កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលបុប្ផាណាបានប្រកាសការបិទបញ្ចប់ដំណើការជុំទីមួយនៃការតាំងពិព័រណ៍ “រស់រាន” ដែលជាការតាំងពិព័រណ៍ដ៏ធំមួយរបស់សិល្បករខ្មែរ លោក គឹម ហាក់ ប្រឹក្សាយោបល់ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី និងរៀបចំពិព័រណ៍ដោយ ម៉ឹង មេត្តា ក្រោមកិច្ចសហការជាមួយមូលនិធិរៃពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២ ០០០ នាក់ចាប់តាំងពីបើកដំណើរការកាលពីពាក់កណ្តាលខែតុលា។

ដោយឃើញថាសាធារណជននៅតែបន្តមានចាប់អារម្មណ៍មជ្ឈមណ្ឌលបុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈានទៅធ្វើការតាំងបង្ហាញបន្ថែមទៀតដែលជាផ្នែកមួយនៃមហោ ស្រពរូបថតភ្នំពេញ ដែលនឹងបន្តរការបើកទស្សនារូបថតរហូតដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥ ដោយឡែកវត្ថុពិតដែលតាំងបង្ហាញនៅក្នុងពិព័រណ៍ “រស់រាន”បច្ចុប្បន្នកំពុងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ ក្នុងរយៈពេលមួយខែចុងក្រោយ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមានសិស្សានុសិស្សពីសាលាជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុមសិស្សានុសិស្សមកពីសាលាជាច្រើន បានចូលរួមជាមួយកម្មវិធីអប់រំ ដែលរៀបចំឡើងដើម្បីជួយដល់ទស្សនិកជនវ័យក្មេងឱ្យភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាតាមរយៈការនិទានរឿងដោយរូបភាព។ លោក កែវ ដួង សាស្ត្រាចារ្យប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានដឹកនាំនិស្សិតចំនួនបីថ្នាក់មកទស្សនា ការតាំងពិព័រណ៍នេះ បានចែករំលែកថានិស្សិតមានការឆ្លើយតបជាខ្លាំងចំពោះបទពិសោធន៍នេះ។ លោកបានថ្លែង ថា៖ “ពួកគេពិតជាពេញចិត្តចំពោះវិធីសាស្រ្តច្នៃប្រឌិតក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលខុសពីអ្វីដែលពួកគេធ្លាប់រៀនតាមរយៈការអានសៀវភៅ។ និស្សិតជាច្រើនបានពិពណ៌នាអំពីរូបថតដែលធ្វើឱ្យពួកគេមានអារម្មណ៍រំជួលចិត្តឬភ្ជាប់ទៅនឹងរឿងរ៉ាវគ្រួសាររបស់ពួកគេផ្ទាល់។ រូបថតបុរសកាន់សំបុត្រចុងក្រោយពីម្តាយរបស់គាត់នៅប្រទេសជប៉ុន គឺជារូបដែលមានឥទ្ធិពលជាខ្លាំង។”


សិល្បករ គឹម ហាក់ បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃបិទបញ្ចប់ការតាំងពិព័រណ៍នេះថា៖“នេះជាលើកទីមួយហើយនៅក្នុងការតាំងពិព័រណ៍គម្រោងរយៈពេលវែងរបស់ខ្ញុំមានឈ្មោះថា “រស់រាន”ដែលបានដាក់បញ្ចូលកម្រងរូបភាពជម្រើសដកស្រង់ចេញពីជំពូកទាំងបួនមកបញ្ចូលគ្នាហើយត្រូវបានតាំងបង្ហាញនៅមាតុប្រទេសក្នុងមជ្ឈមណ្ឌលបុប្ផាណា នាទីក្រុងភ្នំពេញ។ ឥឡូវនេះ ក្រោយរយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅ តាមរយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាអ្នកទស្សនាអាចទទួលបានសារដែលខ្ញុំបានព្យាយាមបង្ហាញនិងរៀនសូត្រថាតើប្រជាជនយើងបាននាំយកវត្ថុទាំងអស់នេះចាកចេញពីផ្ទះរបស់ខ្លួន ត្រូវផ្លាស់ទីលំនៅដោយបង្ខំឆ្លងកាត់ជំរំពលកម្មបង្ខំ ជំរំជនភៀសខ្លួន ហើយបន្តទៅផ្ទះថ្មី ក៏ដូចជាប្រទេសថ្មី។ ខ្ញុំសង្ឃឹមថា អ្នកទស្សនាក៏អាចធ្វើស្វ័យឆ្លុះបញ្ចាំង និងចោទសួរខ្លួនឯងថា “តើពួកគេនឹងយកអ្វីទៅជាមួយ ប្រសិនបើមានផ្ទុះសង្គ្រាមឡើងនៅក្នុងមាតុភូមិរបស់ខ្លួន?” តាមរយៈការតាំងពិព័រណ៍ “រស់រាន” និងការសម្លឹងមើលទៅពិភពលោកសព្វថ្ងៃនេះ យើងឃើញថាជម្លោះ និងសង្រ្គាមនៅតែបន្តកើតមាន ដែលបង្កើតបានជាការផ្លាស់ទីលំនៅជនភៀសខ្លួនថ្មី។ ខ្ញុំពិតជាសង្ឃឹមថាមនុស្សនឹងគិតគូរកាន់តែច្រើនអំពីមនុស្សជាតិ និងការកសាងសន្តិភាព។ នេះជាសាររបស់ខ្ញុំចេញពីការតាំងពិព័រណ៍នេះ។”

បើមើលទៅលើផលប៉ះពាល់ទូលំទូលាយរបស់ពិព័រណ៍ “រស់រាន” វិញ លោក ប៉ាន់ រិទ្ធីទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បានមានប្រសាសន៍ថា៖“ការតាំងពិព័រណ៍នេះ ពិតជាធ្វើឱ្យសាធារណជនមានចំណាប់អារម្មណ៍ជាច្រើន។ ស្នាដៃរបស់ គឹម ហាក់បានបំផុសឱ្យមានការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍។លោក ជា សុភាព [នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា] បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។ទស្សនិកជនវ័យ ក្មេង និងសិស្សានុសិស្សនៅមិនទាន់ស៊ាំជាមួយការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។អ្នកខ្លះក៏ទើបតែស្គាល់មជ្ឈមណ្ឌលបុប្ផាណានាពេលនេះដែរ។ ដូច្នេះ ការសម្រេចចិត្តរបស់ក្រុមការងារគឺជាការសមហេតុផល ព្រោះយើងត្រូវការប្រើពេលវេលាដើម្បីធ្វើការជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។នេះជាវិធីសាស្រ្តបែបអប់រំ ដែល អនុញ្ញាតឱ្យមានការស្វែងយល់ថាតើរូបថត និងសិល្បៈជាអ្វីនិងក៏ដូចជាដើម្បីស្គាល់អំពីការចងចាំផងដែរ។ នេះគឺដោយសារតែស្នូលចម្បងនៃស្នាដៃរបស់ គឹម ហាក់គឺការបញ្ជូនការចងចាំឱ្យទៅមនុស្សជំនាន់ក្រោយ។ បើគ្មាន វប្បធម៌ទេក៏គ្មានការឆ្លុះបញ្ចាំងអំពីរបួសផ្លូវចិត្តរបស់យើង ឬការព្យាបាលរបួសនេះឡើយ។ខ្ញុំកត់សម្គាល់ឃើញថានៅតែមានមនុស្សបន្តមកទស្សនា គឺមានទាំងជនជាតិខ្មែរមកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។គួរឱ្យសោកស្ដាយ ទស្សនិកជនជាច្រើនមិនចង់កត់ឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទស្សនា។ច្បាស់ណាស់ថាការភ័យខ្លាចមិនហ៊ានបន្សល់ទុកឈ្មោះ អត្តសញ្ញាណ ឬអាសយដ្ឋាននៅកន្លែងណាមួយនៅតែជាភាពបន្តការប្រុងប្រយ័ត្នរបស់ពួកគាត់។ នេះក៏ជាទម្រង់នៃរបួសផ្លូវចិត្តផងដែរពោលគឺជារបួសមួយដែលជម្រុញឱ្យអ្នកទាំងនោះបន្តស្ងាត់ស្ងៀម។ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យការងាររបស់យើងនៅពេលនេះមានសារៈសំខាន់។ ពិតណាស់ខ្ញុំបានសង្កេតឃើញថាមនុស្សចាប់ផ្តើមជជែកគ្នា ក្មេងៗសួរនាំសំណួរផ្សេងៗហើយមនុស្សចាស់ៗចាប់ផ្ដើមចែករំលែកអំពីរឿងនានាដែលជាហេតុបង្កើតឱ្យមានការចែករំលែកព័ត៌មានគ្នារវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។
ប្រសិនបើអាចទៅរួច គួរឱ្យមានការតាំងពិព័រណ៍នេះបន្តទៅខេត្តបាត់ដំបង និងខេត្តសៀមរាបទៀត។”ក្នុងអំឡុងខែតុលា និងខែវិច្ឆិកាទាំងមូល ពិព័រណ៍ “រស់រាន”បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោងរយៈពេលមួយទសវត្សរ៍របស់លោក គឹម ហាក់ មករួមបញ្ចូលគ្នាដោយគម្រោងនេះបានចងក្រងនូវវត្ថុជាច្រើនដែលក្រុមគ្រួសារខ្មែរបានយកជាប់នឹងខ្លួន លាក់ទុកឬរក្សាទុក ឆ្លងកាត់សម័យសង្រ្គាម ការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។ ជារឿយៗអ្នកទស្សនាតែងចំណាយពេលយូរដើម្បីទស្សនា វិលមកទស្សនាម្ដងទៀតឬនាំសាច់ញាតិមើលមើលការតាំងពិព័រណ៍ ដោយមនុស្សជាច្រើនបានពិពណ៌នាថារូបថតនិងវត្ថុទាំងនោះជាគ្រឿងឱ្យពួកគាត់រំលឹកដល់ប្រវត្តិគ្រួសាររបស់ពួកគាត់ផ្ទាល់។ការតាំងពិព័រណ៍នេះបានជម្រុញឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យក្មេងសួរសំណួរហើយអ្នកទស្សនាវ័យចំណាស់បានចែករំលែកការចងចាំ ដែលពួកគេប្រហែលជាមិនធ្លាប់និយាយពីមុនមក។ការបន្តរយៈពេលការតាំងពិព័រណ៍ “រស់រាន” ក្រោយការបញ្ចប់រយៈពេលការតាំងពិព័រណ៍ផ្លូវការ ឱ្យដល់ ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញនឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែមដើម្បីចូល រួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំនិងកិច្ចដើរទស្សនាអមដោយការបង្ហាញ នឹងបន្តធ្វើឡើងក្នុងអំឡុងរយៈពេលបន្ថែមនេះ៕


























Account
Security
Favourite Content