នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិកទាំង ១០ ប្រចាំក្រុមនេះ។

លោក Yang Hyun Suk បានចាប់ផ្ដើមដោយនិយាយថា៖ “ពាក់ព័ន្ទនឹងក្រុម TREASURE មានរឿងខ្លះដែលខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាមកជាយូរដែរហើយ។ វាជារឿងដែលគួរឱ្យសោកស្ដាយណាស់ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ”។
“តាមរយៈកម្មវិធី YG TREASURE BOX យើងបានជ្រើសរើសមាជិកក្រុម TREASURE ប៉ុន្តែនៅពេលដែលយើងហៀបនឹងឱ្យពួកគេបង្ហាញខ្លួនជាផ្លូវការ វិបត្តិជំងឺរាតត្បាត (Covid-19) ក៏បានមកដល់នៅពេលដែលសំខាន់ដូច្នេះ ហើយបន្តអស់ជាង ៣ ឆ្នាំទៀត។ វាកាត់ផ្ដាច់យើងពីការធ្វើទីផ្សារនៅលើឆាកអន្តរជាតិស្ទើរទាំងស្រុង។ ខណៈការផ្សព្វផ្សាយអាល់ប៊ុមថ្មីគឺជារឿងពិបាកបំផុតមួយ”។ លោក Yang Hyun Suk បន្តដូច្នេះ។
ស្ថាបនិកវ័យ ៥៦ឆ្នាំ បាននិយាយទៀតថា៖ “លើសពីនេះទៅទៀត នៅពេលនោះ ខ្ញុំក៏កំពុងជួបប្រទះនូវបញ្ហាផ្ទាល់ខ្លួនជាច្រើន ដែលចងដៃចងជើងខ្ញុំ។ វាបានក្លាយជាសម្ពាធផ្លូវចិត្តសម្រាប់ខ្ញុំរហូតមក ដែលខ្ញុំមិនអាចធ្វើការឱ្យអស់ពីសមត្ថភាពសម្រាប់អាល់ប៊ុមរបស់ TREASURE”។

និយាយពីអាល់ប៊ុមថ្មីវិញ Yang Hyun Suk បាននិយាយថា៖ “ដោយឡែក នេះគឺជាអាល់ប៊ុមដែលខ្ញុំខ្លួនឯងស្រឡាញ់បំផុត។ ខ្ញុំសង្ឃឹមថាជំពូកថ្មីសម្រាប់ TREASURE នឹងចាប់ផ្ដើមឡើងក្រោមមេឃដ៏ស្រឡះ”។
ដ្បិតមិនទាន់អាចបញ្ចេញព័ត៌មានលម្អិតនៅពេលនេះក្ដី តែ YG បានបង្ហើបថា អាល់ប៊ុមខ្នាតតូចសម្រាប់ឆ្នាំ ២០២៦ របស់ TREASURE គ្រោងនឹងចេញផ្សាយនៅថ្ងៃ ១ ខែមិថុនា ខាងមុខ។ អាល់ប៊ុមខ្នាតតូចនេះនឹងមានបទចម្រៀងថ្មីចំនួន ៤ បទ ដែលសុទ្ធសឹងតែកើតចេញពីតន្ត្រីហ៊ីបហប។
មុននឹងបញ្ចប់ ទីភ្នាក់ងារនេះ ក៏បានអរគុណដល់ការគាំទ្រក្នុងគ្រាកន្លងមក ស្របគ្នានឹងការសំណូមពរឱ្យអ្នកគាំទ្ររង់ចាំមើលជំពូកថ្មីរបស់ក្រុម TREASURE ក្នុងស្ទីលជាក្រុមចម្រៀងហ៊ីបហបផងដែរ៕























Account
Security
Favourite Content