ក្រសួងសុខាភិបាលប្រកាសជូនដំណឹងដល់មហាជនអំពីការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់ក្មេងស្រីដែលមានអាយុ ៩ ឆ្នាំ ដល់ ១៤ ឆ្នាំ ដោយឥតគិតថ្លៃ នៅតាមទីតាំងនិងពេលវេលាដែលបានកំណត់។

ថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសជូនដំណឹងដល់ឪពុកម្ដាយ អាណាព្យាបាលដែលមានកូនស្រីអាយុចាប់ពី ៩ ឆ្នាំ ដល់ ១៤ ឆ្នាំ ដែលពុំធ្លាប់បានទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនពីមុន ត្រូវមកទទួលវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅតាមសាលារៀន តាមភូមិ និងតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ។
ជាមួយគ្នា សម្រាប់ការផ្ដល់វ៉ាក់សាំងនេះដែរត្រូវធ្វើឡើងជា ២ ដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១៖ ចាប់ពីថ្ងៃទី ១០ ដល់ទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅតាមរាជធានីខេត្តចំនួន ១២ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងប៉ៃលិន។
ដំណាក់កាលទី២៖ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៦ នៅក្នុងខេត្តចំនួន ១៣ រួមមាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ។
គួរបញ្ជាក់ថា ថ្នាំបង្ការមហារីកមាត់ស្បូន មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ថែមទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក៕
ចុចទីនេះដើម្បីទស្សនាវីដេអូបន្ថែម ៖https://www.facebook.com/share/v/14wqSAhK79N/

















































Account
Security
Favourite Content