អាជ្ញាធរជាតិអប្សរាបានសម្រេចបើករនាំងជុំវិញស្រះទឹកខាងជើង ប្រាសាទអង្គរវត្តឡើងវិញ ក្រោយបិទដើម្បីជួសជុលរយៈពេល ៨ ឆ្នាំកន្លងមក។ ភ្ញៀវទេសចរ ដែលទន្ទឹងរង់ចាំជាយូរមកហើយ អាចចូលទៅឈរថតនៅទីតាំងដ៏ស្រស់ស្អាតនេះបានវិញហើយ។

នៅព្រឹកថ្ងៃ ៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលស្រះខាងជើងប្រាសាទអង្គរវត្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
គម្រោងស្រះទឹកខាងជើងប្រាសាទអង្គរវត្ត បានចាប់ផ្តើមសិក្សា ធ្វើកំណាយ និងជួសជុលនៅឆ្នាំ ២០១៩។ គម្រោងនេះឆ្លងកាត់ដំណាក់កាលជួសជុល ៦។ ស្ថានភាពមុនជួសជុល ស្រះទឹកនេះ រងការខូចខាតដោយមានកំណកដីចាក់បំពេញស្ទើរបាត់រូបរាង កាំជណ្តើរកប់ក្នុងដី ថ្មច្រាំងពុកផុយភាគច្រើន ដោយសារបៀមទឹក និងរចនាសម្ព័ន្ធមួយផ្នែកធំរងការខូចខាត និងបាត់។

ក្រោយពីពិនិត្យពិភាក្សាជាមួយក្រុមការងាររួចមក ថ្នាក់ដឹកនាំបានសម្រេចអនុញ្ញាតបើកឲ្យភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា និងថតផ្ដិតរូបភាពនៃទេសភាពរបស់ប្រាសាទអង្គរជាមួយស្រះខាងជើងជាផ្លូវការ ចាប់ពីថ្ងៃ ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅ។
គួរបញ្ជាក់ថា ស្រះខាងជើងនៃប្រាសាទអង្គរវត្ត ជាទីតាំងពេញនិយមក្នុងការថតរូបរបស់ភ្ញៀវដែលទៅលេង ដោយឈរថតពីមុខស្រះ ហើយទឹកស្រះចាំងឆ្លុះកំពូលប្រាសាទអង្គរនៅក្នុងទឹក៕




រូបភាព៖ អាជ្ញាធរជាតិអប្សរា



















































Account
Security
Favourite Content