សាច់រឿងដល់ជក់ចិត្តដិតអារម្មណ៍របស់ភាពយន្ដកុន Avatar: The Way of Water ដែលចាក់ផ្សាយ កាលពីចុងឆ្នាំ ២០២២ ពិតជាធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ជាពិសេសរង់ចាំវគ្គបន្ដដើម្បីចង់ដឹងថា សាច់រឿងនេះនឹងទៅយ៉ាងណាទៀតផងដែរ។ សម្រាប់វគ្គបន្ដគឺ វគ្គ ៣ ដំបូងត្រូវបានរាយការណ៍ថានឹងចេញផ្សាយនៅចុងឆ្នាំ ២០២៤ ខាងមុខ។

តែយ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុន Disney ដែលជាក្រុមហ៊ុនផលិតរឿង Avatar ស្រាប់តែប្រកាសផ្លាស់ប្ដូរថ្ងៃចាក់ផ្សាយវគ្គ ៣ ដោយប្ដូរពីចេញផ្សាយនៅចុងឆ្នាំ ២០២៤ ទៅចុងឆ្នាំ ២០២៥ វិញ។ ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនខកចិត្ត ព្រោះរំពឹងថានឹងបានទស្សនារឿងដ៏មានគុណភាពមួយនេះក្នុងឆ្នាំ ២០២៤។

ផលិតកររឿង Avatar លោក Jon Landau បានបញ្ជាក់ឱ្យដឹងថា៖ Avatar ជារឿងមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍ និងទន្ទឹងរង់ចាំ ប៉ុន្ដែវាក៏ជារឿងមួយដែលត្រូវការពេលវេលាក្នុងការផលិតប្រសិនបើចង់បាននូវគុណភាពល្អ។ រឿងនេះត្រូវការពេលវេលាក្នុងផលិតឱ្យល្អទៅតាមការចង់បានរបស់ក្រុមការងារ និងអ្នកដឹកនាំ មួយវិញទៀតវាត្រូវតែជារឿងដែលល្អលើសការរំពឹងទុក។ ក្រុមការងារកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីនាំយកនូវពិភព Pandora ដ៏អស្ចារ្យមកជូនទស្សនិជនសាជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២៥។

គួររំឭកថា រឿង Avatar ដែលបានចាក់ផ្សាយទាំង ២ វគ្គសុទ្ធតែទទួលបានជោគជ័យខ្លាំង និងទទួលបានការគាំទ្រសរសើរពីមហាជន។ Avatar វគ្គ ១ អាចរកចំណូលបានដល់ទៅ ២,៩ ពាន់លានដុល្លារអាមេរិក និងវគ្គ ២ អាចរកចំណូលបាន ២,៣ ពាន់លានដុល្លារអាមេរិក៕
























Account
Security
Favourite Content