ទៅបុណ្យសពកូនមិត្តរួមការងារ ច្រលំពាក់ស្បែកជើងសព ទម្រាំដឹងខ្លួនត្រូវជួបរឿងរន្ធត់ៗជាច្រើន

ខ្ញុំគឺជាបុគ្គលិកផ្នែកអាយធីនិងថតរូបនៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញមួយដែលមានទីស្នាក់ការនៅខេត្តសៀមរាប។ ក្រុមការងារគ្រប់ផ្នែកទាំងអស់មានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។ មីងសឿនជាអ្នកអនាម័យផងនិងជាអ្នកចំអិនម្ហូបសម្រាប់បុគ្គលិកណាដែលញ៉ាំបាយថ្ងៃត្រង់នៅកន្លែងធ្វើការផង។ គាត់មានកូនប្រុសស្រីចំនួនបីនាក់ហើយសារ៉ាត់គឺជាកូនប្រុសទីពីរអាយុ ២០ឆ្នាំជានិស្សិតឆ្នាំទីបីផ្នែកអក្សរសាស្ត្រអង់គ្លេស។ កាលពីខែមីនា សារ៉ាត់បានបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើងនៅឯផ្ទះក្នុងខេត្តកំពង់ឆ្នាំង។ ដំណឹងនេះបានធ្វើឱ្យពួកយើងមានការសោកស្តាយយ៉ាងខ្លាំង ហើយគ្រប់គ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ។

ព្រឹកថ្ងៃសៅរ៍ត្រូវជាថ្ងៃទី២នៃបុណ្យសព ក្រុមការងារចំនួន ៦នាក់រៀបចំចេញដំណើរពីព្រលឹមឆ្ពោះទៅខេត្តកំពង់ឆ្នាំង។ មានតែខ្ញុំនិងពូតៃកុងឡានប្រចាំអង្គការទេដែលជាបុរសក្រៅពីហ្នឹងបុគ្គលិកផ្នែកផ្សេង ៤នាក់ទៀតជានារី។ ធ្វើដំណើរប្រហែលជាបួនម៉ោងទើបមកដល់ផ្ទះមីងសឿននៅចុងភូមិមួយដែលស្ថិតនៅទីជនបទដាច់ស្រយាលឆ្ងាយពីទីប្រជុំជនហើយផ្លូវធ្វើដំណើរវិញក៏ពិបាកទៀត។ ពួកយើងទៅដល់សម្រាកពិសាបាយថ្ងៃត្រង់រួចសិន ទើបនាំគ្នាចាត់ចែងជួយរៀបចំតុកៅអី ចានស្លាបព្រាសម្រាប់ទទួលភ្ញៀវ។ កំពុងញ៉ាំបាយ មីងសឿនប្រាប់ថាយប់នេះទៅសម្រាន្តនៅផ្ទះបងស្រីគាត់នៅភូមិមួយទៀតទៅព្រោះផ្ទះនោះធំទូលាយមានបន្ទប់ស្អាតបាត។ លឺហើយខ្ញុំត្រេកអរណាស់ និយាយតាមត្រង់ទៅខ្ញុំជាមនុស្សខ្លាចខ្មោចបំផុត ហើយកម្រចូលរួមបុណ្យសពណាស់…។

ល្ងាចនោះភ្ញៀវជាច្រើនបានមកចូលរួម ខ្ញុំនិងអ្នកឯទៀតទទួលភ្ញៀវដើរចុះឡើងស្ទើតែលើកជើងលែងចង់រួច…។ មេឃងងឹតទៅៗភ្ញៀវក៏ចាប់ផ្តើមស្រាក ហើយសភាពក្នុងភូមិក៏ប្រែមកជាស្ងាត់ឱ្យឈឹងតែម្តង។ ងាកមើលទៅក្រៅឃើញតែទង់ក្រពើពណ៌-ស-បក់រវឹកៗតាមកម្លាំងខ្យល់ត្រជាក់លាយឡំនឹងសម្លេងស្មូតបន្លឺឡើងតិចៗ។ បើសម្លឹងទៅតាមផ្លូវក្នុងភូមិវិញគឺមើលអ្វីមិនឃើញឡើយស្របពេលផ្ទះអ្នកភូមិនីមួយៗហាក់ដូចជាមិនបើកភ្លើងបំភ្លឺផ្ទះអ្វីសោះ ម៉ោងទើបតែជាង៨ជាងទេតែនាំគ្នាបិទទ្វារបិទភ្លើងចូលក្នុងផ្ទះអស់រលីង។ ចំពេលភ្ញៀវត្រឡប់ទៅផ្ទះបណ្តើរៗ ខ្ញុំក៏ឆ្លៀតពេលដើរទៅឡានរកប្តូរស្បែកជើងប៉ាត់តាចេញ ព្រោះឈឺជើងពេកហើយយកស្បែកជើងក្រវ៉ាត់កែងរបស់ខ្ញុំមកពាក់វិញ។

កំពុងកាន់គំនរចានទៅកន្លែងលាង លោកតាអាចារ្យម្នាក់ហៅខ្ញុំឱ្យជួយសែងបាវអង្ករចូលបុណ្យយកទៅទុកក្នុងផ្ទះបាយព្រោះខ្លាចភ្លៀងទទឹក។ សែងហើយខ្ញុំក៏ជួយរៀបចំដាក់បាវអង្ករទាំងនោះក្បែរជើងក្រានរួចទើបចេញមកវិញ តែស្បែកជើងរបស់ខ្ញុំបានបាត់ទៅហើយ មិនដឹងអ្នកណាយកពាក់ទេព្រោះមនុស្សម្នាចេញចូលរហូត! អីក៏លឿនម្ល៉េះ? គិតរកដោះទាល់មួយគ្រា ខ្ញុំក៏ស្រវ៉ាយកស្បែកជើងស៊កពណ៌ត្នោតដែលគេទុកចោលនៅមាត់ទ្វារខាងក្នុងផ្ទះមកពាក់សិន រួចដើរចេញរកមនុស្សដែលពាក់ស្បែកជើងរបស់ខ្ញុំ។

ពេលខ្ញុំចេញដើរមកខាងមុខផ្ទះវិញស្រាប់តែរោងបុណ្យប្រែមកជាស្ងាត់ឱ្យឈឹងត្រឹមមួយរំពេចសោះ បាត់ភ្ញៀវទៅណាអស់ហើយ? ភ្លើងអំពូលម៉ែត្រខ្លះក៏ត្រូវបានគេពន្លត់អស់ទៀត។ ខ្ញុំចាប់ផ្តើមព្រឺឆ្អឹងខ្នងខ្ញាកៗដើររកមើលមនុស្សម្នានិងក្រុមការងាររបស់ខ្ញុំតែអត់ឃើញពួកគាត់ទេ។ ខ្ញុំដើរមកដល់ចំហៀងផ្ទះខាងលិចឃើញតុរបស់ក្រុមចុងភៅកំពុងអង្គុយផឹកស្រាជជែកគ្នា និងតុអ្នកភូមិពីរបីនាក់ជុំគ្នាលេងបៀរផឹកស្រារកំដរបុណ្យនៅក្រោមដើមដូង។

រន្ទះនិងផ្ទរលាន់ក្តែងៗដេញតាមពីក្រោយខ្នងខ្ញុំដែលកំពុងដើររកមើលឡានតែវាបានបាត់ទៅហើយ។ ខ្ញុំខឹងណាស់រៀបនឹងយកទូរស័ព្ទចុចទៅក្រុមការងារ តែសារ៉ុន បងប្រុសរបស់សារ៉ាត់ក៏ចុះមកពីលើផ្ទះពាក់អាវយឺតពណ៌-ស-ខោពណ៌ខ្មៅ ធ្វើឱ្យខ្ញុំភ្ញាក់ស្ទើលោះព្រលឹង។ គេញញឹមស្ងួតដាក់ខ្ញុំរួចនិយាយថា

            “បងវុទ្ធ ក្រុមការងារបងឯងទៅផ្ទះអ៊ុំស្រីខ្ញុំមុនបាត់ហើយ ទៅជាមួយអ៊ុំស្រីហ្មង។”

            “ហាក ម៉េចបានធ្វើអីចឹង? ហីទៅចោលគ្នាចឹងហ្មង? យ៉ាប់មែន!!”

“អត់ទេ គាត់រកបងឯងតើ តែរកអត់ឃើញ ណាមួយខ្លាចភ្លៀងផង អ៊ុំស្រីប្រញាប់ទៅរៀបអីវ៉ាន់។ តែភ្លៀងមក ដឹងតែពិបាកបើកឡានណាស់ ហើយយប់ទៀត។”

“ហ៊ើយយ ម៉េចក៏ដោយ…បងនៅតែជិតហ្នឹងសោះ រកអត់ឃើញដែរ ទូរស័ព្ទមានមិនព្រមតេ ឆ្ងល់ដល់ហើយ!”

“តែបងកុំភ័យ ចាំខ្ញុំជូនបងឯងទៅ។ បងឯងចង់ទៅឥឡូវមែន?”

            “ហ្នឹងហើយ តស់ៗ!”

សារ៉ុន ដើរទៅយកម៉ូតូចេញមកហើយជិះចេញមកឌុបខ្ញុំ តែខ្ញុំរារែក អត់ហ៊ានជិះខាងក្រោយ

            “ឱ្យបង ជាអ្នកបើកវិញហី? ប្អូនឯងចាំប្រាប់ផ្លូវពីក្រោយទៅ”

            “អ៎ អីចឹង ក៏បានដែរបង!”

ខ្ញុំបើកម៉ូតូឌុបសារ៉ុនទាំងមិនហ៊ានងាកក្រោយ និងមិនហ៊ានសូម្បីតែមើលកញ្ចក់ម៉ូតូ។ ជិះបានប្រហែលជា ១០នាទីនៅលើដងផ្លូវលំដែលមានគ្រហុកធំៗ ខ្ញុំចេះតែមានអារម្មណ៍ថាស្រាលហាក់មិនមានទំងន់អ្វីនៅពីក្រោយ។ តែខ្ញុំអត់ហ៊ានងាកក្រោយទេ គិតតែពីខំមើលផ្លូវ បើកទៅមុខមិនឈប់

            “សារ៉ុន ជិតដល់ហើយនៅ?”

សួរហើយមិនលឺគេឆ្លើយសោះ​ ខ្ញុំក៏សួរដដែលៗឱ្យតែបានលឺដើម្បីបន្លប់ការភ័យខ្លាចតែម្នាក់ឯង ស្រាប់តែភ្លាមនោះម៉ូតូក៏រលត់ម៉ាស៊ីនពេលកំពុងជិះមកដល់មុខផ្ទះថ្មមួយខ្នងសង់ដាច់ឆ្ងាយពីគេ តែបើកអំពូលម៉ែត្រមួយចោលត្រង់មាត់ទ្វារចូលផ្ទះ។ ខ្ញុំជន្លាស់ជន្ទល់ហើយចុះពីម៉ូតូ ស្រាប់តែឃើញថាអត់មានមនុស្សជិះពីក្រោយខ្នងខ្ញុំទេ…ខ្ញុំចាប់ផ្តើមភ័យញ័រត្រជាក់់ដៃជើង ហារមាត់មិនចង់រួច

            “សា…រ៉ុនៗ?”

ខ្ញុំឈរទាំងមិនចង់នឹងខ្លួនសម្លឹងជុំវិញរកមើលថាតើមានមនុស្សម្នាឯណានៅម្តុំនេះទេ តែស្ងាត់ឱ្យឈឹងតែម្តងចង់រត់ទៅខាងណាក៏មិនដឹងព្រោះមិនស្គាល់ភូមិសាស្ត្រ។ ក្រឡេកម្តងទៀតទៅកាន់ផ្ទះថ្មមួយខ្នងនោះ ក៏បានឃើញស្ត្រីមា្នក់ឈរបក់ដៃហៅខ្ញុំ ទេដឹង? តែខ្ញុំមានអារម្មណ៍ថាមិនមែនមនុស្សទេ ខ្ញុំព្យាយាមរត់ថយក្រោយចោលម៉ូតូគេចចេញពីតំបន់នោះ។ តែភ្លាមៗក៏បានឃើញរថយន្តក្រុមការងារខ្ញុំបើកទៅដល់ផ្ទះថ្មនោះ ពួកគេនាំគ្នាចុះទាំងងាកមករកខ្ញុំរួចបក់ដៃហៅ។ ខ្ញុំស្រឡាំងកាំងមិនដឹងថាគួរបន្តរត់គេចចេញ ឬរត់ចូលនោះទេ។ ពូកៃកុងឡានឈរបក់ដៃខ្ញុំ ហើយខ្ញុំក៏សម្រេចចិត្តរត់ទៅរកគាត់។ កាន់តែរត់ចូលទៅជិត មានអារម្មណ៍ថាផ្ទះនោះនៅឆ្ងាយពីខ្ញុំកាន់តែឆ្ងាយទៅៗ…

នេះមិនមែនជាការពិតទេ! ខ្ញុំលុតជង្គង់ចុះហើយបិទភ្នែកព្យាយាមបញ្ជាក់ប្រាប់ខ្លួនឯងថាវាជាសុបិន្តទេៗ…! ខ្ញុំបើកភ្នែកឡើងសារជាថ្មី តែអ្វីៗមិនបានប្រែប្រួលឡើយ…។​ ខ្ញុំពិតជាត្រូវបានខ្មោចលងយ៉ាងពិតប្រាកដឬ? ហេតុអ្វីលងខ្ញុំតែម្នាក់ឯង?

ខ្ញុំខឹងខ្លាំងណាស់…! ខ្ញុំខំតាំងស្មារតីហើយយកទូរស័ព្ទចុចទៅក្រុមការងា តែគ្មានសេវាសូម្បីតែមួយកាំ! ស្រុកស្អីអញ្ចេស? ចង្រៃយ៎នេះ! រៀបនឹងហៅចេញម្តងទៀត ក៏មានអារម្មណ៍ថាមានគេកេះខ្នងខ្ញុំពីក្រោយ។ ខ្ញុំភ័យណាស់ហើយសម្លឹងមើលរបស់ណាដែលនៅក្បែរដៃ ក៏បានឃើញដុំធ្មធំល្មមមួយដុំ។ ខ្ញុំស្រវ៉ាចាប់វាថ្នមៗ ហើយងាកមើលទៅក្រោយ ក៏ឃើញសារ៉ាត់!

គឺសារ៉ាត់កំពុងឈរត្រង់ខ្លួនពេញកំពស់ញញឹមដាក់ខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ទាំងស្លុតចិត្តធ្លាក់ដុំថ្ម និងទូរស័ព្ទពីដៃដួលផ្ងារក្រោយ។ សារ៉ាត់ និយាយមកកាន់ខ្ញុំទាំងសម្លេងមួយៗ ថ្នមៗថា

“…បង វុទ្ធ…! ខ្ញុំអត់មានស្បែកជើងពាក់ទេបង…គេទៅចោលខ្ញុំឥឡូវហើយ ខ្ញុំអត់ហ៊ានដើរទៅម្នាក់ឯងទេ ខ្យល់បក់ខ្លាំងណាស់ ខ្ញុំខ្លាចភ្លើងរលត់…”

ខ្ញុំដែលកំពុងវាថយក្រោយស្តាប់ទាំងខ្លាចភិតភ័យដកដង្ហើមលែងចង់ដល់គ្នា និយាយអ្វីមិនចេញគិតអ្វីក៏មិនឃើញ

            “…ខ្ញុំសុំ ស្បែកជើងខ្ញុំ វិញមក បង…”

ខ្ញុំប្រញាប់ដោះស្បែកជើងគ្រវាត់ចេញទៅមុខហើយសារ៉ាត់ពាក់វារួចក៏ដើរចេញបាត់ទៅ…។

ខ្ញុំប្រញាប់ក្រោកឡើងហើយរត់ត្រឡប់ក្រោយទាំងភ័យខ្លាច និងជើងទទេរសំដៅទៅផ្ទះបុណ្យសពវិញ…។ ខ្ញុំរត់ទាំងនឹកគិតថាតើពេលជិះមកខ្ញុំបានជិះបត់ចុះឡើងយ៉ាងម៉េចខ្លះ។ កំពុងរត់កាត់ផ្លូវមានព្រៃឈើសងខាងទាំងមានខ្យល់បក់បោក មេឃរកកលចង់ភ្លៀង ក៏លឺសម្លេងហាក់ដូចជាមនុស្សជជែកគ្នាបែបរងំៗស្របគ្នានឹងសត្វលលកខ្មោចយំស្រែកគួរឱ្យព្រឺព្រួច។ សម្លេងសើចក្អា្កកក្អាយលាន់កងរំពងពេញដងផ្លូវនិងពីក្នុងព្រៃ ហើយពេលខ្លះដូចជាលឺសម្លេងស្រែកហៅឈ្មោះរបស់ខ្ញុំ។ រត់ផុតពីព្រៃមួយនោះហើយ ខ្ញុំក៏បានឃើញពន្លឺអំពូលភ្លើងនៅខាងមុខចំងាយប្រហែលជា ៣០០ម៉ែត្រពីផ្ទះបុណ្យសព។

ខ្ញុំបង្អង់ល្បឿនរត់រួចប្រញាប់ចូលទៅក្នុងបរិវេនរោងបុណ្យរកមើលមនុស្សម្នា។ ស្រាប់តែឃើញក្រុមការងាររបស់ខ្ញុំនិងអ្នកភូមិ កំពុងចោមរោមមើលអ្វីម្យ៉ាងនៅក្បែរផ្ទះបាយ។ ខ្ញុំចូលទៅមើលស្រាប់តែឃើញខ្លួនឯង! គឺខ្លួនឯងដែលកំពុងតែអង្គុយស្ងៀមធ្មឹងនៅលើកៅអីជ័រមួយភ្នែកសម្លឹងមើលទៅមុខ តែគ្មានទិសដៅ។ ពូតៃកុងឡាននិងលោកតាចាស់ម្នាក់កំពុងច្របាច់ដើមដៃរបស់ខ្ញុំ ហើយនៅក្បែរនោះឃើញមានប្រេងកូឡា ចានដាក់ចេកមួយស្និតនិងធូបអុជដោតក្បែរនោះ។ ក្រុមការងារជានារីៗដែលមកជាមួយខ្ញុំកំពុងតែយំខ្សិបខ្សួលបួងសួងសុំឱ្យខ្ញុំត្រឡប់ទៅវិញ និងព្យាយាមដាស់ស្មារតីខ្ញុំឱ្យភ្ញាក់។ ខ្ញុំស្លុតចិត្តខ្លាំងណាស់ ខ្ញុំស្លាប់ហើយមែនទេ? មិនពិតទេ! ខ្ញុំចាប់ដៃរបស់ពួកគេតែពួកគេឥតមានអារម្មណ៍ប៉ះពាល់អ្វីឡើយ ខណៈដែលពួកគេចាប់ដៃរបស់ខ្ញុំម្តងទៀត សុំឱ្យខ្ញុំដឹងខ្លួនឡើងវិញ…

បន្តិចក្រោយមកខ្ញុំក៏បានដឹងខ្លួនឡើងវិញទាំងមានអារម្មណ៍ថាដូចជាបានដេកលក់អស់រយៈពេលយ៉ាងយូរមកហើយអីចឹង។ ភ្លាមៗខ្ញុំមិនចងចាំអ្វីទាំងអស់ វាគឺទទេរស្អាត! ខ្ញុំមិនដឹងថាខ្លួនឯងនៅកន្លែងណា តែក្រោយពីគ្រប់គ្នានិយាយប្រាប់ទើបខ្ញុំបានយល់ដឹងមកវិញបន្តិចម្តងៗ។ ខ្ញុំបានយកស្បែកជើងរបស់សារ៉ាត់ប្រគល់ឱ្យមីងសឿនទាំងនិយាយដោយមិនដឹងខ្លួនថាខ្ញុំមិនគួរបំពានទ្រព្យរបស់អ្នកណាទេ។ មីងក៏ភ្ញាក់ផ្អើល ហើយគ្រប់គ្នាបានប្រាប់ខ្ញុំថាកំឡុងមុនពេលខ្ញុំភ្លឹកស្មារតី គេដូចជាបានលឺខ្ញុំព្យាយាមនិយាយ ទាំងសម្លេងមិនដូចជាខ្ញុំថា

            “…..ខ្ញុំ សុំ ស្បែកជើងខ្ញុំ វិញ មក…!”

ខ្ញុំដើរទៅរកមើលទៀនកល្បដែលបានដុតបំភ្លឺកំពុងបក់រវឹកៗ ជាមួយនឹងល្អីដាក់ស្រូវពន្លៃស្ថិតនៅក្បែរម្ឈូសរបស់សារ៉ាត់ដែលត្រូវបានតំកល់នៅលើមេន និងបន់ស្រន់សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សារ៉ាត់បានទៅកាន់សុគតិភពផងចុះ…។

នៅពេលខ្ញុំរួចផុតពីគ្រោះថ្នាក់ ពួកយើងក៏ទៅស្នាក់នៅផ្ទះអ៊ុំស្រីមួយយប់ ស្អែកព្រឹកនឹងទៅសៀមរាបវិញ។ ប៉ុន្តែមីងសឿនបានបញ្ជាក់ថា បងស្រីគាត់ជាម្ចាស់ផ្ទះហ្នឹងបានទទួលអនិច្ចកម្ម ៥ឆ្នាំមកហើយ រីឯផ្ទះហ្នឹងយូរៗបានទៅមើលម្តង…៕

និពន្ធរឿងដោយ៖ សេង រស្មី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់