តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១ ឆ្នាំ។

ថ្មីៗនេះ តារាសម្តែងតួស្តេចល្បែងរូបនេះ ទើបតែត្រូវគេប្រទះឃើញនៅហាងកាត់សក់មួយកន្លែង ដោយស្លៀកពាក់បែបសាមញ្ញក្នុងឈុតកីឡាពណ៌ខ្មៅសុទ្ធ។ ទោះបីជាមើលទៅសាមញ្ញមិនលេចធ្លោខ្លាំងក៏ដោយ ក៏លោកនៅតែទាក់ទាញការចាប់អារម្មណ៍តាមរយៈរាងកាយហាប់ណែន និងមានសាច់ដុំ។
អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការថែរក្សារាង ខណៈអ្នកផ្សេងទៀតក៏ត្រូវបានទាក់ទាញចិត្តដូចគ្នាដោយសារតែឫកពាប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលរបស់លោកចំពោះបុគ្គលិកហាងកាត់សក់។

មែនទែនទៅ រាងកាយដ៏គួរឱ្យច្រណែនរបស់លោក Chow Yun Fat គឺមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារតែរបៀបរស់នៅប្រកបដោយសកម្មភាពរវើករបស់លោក ដែលរាប់បញ្ចូលទាំងការដើរភ្នំ ការរត់ប្រណាំង និងការរត់ចម្ងាយឆ្ងាយជាទៀងទាត់។
លោកបានចាប់ផ្តើមទម្លាប់រត់ប្រណាំងកាលពីប្រហែល ១០ ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់លោក។
សារព័ត៌មានហុងកុង Dimsum Daily បានរាយការណ៍ថា លោកបានរត់ចម្ងាយ ៥ គីឡូម៉ែត្រជារៀងរាល់ថ្ងៃអស់រយៈពេលជិត ៨ ឆ្នាំមកហើយ ដែលជាទម្លាប់មួយតារាសម្តែងរូបនេះបាននិយាយថា វាបានជួយកែលម្អឥរិយាបថរាងកាយរបស់លោកយ៉ាងខ្លាំង។
កាលពីដើមខែមករា លោកបានបង្ហាញពីកម្លាំងដ៏មាំមួនរបស់លោកបន្ថែមទៀត ដោយបានរត់ចម្ងាយ ១០ គីឡូម៉ែត្រក្នុងរយៈពេល ២ ម៉ោង និង ២៣ វិនាទី។
នៅពេលនោះ លោកបាននិយាយថា លោកសង្ឃឹមថានឹងក្លាយជាការបំផុសគំនិតឱ្យមនុស្សវ័យចំណាស់កាន់តែច្រើនរក្សាសកម្មភាពរាងកាយ និងចាប់ផ្តើមលេងកីឡា។
ការហាត់ប្រាណគឺជាទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះនៃវិធីសាស្ត្រថែរក្សាសុខភាពរបស់លោក ព្រោះលោក ចូវ ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើរបបអាហាររបស់លោកផងដែរ។ របាយការណ៍បានចង្អុលបង្ហាញថា លោកជៀសវាងអាហារខ្លាញ់ និងអាហារហិរ ព្រមទាំងបង្អែម អាហារប្រៃខ្លាំង និងសាច់កែច្នៃ។ លោកក៏ជៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករផងដែរ ដោយជ្រើសរើសយកអាហារដែលមានតុល្យភាព ដើម្បីជួយរក្សាម៉ាសសាច់ដុំ។
ក្រៅពីការហាត់ប្រាណ និងអាហាររូបត្ថម្ភ លោកក៏មានការចាប់អារម្មណ៍លើវិធីសាស្ត្រថែរក្សាសុខភាពតាមបែបបុរាណផងដែរ។ លោកតែងតែអនុវត្តការម៉ាស្សាជើងជាទៀងទាត់ បន្ទាប់ពីបានរៀនបច្ចេកទេសនេះពីអ្នកជំនាញ និងបានស្វែងយល់ពីសកម្មភាពផ្សេងទៀត រួមទាំងលំហាត់ប្រាណពន្លាតដងខ្លួន (Stretching exercises) និងក្បាច់គុនថៃជី ដើម្បីរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ៕



















































Account
Security
Favourite Content