ម្រាមដៃរបស់មនុស្សម្នាក់ៗតែងមានស្លាកស្នាមផ្សេងៗគ្នា ឥតមាននរណាមានដូច ដែលគេអាចទាញយកអត្ថប្រយោជន៍នៃភាពពិសេសនេះ ទៅប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស និងប្រើប្រាស់នៅក្នុងឯកសារសំខាន់ជាច្រើន។
យ៉ាងណាមិញ ក្រៅពីស្នាមម្រាមដៃ ខាងក្រោមនេះគឺជាផ្នែកទាំង ៥នៃរាងកាយ ដែលមានលក្ខណៈពិសេសខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអ្នកវិទ្យាសាស្រ្តអាចយកទៅប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណមនុស្សបាន៖
១. ប្រស្រីភ្នែក

ប្រស្រីភ្នែក គឺជាបណ្ដុំនៃសរសៃដែលសភាពស្មុគស្មាញ កើតឡើងតាំងតែពីទារកនៅក្នុងផ្ទៃម្ដាយម៉្លេះ។ ភាពស្មុគស្មាញនេះ បានធ្វើឱ្យប្រស្រីភ្នែករបស់មនុស្សម្នាក់ៗមានតែមួយគត់ ឥតមាននរណាមានដូច បើទោះបីជាកូនភ្លោះក៏មានប្រស្រីភ្នែកខុសគ្នាដែរ។ ហេតុដូច្នេះហើយ បានជាបច្ចេកវិទ្យាស្កែនប្រស្រីភ្នែក ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។
២. អណ្តាត

អណ្ដាតរបស់មនុស្សតែងមានរូបរាង ស្ថានភាពគ្រើមរលោង និងស្នាកស្នាមផ្សេងៗគ្នា រហូតអ្នកវិទ្យាសាស្រ្តអាចប្រើប្រាស់អណ្ដាត ដើម្បីកំណត់អត្តសញ្ញាណរបស់ម្ចាស់បាន។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាបន្ថែមទៅលើលក្ខណៈពិសេសរបស់អណ្ដាត ដែលអាចនឹងយកទៅប្រើប្រាស់ជាប្រយោជន៍នៅថ្ងៃអនាគតបាន។
៣. ពុម្ពធ្មេញ

ទម្រង់ ទំហំ រូបរាង រួមផ្សំនឹងការកកិតរបស់ធ្មេញនីមួយៗ បានធ្វើឱ្យពុម្ពធ្មេញរបស់មនុស្សម្នាក់ៗមានភាពដាច់ដោយឡែកពីគ្នា។ ដូច្នេះ ពុម្ពធ្មេញអាចប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្សបាន។ ជាញឹកញយ ពុម្ពធ្មេញនេះត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការធ្វើកោសល្យវិច្ច័យ ទៅលើសាកសពដែលមិនអាចសម្គាល់មុខបាន ឬសាកសពដែលស្នាមម្រាមដៃរងការខូចខាត។
៤. ស្លឹកត្រចៀក

ស្លឹកត្រចៀករបស់មនុស្សតែងមានរូបរាងខុសៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បើទោះបីជាកូនភ្លោះក៏មិនអាចមានស្លឹកត្រចៀកដូចគ្នាដែរ។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងតែប្រើប្រាស់បច្ចេកវិទ្យាកំណត់អត្តសញ្ញាណរបស់មនុស្សតាមរយៈស្លឹកត្រចៀក ខណៈប្រទេសបារាំងមានវិធានការកត់ត្រាពីស្ថានភាពស្លឹកត្រចៀក មុខមាត់ និងស្នាមម្រាមដៃរបស់ជនល្មើស ដើម្បីរក្សាទុកជាកំណត់ត្រាឧក្រិដ្ឋកម្មផងដែរ។
៥. DNA

DNA របស់មនុស្ស គឺមានលក្ខណៈផ្សេងៗគ្នា ដែលអាចកំណត់អត្តសញ្ញាណរាប់ចាប់តាំងពី ពណ៌សក់ ពណ៌ភ្នែក និងសូម្បីតែជំងឺប្រឈមរបស់បុគ្គលម្នាក់ៗផង។ យ៉ាងណាមិញ DNA របស់កូនភ្លោះ គឺមានលក្ខណៈដូចគ្នា ខុសប្លែកពីប្រស្រីភ្នែក និងស្លឹកត្រចៀកដែលសូម្បីតែកូនភ្លោះក៏មិនអាចមានដូចគ្នាបាន៕


























Account
Security
Favourite Content