ទិវាវប្បធម៌ជាតិ ៣ មីនាត្រូវបានប្រារព្ធឡើងជា “ការរម្លឹកគុណ” ដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏មហាសាល ទាំងរូបី (ប្រាសាទបុរាណ វត្ថុសិល្បៈ) និងអរូបី (របាំ ចម្រៀង ទំនៀមទម្លាប់)។ ដើម្បីអបអរទិវាដ៏ពិសេសនេះ AMS Infotainment សូមបង្ហាញពីបញ្ជីមរតកអរូបីនៃមនុស្សជាតិរបស់កម្ពុជា ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាផ្លូវការ។

១. របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរដ៏វិចិត្រ ដែលកាលដើមឡើយសម្តែងសម្រាប់តែក្នុងព្រះរាជវាំង ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ ០៧ វិច្ឆិកា ២០០៣ ឯកិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី(ឆ្នាំ ២០០៨)។

២. ល្ខោនស្រមោលស្បែកធំ សិល្បៈសម្តែងដោយប្រើរូបភាពឆ្លាក់ពីស្បែកសត្វ រាំតាមចង្វាក់ភ្លេងពិណពាទ្យ និងការនិទានរឿងរាមកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី ២៥ វិច្ឆិកា ២០០៥ ឯកិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី(ឆ្នាំ ២០០៨)។

៣. ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយតំណាងឱ្យសាមគ្គីភាព និងការបន់ស្រន់សុំទឹកភ្លៀង ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិរួមគ្នាជាមួយ កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីន នៅថ្ងៃទី ០២ ធ្នូ ២០១៥ កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។

៤. ចាប៉ីដងវែង ឧបករណ៍តន្ត្រីខ្សែមួយប្រភេទ ដែលប្រើសម្រាប់ច្រៀងនិទានរឿងអប់រំ និងកំប្លែងស្ងួត ត្រូវបានចុះក្នុងបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៦ ឯកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។

៥. ល្ខោនខោលវត្តស្វាយអណ្ដែត ល្ខោនពាក់មុខដែលសម្តែងដោយបុរសសុទ្ធ រៀបរាប់ពីឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ នៅថ្ងៃទី ២៨ វិច្ឆិកា ២០១៨ ឯកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី ប្រទេសម៉ូរីស។

៦. គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងមានក្បាច់ត្រាប់តាមសត្វផ្សេងៗ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី ២៩ វិច្ឆិកា ២០២២ ឯកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។

៧. ក្រមាខ្មែរ ជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលមានលក្ខណៈចម្រុះ និងតំណាងឱ្យអត្តសញ្ញាណខ្មែរតាំងពីសម័យបុរាណ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី ០៤ ធ្នូ ២០២៤ ឯកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ។

ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣ មីនា យើងមិនត្រឹមតែអបអរសាទរសិល្បៈទូទៅនោះទេ ប៉ុន្តែវាជាការដាស់ស្មារតីឱ្យរួមគ្នាការពារមរតកពិភពលោកទាំង ៧ របស់កម្ពុជា ដែលអង្គការ UNESCO ទទួលស្គាល់ តាំងពីរបាំព្រះរាជទ្រព្យ រហូតដល់ក្រមាខ្មែរ ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណដ៏វិសេសវិសាលនេះ ៕

























Account
Security
Favourite Content