YG Entertainment ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំទាំង ៤ ឬ Big 4 ក្នុងវិស័យខេប៉ុប នៅពេលនេះកំពុងប្រឈមការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូល បន្ទាប់ពីក្រុម BLACKPINK ត្រូវផ្អាកសកម្មភាពអស់រយៈពេលជាយូរមក។

អ្នកស្រាវជ្រាវនៅក្រុមហ៊ុន DAOL Investment & Securities អ្នកនាង Kim Hye Yeong បាននិយាយកាលពីថ្មីៗនេះថា ការលក់ជារួមរបស់ក្រុមហ៊ុន YG Entertainment សម្រាប់ត្រីមាសទី២ឆ្នាំនេះត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ 35.8% ធៀបនឹងឆ្នាំមុនមកនៅត្រឹម 73.4 លានដុល្លារ ខណៈប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះ 98.9% នៅសល់ត្រឹម ប្រហែល 217,000 ដុល្លារ។ អ្នកនាងបន្ថែមថា ចំណែកសំខាន់ក្នុងការរកចំណូលនៅត្រីមាសទីពីររបស់ YG គឺការលក់អាល់ប៊ុមរបស់ក្រុមនារីថ្មី BABYMONSTER និងចំណូលពីការប្រគំតន្ត្រីរបស់ក្រុមបុរស TREASURE។
ទោះយ៉ាងណា ប្រាក់ចំណូលពីកម្មសិទ្ធិបញ្ញាបទចម្រៀងរបស់ក្រុមដែលនៅសកម្មទាំងពីរមិនសូវអំណោយផលនោះទេ។ ប្រាក់ចំណេញអាចនឹងកើនឡើងចាប់ពីឆ្នាំក្រោយ បើគ្រប់គម្រោងរបស់ក្រុមទាំងពីរដំណើរការបានល្អ ប៉ុន្តែក្នុងឆ្នាំនេះនឹងមិនសូវមានកំណើនគួរឱ្យកត់សម្គាល់ឡើយ។ តម្លៃភាគហ៊ុនរបស់ YG ក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ ទន្ទឹមនឹងការរំពឹងមិនសូវល្អលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
កាលពីចុងឆ្នាំ២០២៣ YG និង BLACKPINK បានបន្តកិច្ចសន្យាសម្រាប់សកម្មភាពជាក្រុមរបស់ពួកគេ ប៉ុន្តែសមាជិកម្នាក់ៗមិនបានបន្តកិច្ចសន្យាសម្រាប់ការងារទោលនោះទេ។ អ្នកវិភាគជឿថាភាពមិនច្បាស់លាស់ជុំវិញសកម្មភាពក្រុមរបស់ BLACKPINK កំពុងជះឥទ្ធិពលយ៉ាងអវិជ្ជមានទាំងតម្លៃភាគហ៊ុន និងប្រាក់ចំណូល។
លោក Kim Hyun Yong ជាអ្នកវិភាគនិងស្រាវជ្រាវពីក្រុមហ៊ុន Hyundai Motor Securities បាននិយាយថា ដើម្បីអាចស្ដារស្ថានភាពឡើងវិញបានលុះត្រាតែ ក្រុម BLACKPINK អាចបន្តសកម្មភាពឡើងវិញនៅឆ្នាំក្រោយ ហើយក្រុម BABYMONSTER ត្រូវតែទទួលជោគជ័យឱ្យបានដូចសិស្សច្បងរបស់ពួកគេ ៕
























Account
Security
Favourite Content