពិភពលោក ដោយស្នាក់នៅក្រោមទឹកអស់រយៈពេលវែងបំផុត។ លោកមានឈ្មោះថា Joseph Dituri ជាជាមន្ត្រីកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍ និងបច្ចុប្បន្នសាស្រ្តាចារ្យផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ South Florida បានរស់នៅក្នុងផ្ទះសំណាក់ក្រោមទឹក Jules’ Undersea Lodge នៅក្នុងបឹង KEY LARGO ដែលមានជម្រៅ ៣០ ហ្វីត ឬជាង ១៥ ម៉ែត្រដោយ។
យោងតាមសារព័ត៌មាន Florida Keys News ផ្ទះសំណាក់នេះផងដែរត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៨៦ ដោយមុនដំបូងការសាងសង់កន្លែងនេះក្នុងគោលបំណងធ្វើជាមន្ទីរពិសោធន៍ ប៉ុន្តែក្រោយមកទើបកែប្រែមកជាផ្ទះសំណាក់វិញ។

លោក Dituri បាននិយាយថាចាប់តាំងពីថ្ងៃទី ១ ដែលលោកសម្រេចចិត្តទៅរស់នៅក្រោមទឹកបែបនេះមិនមែនក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោកអ្វីនោះឡើយ ពោលគឺលោកចង់ស្វែករកបន្ថែមឱ្យកាន់តែខ្លាំងអំពីភាពអត់ធ្មត់របស់មនុស្សលោកសម្រាប់ការរស់នៅក្នុងពិភពលោកក្រោមទឹកដែលមានសម្ពាធជាមួយបរិយាកាសឯកោ ខ្លាំងបំផុត។ ការរស់នៅក្រោមទឹកគឺត្រូវបានធ្វើឡើងក្រោមគម្រោងដែលមានឈ្មោះថា Project Neptune 100។
គម្រោងនេះផងដែរក៏មានគោលបំណងសិក្សាបន្ថែមអំពីរបៀបដែលរាងកាយ និងផ្លូវចិត្តរបស់មនុស្សឆ្លើយតបនឹងបរិយាកាសមានសម្ពាធខ្លាំង និងដាច់ស្រយាលដូច្នេះ។ មិនត្រឹមប៉ុណ្ណេះ គម្រោងមួយនេះក៏បានរចនាឡើងដើម្បីផ្ដល់ជាប្រយោជន៍ដល់ក្រុមអ្នកស្រាវជ្រាវមហាសមុទ្រ និងអវកាសយនិកក្នុងបេសកកម្មរយៈពេលវែងនាពេលអនាគតផងដែរ។

ដូច្នេះហើយទើបលោកបានចំណាយបីខែ និងប្រាំបួនថ្ងៃក្នុងការរស់នៅក្រោមទឹកធ្វើការពិសោធន៍ និងវាស់វែងនូវជីវិតប្រចាំថ្ងៃរបស់លោកដើម្បីតាមដានពីរបៀបដែលរាងកាយលោកឆ្លើយតបទៅនឹងការកើនឡើងនៃសម្ពាធទៅតាមពេលវេលា។ ផ្អែកតាមប្រភពខាងក្នុងបានរាយការណ៍ថាក្នុងរយៈពេលដែលលោករស់នៅក្រោមទឹក លោកទទួលទានអាហារដែលមានផ្ទុកប្រូតេអ៊ីនច្រើនដូចជាស៊ុត និងត្រីសាលម៉ុនជាដើម រួមជាមួយលំហាត់ប្រាណមួយចំនួនផងដែរ។

យោងតាមប្រធានមូលនិធិ Ian Koblick បានឱ្យដឹងថាមូលនិធិអភិវឌ្ឍន៍ធនធានសមុទ្រជាម្ចាស់របស់ផ្ទះសំណាក់ក្រោមទឹកបានស្នើសុំឱ្យ Guinness បញ្ជាក់វិញ្ញាបនបត្រទទួលស្គាល់លោក ហើយលោកក៏ត្រូវបានគេស្គាល់ថាជា Dr. Deep Sea ថែមទៀតផង។ ដំណឹងមួយនេះបានធ្វើឱ្យសារព័ត៌មានធំៗ និងល្បីៗជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងមិនធម្មតានោះទេ។
ក្រោយពេលបានក្រោកឡើងពីទឹកមកវិញ Joseph Dituri បាននិយាយថាពេលវេលាដែលលោករីករាយបំផុតគឺបានប្រាស្រ័យទាក់ទង និងបង្រៀនអនឡាញទៅដល់សិស្សជិត ៥ ០០០ នាក់មកពី ១២ ប្រទេសខុសៗគ្នា ហើយពួកគេពិតជាយកចិត្តទុកទៅលើការថែរក្សា ការពារ និងធ្វើឱ្យបរិស្ថាននៅសមុទ្រឱ្យមានភាពស្រស់ស្អាតឡើងវិញ។ លើសពីនេះ លោកក៏ត្រូវបានមនុស្សប្រមាណ ៦០ នាក់ផ្សេងទៀតមកលេង និងសួរសុខទុក្ខផងដែរ។ ជាពិសេសលោកបាននិយាយថាលោកពិតជានឹងព្រះអាទិត្យដ៏ស្រស់ស្អាតខ្លាំងថែមទៀតផង៕


























Account
Security
Favourite Content