ទើបតែធ្វើការ Comeback នាពេលថ្មីៗនេះ ក្រុមចម្រៀងល្បីមួយទៀតពីផលិតកម្ម Big Hit Music គឺ TXT កំពុងទទួលជោគជ័យជាខ្លាំង ខណៈអាល់ប៊ុមថ្មីរបស់ពួកគេអាចលក់ដាច់រាប់លានបន្ទះក្នុងថ្ងៃដំបូង និងជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes ជាច្រើនប្រទេស។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយចេញលក់ អាល់ប៊ុមថ្មីរបស់ TXT មានចំណងជើងថា “The Star Chapter: SANCTUARY” បានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes Top Albums យ៉ាងហោច ២៥ ប្រទេសនិងតំបន់ រួមមានប្រទេសជប៉ុន ប្រេស៊ីល ឥណ្ឌូនេស៊ី ម៉ិកស៊ិក រុស្ស៊ី អ៊ុយក្រែន ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត។
មិនតែប៉ុណ្ណោះ បទចម្រៀងនាំមុខក្នុងអាល់ប៊ុម គឺបទ “Over The Moon” ក៏បានឈានដល់លេខ ១ នៅលើតារាង iTunes Top Songs យ៉ាងហោច ១០ ប្រទេស រួមមានទាំងប្រទេសអេស្ប៉ាញ ឈីលី និងវៀតណាម ហើយក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Albums របស់ Apple Music ក្នុងប្រទេសចិនផងដែរ។
អ្វីដែលពិសេស “The Star Chapter: SanCTUARY” បានក្លាយជាអាល់ប៊ុមទី ៤ ជាប់ៗគ្នារបស់ TXT ដែលអាចលក់បានជាង ១ លានបន្ទះនៅថ្ងៃដំបូងនៃការចេញផ្សាយ។ យោងតាម Hanteo Chart អាល់ប៊ុមខ្នាតតូចនេះអាចលក់បានសរុបជាង ១,២ លានបន្ទះនៅថ្ងៃទី ៤ ខែវិច្ឆិកា។ ទន្ទឹមនោះដែរ វីដេអូចម្រៀងសម្រាប់បទ “Over The Moon” ក៏កំពុងកើនការទស្សនាក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍ ពោលគឺមានការទស្សនារហូតដល់ ២០ លានដង ក្នុងរយៈពេល២ថ្ងៃដំបូង។
បច្ចុប្បន្ន ក្រុមចម្រៀងដែលមានសមាជិក ៥ នាក់មួយនេះក៏កំពុងមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួនផងដែរ។ រយៈពេល ៥ខែកន្លងមក ការប្រគំតន្ត្រីរបស់ពួកគេមានឈ្មោះថា “Act: Promise” បានធ្វើដំណើរទៅសម្ដែងបាន ២៨ ឆាក នៅ ១៧ ទីក្រុងទូទាំងពិភពលោក ដោយក្នុងនោះរួមមានទីក្រុងចំនួនប្រាំបីនៅជុំវិញសហរដ្ឋអាមេរិក ទីក្រុងចំនួនបួននៅប្រទេសជប៉ុន និងទីក្រុងចំនួនបួនទៀតនៅប្រទេសអាស៊ីផ្សេងៗ ៕





























Account
Security
Favourite Content