យូរៗម្តងគេឃើញវត្តមានស្រីស្អាត វណ្ណៈ បូរមី ក្នុងភាពយន្ត ហើយល្ងាចមិញនេះ គេបានប្រទះឃើញសោភារូបស្រស់នេះ តែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមពិធីសម្ពោធរឿង «ពពិលខ្មៅ» របស់ផលិតកម្ម Wonder film ដែលរឿងនេះជាស្នាដៃរឿងដុំថ្មីដែលនាងបានចូលរួមសម្តែង។


តារាសម្តែងមុខកំប្លង់ៗនេះឱ្យដឹងថា នេះជាស្នាដៃរឿងដុំថ្មីមួយទៀតរបស់នាង ជារឿងបែបភ័យរន្ធត់ ព្រឺព្រួច ដែលផលិតករទទួលគំនិតបំផុសពីពិធីបង្វិលពពិលក្នុងពិធីមង្គលការរបស់ខ្មែរ មកប្រឌិដ្ឋប្រទាក់គ្នាជាសាច់រឿងលាយឡំមន្តអាគម ផ្លូវងងឹត បង្កើតចេញជាសាច់រឿងដ៏រន្ធត់គួរឱ្យខ្លាចសម្រាប់អ្នកទស្សនា។
កញ្ញាបានបន្តថា ក្នុងរឿង «ពពិលខ្មៅ» នេះ នាងសម្តែងជាតួអង្គឈ្មោះ ខេមា ជាមនុស្សមានជំងឺបាក់ទឹកចិត្ត ហើយត្រូវវិញ្ញាណខ្មោចចូលសណ្ឋិតញឹកញាប់ជាងគេ ថែមទាំងពិការជើងថែមទៀតផង។ បូរមី ចាត់ទុកថា ការសម្តែងតួអង្គមានជំងឺបាក់ទឹកចិត្តជាការ challenge ខ្លួនឯង ព្រោះនាងត្រូវដាក់អារម្មណ៍ស្រងូតស្រងាត់ខ្លាំង គួបផ្សំប្លង់ខ្មោចចូលទៀតនោះ ធ្វើឱ្យនាងមានអារម្មណ៍ព្រឺសម្បុរម្តងៗពេលថតរឿងនោះ។ តែបើនិយាយពីផលលំបាកគឺមិនសូវមានច្រើនប៉ុន្មានទេ សូម្បីអភូតហេតុចម្លែកៗដូចជាខ្មោចចូលពិតៗអំឡុងពេលថតក៏អត់មានដែរ គ្រាន់តែនាងរៀងព្រឺសម្បុរខុសធម្មតាពេលធ្វើដំណើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ដោយសារដាក់អារម្មណ៍តាមតួអង្គរឿងនេះខ្លាំងពេក។



តារាស្រីកូនកាត់ឡាវរូបនោះថា នាងមានក្តីរំពឹងខ្ពស់លើស្នាដៃរឿង «ពពិលខ្មៅ» ព្រោះនាងជឿជាក់លើសាច់រឿង និងការផលិតយ៉ាងសម្រិតសម្រាំងរបស់ផលិតកម្ម Wonder film។ នាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលរួមទស្សនារឿងនេះឱ្យបានច្រើនកុះករ ពិសេសអ្នកនិយមទស្សនរឿងបែបរន្ធត់មិនគួររំលងរឿងនេះឡើយ។
ក្រឡេកទៅមើលអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង លោក សែម វិសាល ឯណោះវិញ ក៏បានលើកឡើងថា ការជ្រើសយក ពពិល» មកផលិតជាសាច់រឿងបែបនេះ គឺដោយសារលោកចង់ចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរមិនឱ្យបាត់បង់ ក៏ដូចជាបង្ហាញឱ្យគេស្គាល់ពីប្រពៃណីបង្វិលពពិលខ្មែរតាមរយៈសាច់រឿងនេះផងដែរ។ ដ្បិតរឿង «ពពិលខ្មៅ» ជារឿងបែបភ័យរន្ធត់ក៏ពិតមែន ប៉ុន្តែគោលដៅចម្បងរបស់លោកគឺចង់បញ្ជ្រាបឱ្យអ្នកទស្សនាយល់ពីតម្លៃគ្រួសារ និងការយោគយល់គ្នាទៅវិញទៅមក។




ផលិតកររូបនេះចង់ឱ្យមហាជនចូលរួមទស្សនាររឿងនេះឱ្យបានច្រើន និងធ្វើការវាយតម្លៃចំពោះសាច់រឿង ហើយផលិតកម្មរីករាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីយកមកអភិវឌ្ឍន៍ការផលិតឱ្យកាន់តែល្អប្រសើរជាងនេះ។ ចង់ដឹងថាសាច់រឿង «ពពិលខ្មៅ» រន្ធត់កម្រិតណានោះ លោកអ្នកអាចទៅទស្សនារឿងនេះគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះតទៅ!





















































Account
Security
Favourite Content