វត្តចតុរង្គរង្សីរស្មី ហៅ វត្តត្នោតជុំ គឺជាវត្តអារាមបុរាណដ៏ចំណាស់ និងមានសារៈសំខាន់មួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមឯកសាររបស់ការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ខេត្តកំពង់ធំ ព្រះវិហារបុរាណនៅក្នុងវត្តនេះត្រូវបានកសាងឡើងក្នុង ឆ្នាំ១៩៣០ នៃគ្រិស្តសករាជ (ត្រូវនឹងពុទ្ធសករាជ ២៤៧៤)។
ក្រៅពីព្រះវិហារ វត្តត្នោតជុំក៏មានសំណង់បុរាណផ្សេងទៀតដូចជាអគារ ធម្មមន្ទីរ ដែលជាបណ្ណាល័យតម្កល់ធម៌ ឬគម្ពីរផ្សេងៗ មានអាយុកាលជិត ១០០ឆ្នាំ ដោយកសាងតាំងពីអំឡុងឆ្នាំ១៩៣៣ និងរក្សាបាននូវក្បួនខ្នាតរចនាបថស្ថាបត្យកម្មខ្មែរយ៉ាងល្អប្រណីត។

លើសពីនេះទៅទៀត វត្តចតុរង្គរង្សីរស្មីក៏ស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយកេរដំណែលប្រវត្តិសាស្ត្រសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសនៅក្បែរ ប្រាសាទត្នោតជុំខាងជើង (អ្នកស្រុកនិយមហៅថា គុកជើង ឬប្រាសាទកំបុត) កសាងឡើងនៅក្នុងសម័យចេនឡា ក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័នទី១ (អំឡុងសតវត្សរ៍ទី៧) និងប្រាសាទត្នោតជុំខាងលិច (គុកខាងលិច) កសាងឡើងក្នុងសម័យអង្គរ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី១ (ចន្លោះឆ្នាំ ៩៤៤-៩៦៧ នៃគ្រិស្តសករាជ) ដែលជាសក្ខីភាពបង្ហាញពីការតាំងទីលំនៅ និងការគោរពបូជាសាសនារបស់ដូនតាខ្មែរនៅតំបន់នេះតាំងពីបុរាណកាល។


បច្ចុប្បន្ន វត្តចតុរង្គរង្សីរស្មីត្នោតជុំ មិនត្រឹមតែជាទីកន្លែងប្រតិបត្តិព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងរៀបចំពិធីបុណ្យប្រពៃណីធំៗប្រចាំតំបន់ដូចជា បុណ្យកឋិនទាន ពិធីសង្ក្រាន្តឆ្នាំថ្មី និងការប្រណាំងទូកតាមដងស្ទឹងជីនិត នាឱកាសបុណ្យអុំទូកផងដែរ។
អាចនិយាយបានថា វត្តចតុរង្គរង្សីរស្មី (វត្តត្នោតជុំ) គឺជាមរតកវប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏មានតម្លៃដែលយុវជនខ្មែរមិនគួរមើលរំលង។ ការចំណាយពេលទៅទស្សនាផ្ទាល់នៅទីនេះ មិនត្រឹមតែជួយឱ្យយើងបានឃើញពីស្នាដៃដ៏ល្អឯករបស់ដូនតា និងទទួលបានភាពស្ងប់ស្ងាត់ផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងអភិរក្សកេរដំណែលប្រវត្តិសាស្ត្រក្នុងខេត្តកំពង់ធំឱ្យនៅគង់វង្សយូរអង្វែង ៕











រូបភាព៖ Solo Landscapes - Influencer MLMUPC, កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍





















































Account
Security
Favourite Content