ដ្បិតរឿងភាគ The White Lotus រដូវកាលទី៣ ទើបតែបានចាក់បញ្ចាំងដល់ភាគទី ៥ក្ដី ក៏ប៉ុន្តែប្រទេសថៃចាប់ផ្ដើមទទួលបានផលប្រយោជន៍ខ្លាំងពីភាពយន្តមួយនេះបាត់ទៅហើយ ខណៈការចាប់អារម្មណ៍របស់ភ្ញៀវទេសចរមានសន្ទុះហក់ឡើងខ្លាំង។

រឿងភាគនិយាយពីជីវិតអ្នកមានអំឡុងពេលវិស្សមកាលរបស់ HBO កំពុងតែចាក់បញ្ចាំងនូវរដូវកាលថ្មីរបស់ខ្លួន ដោយសាច់រឿងក្នុងរដូវកាលទី ៣នេះ កើតឡើងនៅលើទឹកដីកោះ Samui ប្រទេសថៃ។ ភាពយន្តមួយចំណងជើងនេះមិនត្រឹមតែទទួលបានភាពជោគជ័យក្នុងនាមជាភាពយន្តភាគប៉ុណ្ណោះទេ តែបន្ទាប់ពីការចាក់ផ្សាយរដូវកាលចាស់ទាំង ២រួច រឿងភាគមួយចំណងជើងនេះក៏បាននាំយកប្រជាប្រិយភាពទៅកាន់ទីតាំងថតរឿងផងដែរ។
ជាក់ស្ដែង ក្រោមងារថា “ឥទ្ធិពល White Lotus” ភាពយន្តមួយនេះបានធ្វើឱ្យកំណើននៃភ្ញៀវទេសចរនៅកោះ Hawaii ដែលជាទីតាំងថតក្នុងរដូវកាលទី ១ និងកោះ Sicily នៃប្រទេសអ៊ីតាលី ដែលជាទីតាំងថតក្នុងរដូវកាលទី ២ មានការកើនឡើងរហូតដល់ទៅ ៣០០ភាគរយ។ នេះបើយោងតាមសារព័ត៌មាន Independent។
លោក Thapanee Kiatphaibool អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បានប្រាប់កាសែត The Wrap ថា៖ “យើងមានទំនុកចិត្តលើចក្ខុវិស័យច្នៃប្រឌិតរបស់ក្រុមការងារ The White Lotus ដើម្បីបង្ហាញនូវអ្វីដែលប្រទេសយើងអាចផ្ដល់ជូនភ្ញៀវទេសចរ។ យើងជឿជាក់ថា ភាពយន្តភាគនេះនឹងបង្ហាញប្រទេសថៃនៅក្នុងរូបភាពវិជ្ជមាន ដោយទាក់ទាញអ្នកទស្សនាទូទាំងពិភពលោកឱ្យមកទទួលយកបទពិសោធន៍ដ៏ទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏ពិសេសរបស់យើង”។

ទន្ទឹមគ្នានេះ លោក Siripakorn Cheawsamoot អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃប្រចាំទ្វីបអ៊ឺរុប អាហ្រ្វិក ប្រទេសមជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក បានយល់ឃើញថា៖ “ការថតរឿង The White Lotus នៅក្នុងប្រទេសថៃ មិនត្រឹមតែបង្ហាញពីសម្រស់ធម្មជាតិ និងគោលដៅទេសចរណ៍ល្បីៗលំដាប់ពិភពលោកប៉ុណ្ណោះទេ តែក៏បានបង្ហាញពីស្ដង់ដារសេវាកម្មលំដាប់ First-class របស់ប្រទេសថៃផងដែរ”។
លោកបានបន្តថា៖ “ខណៈពេលដែលភាពយន្តនេះផ្ទាល់អាចទាក់ទាញភ្ញៀវទេសរណ៍និយាយភាសាអង់គ្លេសពីអឺរ៉ុប និងអាមេរិក ការចូលរួមសម្ដែងរបស់ Lisa កំពុងតែទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសអាស៊ាន”។
ជាការពិត ប្រទេសថៃចាប់ផ្ដើមទទួលបានផលប្រយោជន៍ ចាប់តាំងពីភាពយន្តមួយនេះបញ្ចេញនូវរដូវខ្លី Teaser របស់ខ្លួនមកម្ល៉េះ ដោយគេហទំព័រ Hotels.com បានរាយការណ៍ថា ចំនួននៃការស្វែងរកកោះ Samui នៅលើគេហទំព័រមានកំណើនរហូតដល់ទៅ ៤០ភាគរយ។

បន្ទាប់ពីនេះ ក្រោយការចាក់ផ្សាយភាគទី១ នៅថ្ងៃទី១៦ ខែកុម្ភៈ ចំនួននៃការស្វែងរកកន្លែងស្នាក់នៅតាមកម្មវិធី និងគេហទំព័រនានាមានការហាក់ឡើងជាបន្តបន្ទាប់។ តួយ៉ាង កោះ Samui ទទួលបានការចាប់អារម្មណ៍ជារួម ៦៥ភាគរយពីភ្ញៀវទេសចរដែលមានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ជាមួយនឹងចំនួននៃការស្វែងរកកន្លែងស្នាក់លើកម្មវិធី Agoda កើនឡើង ១២ភាគរយ ខណៈចំនួននៃការកក់សណ្ឋាគារលំដាប់ប្រណិតមានចំនួនខ្ពស់ជាងមុន ៤០ភាគរយ។
ក្រុមហ៊ុនទេសចរណ៍អនឡាញ Expedia ក៏បានរាយការណ៍ពីការកើនឡើងដូចគ្នាដែរ។ តួយ៉ាង កោះ Samui ទទួលបានការចុចស្វែងរកច្រើនជាងមុនប្រមាណ ៣០ភាគរយ ទន្ទឹមគ្នានឹងភូកេតដែលមានចំនួន ៤៥ភាគរយ ឯខេត្តឈៀងម៉ៃវិញ មានការហក់ឡើងខ្លាំងរហូតដល់ទៅ ៦៥ភាគរយ។ ទិន្នន័យពីក្រុមហ៊ុនតែមួយនេះ ក៏បានបង្ហាញពីចំនួនការចាប់អារម្មណ៍ពីបណ្ដាប្រទេស និងទីក្រុងមួយចំនួនទៅលើកោះ Samui ដែរ ដោយការស្វែងរកទីតាំងថតរឿងនេះពីប្រជាជនហុងកុងកើនឡើង ៣៧០ភាគរយកាលពីខែមករា ស្របពេល ២សប្ដាហ៍បន្ទាប់ពីការចាក់ផ្សាយ ការស្វែងរបស់ប្រជាជនសិង្ហបុរីកើនឡើង ១១៥ភាគរយ ស្របពេលដែលប្រជាជនពីសហរដ្ឋអាមេរិកបានស្វែងរកកោះនេះច្រើនជាងមុន ៩៥ភាគរយ និង ៧០ភាគរយពីអូស្រ្តាលី។
ទន្ទឹមគ្នានេះ ចំនូននៃការកក់កន្លែងស្នាក់នៅរយៈពេលខ្លីក្នុងប្រទេសថៃបានកើនឡើងជិត ៥០០ភាគរយ បន្ទាប់ពីរឿង The White Lotus ចាក់ផ្សាយបាន ២ភាគ បើប្រៀបធៀបនឹងរយៈពេលតែមួយ កាលពីឆ្នាំ២០២៤។ នេះបើយោងតាម ភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ Guesty។

ឆ្លើយតបនឹងការហក់ឡើងនៃភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ Finnair បានប្រកាសបន្ថែមជើងហោះហើរ ដើម្បីទទួលយកអ្នកដំណើរពីទ្វីបអឺរ៉ុប ទៅកាន់ប្រទេសថៃ។ ដូចគ្នានឹង Bangkok Airways ក៏គ្រោងបង្កើនជើងហោះហើរទៅកាន់ប្រទេសថៃ ពី៥០ ទៅ ៧៣ជើងក្នុងមួយថ្ងៃ។
ក្រៅតែពីផលចំណេញដែលប្រទេសថៃទទួលបានដោយផ្ទាល់ ជំនួញរបស់ប្រជាជនថៃនៅក្រៅប្រទេសក៏ទទួលបានផលប្រយោជន៍ពីរឿង The White Lotus ដូចគ្នាដែរ។ ទិន្នន័យពីសេវាកម្មកក់ហាងអាហារ OpenTable បានបង្ហាញថា ចំនួននៃការកក់ភោជនីយដ្ឋានថៃក្នុងសហរដ្ឋអាមេរិក កើនឡើងដល់ ១៦ភាគរយ ក្រោយរឿងនេះចាក់បញ្ចាំងភាគទី១ របស់ខ្លួន។
សន្ទុះនៃការចាប់អារម្មណ៍របស់ភ្ញៀវទេសចរបទេស គឺសមស្របទៅនឹងបំណងរបស់ប្រទេសថៃ។ ស្របពេលដែលនៅក្នុងឆ្នាំ ២០២៤ ប្រទេសថៃទទួលបានចំនួនភ្ញៀវទេសចរប្រមាណ ៣៥លាននាក់ នៅក្នុងឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាលរបស់ប្រទេសអាស៊ានមួយនេះ បានតាំងគោលដៅទទួលយកភ្ញៀវទេសចរចន្លោះ ៣៩ ទៅ ៤០លាននាក់ ស្នើគ្នាទៅនឹងចំនួនមុនការរាតត្បាតជំងឺកូវីដ ១៩៕

























Account
Security
Favourite Content