ប្រទេសជប៉ុន គឺជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានគំនិតច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់បំផុត១ ក្នុងលោក។ ក្រៅពីជំនាញបច្ចេកវិទ្យាដូចជាការផលិតរ៉ុបុត រថយន្តក្តី សូម្បីតែផលិតផលតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានប្រទេសនេះគិតគូរយ៉ាងដិតដល់ និងប៉ិនប្រសប់បំផុត។
ជាក់ស្តែងដូចជាការបញ្ចូលអក្សរស្ទាប ទៅលើកំប៉ុងស្រាបៀរដើម្បីជាជំនួយ ឬដើម្បីធានាថាជនមានពិការភាពភ្នែកមិនច្រឡំជាមួយនឹងភេសជ្ជៈទូទៅដោយប្រការណាមួយ។

តាមធម្មតាមិនថាតែនៅជប៉ុន កម្ពុជា ឬប្រទេសណានោះទេ កំប៉ុងស្រាបៀរ និងភេជ្ជសៈមួយចំនួនធំត្រូវបានដាក់ចូលក្នុងកំប៉ុងអាលុយមីញ៉ូមដូចគ្នា ខណៈរូបរាងស្រដៀងគ្នា ឬខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ជាទូទៅសូដា និងស្រាបៀរ តែងដាក់តាំងលក់នៅកន្លែងជាមួយគ្នា ហើយសម្រាប់ហាងមួយចំនួនគ្រប់ភេសជ្ជៈកំប៉ុងទាំងអស់នឹងដាក់លក់នៅកន្លែងជាមួយគ្នាតែម្តង។ សម្រាប់មនុស្សធម្មតាដែលមានភ្នែកល្អរឿងនេះមិនមែនជាបញ្ហាឡើយ តែសម្រាប់ជនមានពិការភាពភ្នែក ការយកច្រឡំអាចមានលទ្ធភាពខ្ពស់។
ក្រោយយល់ពីបញ្ហានេះ ប្រហែល ១០ ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរជប៉ុនជាច្រើនបានចាប់ផ្តើមបោះត្រា ឬបញ្ចូលពាក្យ «ស្រាបៀរ» ជាអក្សរស្ទាប នៅលើកំប៉ុងដែលជាប់នឹងផ្ទាំងសម្រាប់បើកភេសជ្ជៈឡើង។ វាមិនមែនជាច្បាប់ដែលកំណត់ដោយរដ្ឋាភិបាលជប៉ុននោះទេ ប៉ុន្តែគំនិតនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតស្រាបៀរជប៉ុនផ្ទាល់។
ដោយសារតែវាមិនមែនជាកម្មវិធីរបស់រដ្ឋាភិបាលដែលត្រូវបានកំណត់ថាជាកាតព្វកិច្ច សកម្មភាពនេះត្រូវដាក់កំណត់សម្គាល់ចេញពីក្រុមហ៊ុនផលិតស្រាបៀដោយខ្លួនឯង។ អក្សរស្ទាបនៅលើកំប៉ុងស្រាបៀរទាំងអស់មិនដូចគ្នាឡើយ។ ក្រុមហ៊ុនខ្លះដាក់ថា «អាល់កុល» ក្រុមហ៊ុនខ្លះដាក់ឈ្មោះម៉ាកផលិតផលរបស់ខ្លួនដូចជា «ស្រាបៀរ Kirin» និងក្រុមហ៊ុនខ្លះទៀតគ្រាន់តែដាក់ថា «ស្រាបៀរ» ជាដើម។
បើតាមគេហទំព័រ Vine Pair បានឱ្យដឹងថា ក្រុមហ៊ុនស្រាបៀរនៅជប៉ុនបញ្ចូលអក្សរស្ទាបលើកំប៉ុងមិនត្រឹមតែជួយការពារជនមានពិការភាពភ្នែក ស្រវឹងដោយចៃដន្យ ងាយគ្រោះថ្នាក់តាមដងផ្លូវប៉ុណ្ណោះទេ តែវាក៏ជាសញ្ញាសម្គាល់សម្រាប់មនុស្សដែលមានបញ្ហាសុខភាពពេលផឹកស្រាដែរ។ ភាពខុសគ្នានៃហ្សែនធ្វើឱ្យជនជាតិអាស៊ីមួយចំនួនងាយនឹង «ប្រតិកម្មអាលកុល» បង្កទៅជាអាលែហ្សី ដែលកើតឡើងនៅពេលដែលរាងកាយមិនអាចទទួលយកជាតិអាល់កុលបាន។
វាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេតែវាអាចធ្វើឱ្យមនុស្សម្នាក់រសាប់រសល់ក្នុងខ្លួន ឬមិនស្រួលខ្លួន។ វាអាចបណ្តាលឱ្យឡើងក្រហមនៅលើមុខ លើក និងស្មា ហើយក្នុងករណីខ្លះ ចង្អោរ វិលមុខ ឈឺក្បាល និងអាចធ្វើឱ្យហើមមុខ និងរមាស់ផ្នែកខ្លះនៃរាងកាយ។ ការបញ្ចូលអក្សរស្ទាបលើកំប៉ុងស្រាបៀរជួយដល់មនុស្សពិការភ្នែក និងជួយមនុស្សដែលងាយរងគ្រោះពីការប៉ះពាល់ស្រាបៀរ ពិសេសការធ្វើដំណើរនៅពេលយប់។
គួរបញ្ជាក់ថា នៅប្រទេសជប៉ុន អក្សរស្ទាបនេះមិនមានតែនៅលើកំប៉ុងស្រាបៀរប៉ុណ្ណោះទេ តែវាក៏មាននៅលើរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀត។ វាមានទាំងនៅលើបង្គន់ លើផែនទី លេខកៅអីនៅលើរថភ្លើង លើម៉ាស៊ីនកាក់ និងសូម្បីតែនៅលើដបកាវ៕



























Account
Security
Favourite Content