ផលិតកម្ម JYP Entertainment បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ថាក្រុមចម្រៀងនារីជួរមុខរបស់ខ្លួន គឺ TWICE អាចលក់អាល់ប៊ុមសរុបបាន ២០លានបន្ទះ គិតចាប់ពីបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៥ ទាំងនៅប្រទសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន។

អាចនិយាយបានថាជាភាពជោគជ័យដ៏ធំមួយកម្រិតទៀតសម្រាប់ក្រុមចម្រៀងនារីដែលមានសមាជិក ៩ នាក់មួយនេះ បន្ទាប់ពីបានចេញអាល់ប៊ុមសរុប ៤៣ អាល់ប៊ុម ហើយរាប់ពីអាល់ប៊ុម EP ដំបូង”The Story Begins” ដែលចេញកាលពីខែតុលា ឆ្នាំ២០១៥ មកដល់អាល់ប៊ុម EP ទី១៣ “With YOU-th” ដែលចេញក្នុងខែកុម្ភៈ ឆ្នាំនេះ ពួកគេអាចលក់បានជាង ១៤,៥ លានបន្ទះ នៅប្រទេសកូរ៉េខាងត្បូង ខណៈនៅប្រទេសជប៉ុនអាចលក់បាន ៥,៥ លានបន្ទះបន្ថែមទៀត ។ ចំនួននេះក៏រាប់បញ្ចូលការលក់អាល់ប៊ុមទោលរបស់សមាជិក Nayeon និង Jihyo ផងដែរ។
ក្រៅពីតួលេខលក់អាល់ប៊ុមយ៉ាងច្រើនសន្ធឹកសន្ធាប់ អាល់ប៊ុមនិងបទចម្រៀងរបស់ TWICE ក៏ទទួលបានការពេញនិយមផងដែរលើតារាងឌីជីថលផ្សេងៗទូទាំងពិភពលោក។ ជាក់ស្ដែងអាល់ប៊ុមចុងក្រោយរបស់ពួកគេបានជាប់ចំណាត់ថ្នាក់កំពូលលើតារាង Billboard 200 កាលពីថ្ងៃទី៩ ខែមីនា ខណៈនៅលើកម្មវិធីស្ដាប់ចម្រៀង Spotify ពួកគេទទួលបាន Followers ជាង ២០លាន និងមានការស្ដាប់សរុប ១០ ពាន់លានដងគិតត្រឹមដើមខែឧសភានេះ។
ចំពោះការងារបច្ចុប្បន្ន ក្រុមចម្រៀងនារីមួយនេះកំពុងមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Ready to Be” និងគ្រោងចេញអាល់ប៊ុមភាសាជប៉ុនមួយទៀតមានចំណងជើងថា “Dive” នៅខែកក្កដាខាងមុខនេះ ៕

























Account
Security
Favourite Content