ក្រុមចម្រៀងខេប៉ុប TXT បានបំបែកកំណត់ត្រាក្រុមសិស្សច្បង BTS ក្លាយជាសិល្បករខេប៉ុបដែលមានអាល់ប៊ុមជាប់លេខ១ច្រើនបំផុតនៅតារាង Billboard Top Album Sales។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា គេហទំព័រ Billboard បានប្រកាសថាអាល់ប៊ុមខ្នាតតូចថ្មីរបស់ក្រុម TXT មានចំណងជើងថា “The Star Chapter: SANCTUARY” បានបង្ហាញខ្លួនជាលើកដំបូងនៅចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Album Sales ដែលមានន័យថាអាល់ប៊ុមនេះជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំសប្តាហ៍នៅសហរដ្ឋអាមេរិក។
សមិទ្ធផលនេះធ្វើឱ្យ TXT អាចបំបែកកំណត់ត្រាចាស់របស់ BTS ក្លាយជាសិល្បករ K-pop ដំបូងគេដែលមានអាល់ប៊ុមជាប់លេខ ១ ចំនួនប្រាំពីរនៅលើតារាង Top Album Sales របស់ Billboard។ មិនតែប៉ុណ្ណោះ អាល់ប៊ុមថ្មីនេះក៏បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ ២ លើតារាង Top 200 Albums របស់ Billboard ផងដែរ។
ផ្អែកតាមរបាយការណ៍ពីគេហទំព័រតន្ត្រី Luminate អាល់ប៊ុម “The Star Chapter: SanCTUARY” របស់ TXT អាចលក់ដាច់សរុបចំនួន ៩៨០០០ ឈុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយសប្ដាហ៍មុនដែលបញ្ចប់ត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកា។ ក្នុងនោះមានការលក់អាល់ប៊ុមជាស៊ីឌីចំនួន ៩៥៥០០ បន្ទះ និងការលក់ឌីជីថលចំនួន ២៥០០ ច្បាប់ ខណៈការស្ដាប់អនឡាញសរុប ៣,៧៤ លានដងលើវេទិកាស្ដាប់ចម្រៀងអាមេរិក។
ក្រៅពីអាល់ប៊ុមថ្មីនេះ អាល់ប៊ុមចំនួន ៦ ទៀតរបស់ TXT ដែលធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១លើតារាង Billboard’s Top Album Sales ដូចគ្នាដែររួមមានអាល់ប៊ុម “minisode 1: Blue Hour,” អាល់ប៊ុម “The Chaos Chapter: FREEZE,” អាល់ប៊ុម “minisode 2: Thursday’s Child,” អាល់ប៊ុម “The Name Chapter: TEMPTATION,” អាល់ប៊ុម “The Name Chapter: FREEFALL,” និងអាល់ប៊ុម “minisode 3: TOMORROW.”។
ទន្ទឹមនឹងការចេញអាល់ប៊ុមថ្មី ក្រុមចម្រៀងពីផលិតកម្ម Big Hit Music មួយនេះក៏កំពុងមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួនផងដែរ។ រយៈពេល ៥ខែកន្លងមក ការប្រគំតន្ត្រីរបស់ពួកគេមានឈ្មោះថា “Act: Promise” បានធ្វើដំណើរទៅសម្ដែងបាន ២៨ ឆាក នៅ ១៧ ទីក្រុងទូទាំងពិភពលោក ដោយក្នុងនោះរួមមានទីក្រុងចំនួនប្រាំបីនៅជុំវិញសហរដ្ឋអាមេរិក ៕
























Account
Security
Favourite Content