ក្រោយ KWAN បញ្ចេញអាល់ប៊ុម SONMALAI ទាំង ១០ បទហើយនោះ ពិតជាសន្ទុះគាំទ្រខ្លាំងគ្រប់បទតែម្ដង។ ជាពិសេសបទ “មេឃបើកថ្ងៃ” ច្រៀងជាមួយ វណ្ណដា ឃើញថា អ្នកចូលមើលទាំង Official Visualizer និង Audio official គឺថា ច្រើនឡើងរាល់ថ្ងៃ។

នរណាក៏ដឹងថា KWAN ជាតារារ៉េបប្រុសដែលមានសំឡេងផ្អែម ស្រទន់ ពូកែចុងចួនទាំងខ្មែរ និងអង់គ្លេស ស្ដាប់ហើយជាប់ក្នុងចិត្តគ្រប់បទ គ្រប់ភ្លេង ហើយប៉ះ វណ្ណដា កំពូលរ៉េបសំឡេងធ្ងន់ច្បាស់ល្អ លះៗទៀតនោះ ធ្វើឲ្យបទ “មេឃបើកថ្ងៃ” ចេញមកល្អឥតខ្ចោះតែម្ដង ហ្វេនៗនាំគ្នាស្រែក wow តែម្ដង។
អត្ថន័យនៃចម្រៀង “មេឃបើកថ្ងៃ” ចង់បង្ហាញថា ទោះមានរឿងកើតឡើងក៏ដោយ ស្អែកមកដល់មេឃនឹងភ្លឺ ហើយក៏មានឱកាសថ្មីនឹងមកដល់។ មួយវិញទៀតបទនេះចង់បង្ហាញថា ពេលមេឃបើកថ្ងៃនឹងមានពន្លឺ ដូច្នេះអាចមើលឃើញអ្វីច្បាស់ជាក់ជាមិនខាន។ “មេឃបើកថ្ងៃ” មិនថាសាច់ភ្លេង ប៉ារ៉ូលចម្រៀងឡើយ ពីមួយឃ្លាទៅមួយឃ្លាមានសាច់រឿងភ្ជាប់គ្នាមិនដាច់ ពិសេសសំឡេង ២ បែបក្នុងបទតែមួយ ធ្វើឲ្យ “មេឃបើកថ្ងៃ” មានអ្នកស្ដាប់ជាង ១.១ លានដងបាត់ទៅហើយ ដែលទើបចេញបានជាងមួយសប្ដាហ៍។ បទនេះដែរកំពុងតែជាប់ Trending លើ YouTube លេខ ២។


ចំណែកឯអ្នកធ្វើវីដេអូ reaction បរទេសសុទ្ធតែសរសើរការច្រៀង និងឆ្លាស់ Flow គ្នាពី វណ្ណដា ទៅ KWAN។ ពីមួយឃ្លាទៅមួយឃ្លា ស្ដាប់ហើយមិនចង់ឲ្យចប់សោះ ព្រោះតែបទនេះអត្ថរសល្អ ឆ្ងាញ់ ផ្អែម មុត ហើយបើប៉ារ៉ូលវិញឮហើយស្ទើរតែធ្លាយបេះដូងហ្វេន គ្រប់ពាក្យពេចន៍មានន័យចាក់ដោតចិត្ត ធ្វើឲ្យយើងខំបន្តទៅមុខ។ មិនចប់ត្រឹមប៉ុណ្ណេះឡើយ ក្នុងបទនេះ KWAN បានប្រាប់ពីឈ្មោះពិតខ្លួន Sovankong (ឈ្មោះពេញ So Sotsovankong) ដែលហ្វេនៗមិនធ្លាប់ដឹងពីមុន។
ចុងក្រោយនៃបទចម្រៀង វណ្ណដា បានបង្ហើបថា បទ “មេឃបើកថ្ងៃ” លោក និង KWAN ព្រមទាំងក្រុមការងារបានធ្វើតាំងពីថ្ងៃរហូតដល់ថ្ងៃវិញ ពោលគឺមិនបានសម្រាកយប់ឡើយ។ ឃើញដូច្នេះហ្វេនៗក៏ចង់ឲ្យតារាប្រុសវ័យ ២៧ ឆ្នាំ និងតារាប្រុសមានប្រភពមកពីខេត្តបន្ទាយមានជ័យរូបនេះ សហការគ្នាបន្តទៀត ដើម្បីផលិតចម្រៀងកាន់តែល្អដូចបទ “មេឃបើកថ្ងៃ” នេះដែរ។


នេះជាលើកដំបូង ដែលតារារ៉េបវ័យក្មេងកំពុងល្បីល្បាញនៅកម្ពុជា វណ្ណដា ចាប់ដៃផលិតបទចម្រៀងជាមួយ KWAN។ ក្រៅពីបទ ft ជាមួយ វណ្ណដា KWAN ក៏មានបទចម្រៀងទោលជាច្រើនបទ រួមទាំងបទ ft ជាមួយតារារ៉េបផ្សេងទៀត ដូចជា Vito , All3rgy ជាដើម៕


























Account
Security
Favourite Content