ភាពយន្ត Live Action ថ្មីរបស់ Disney គឺរឿងព្រះនាងព្រិលស ឬ “Snow White” អាចរកចំណូលបានតិចជាងការរំពឹងទុកសម្រាប់ការបញ្ចាំងនៅសប្ដាហ៍ដំបូងដោយចំណូលនៅសហរដ្ឋអាមេរិកអាចរកបាន ៤៣ លានដុល្លារ។

ខណៈដែលផលិតកម្មបានព្យាការណ៍ថាភាពយន្តនេះអាចរកចំណូលបានយ៉ាងតិច ១០០ លានដុល្លារនៅសប្ដាហ៍ដំបូង ប៉ុន្តែគិតទាំងចំណូលពីប្រទេសផ្សេងៗទូទាំងពិភពលោក ភាពយន្តដែលថតតាមគំនូរជីវចលដ៏ល្បីល្បាញកាលពីឆ្នាំ១៩៣៧មួយនេះអាចរកចំណូលបានប្រមាណ ៨៧ លានដុល្លារប៉ុណ្ណោះនៅសប្ដាហ៍ដំបូង។
ផ្អែកតាមសារព័ត៌មាន The Hollywood Reporter ភាពយន្ត “Snow White” ឆ្នាំ២០២៥ ត្រូវបានផលិតឡើងដោយចំណាយដើមទុនអស់ខ្ទង់ ២៧០ លានដុល្លារ និងបានចំណាយច្រើនជាង ១០០ លានដុល្លារទៀតសម្រាប់ការធ្វើទីផ្សារ ប៉ុន្តែបើមើលតាមសន្ទុះគាំទ្រនៅសប្ដាហ៍ដំបូង និងប្រតិកម្មរិះគន់ជាច្រើន គេយល់ថាភាពយន្តនេះអាចនឹងពិបាកក្នុងការរកចំណូលឱ្យបាន ៣០០ ឬ ៤០០ លានដុល្លារ។
បើប្រៀបធៀបទៅនឹងភាពយន្តដែលផលិតតាមគំនូរជីវចលផ្សេងៗទៀតរបស់ Disney រឿងនេះគឺជារឿងដែលរកចំណូលសប្ដាហ៍ដំបូងបានតិចបំផុត ខណៈរឿងផ្សេងៗទៀតដូចជារឿងកូនដំរី “Dumbo” កាលពីឆ្នាំ ២០១៩ , រឿងចង្កៀងទិព្វអាឡាដាំង ឬ “Aladdin” ឆ្នាំ ២០១៩, រឿងម៉ៅឃ្លី “The Jungle Book” ឆ្នាំ ២០១៦ , រឿង “The Little Mermaid” ឆ្នាំ ២០២៣ , រឿង “Cinderella” ឆ្នាំ ២០១៥ និងរឿង “Beauty and the Beast” ឆ្នាំ ២០១៧ ជាដើម គឺសុទ្ធសឹងតែអាចរកចំណូលបានលើស ១០០ លានដុល្លារនៅសប្ដាហ៍ដំបូងរបស់ខ្លួន។
មែនទែនទៅ ភាពយន្ត “Snow White” ថ្មីនេះបានទទួលបានការមិនពេញចិត្តពីសំណាក់មហាជនតាំងពីមុនចាក់បញ្ចាំង ដូចជាពាក់ព័ន្ធការជ្រើសរើសតួអង្គព្រះនាងព្រិលសគឺតារាសម្ដែងឡាទីន Rachel Zegler ដែលត្រូវបានគេមើលឃើញថាមិនសូវស័ក្ដិសម ការកែប្រែសាច់រឿងខ្លះៗ និងមតិរិះគន់របស់តួឯកស្រីរូបនេះលើសាច់រឿងព្រះនាងព្រិលស Version ដើម ៕



























Account
Security
Favourite Content