ក្រោយមានបញ្ហាចាកចេញពីផលិតកម្មមុនកុងត្រាកំណត់ ពេលនេះសមាជិកក្រុមចម្រៀងនារីខេប៉ុប NewJeans បានសម្រេចបន្តសកម្មភាពដោយប្រើឈ្មោះថ្មី NJZ ជំនួសឈ្មោះដើមរបស់ពួកគេ។
ក្រុមហ៊ុនរៀបចំការប្រគំតន្ត្រីនេះបានឱ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈនេះ ថាសមាជិកទាំង ៥ រូបរបស់ក្រុមចម្រៀង NewJeans នឹងចាប់ផ្តើមប្រើឈ្មោះថ្មីរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ‘Complex Live’ ក្នុងមហោស្រព ComplexCon Hong Kong ដែលនឹងរៀបចំឡើងនៅទីក្រុងហុងកុង។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ “ការសម្ដែងនេះនឹងក្លាយជាសកម្មភាពថ្មីដំបូងគេបន្ទាប់ពី NJZ ផ្លាស់ប្តូរឈ្មោះ” និងបញ្ជាក់ទៀតថា “NJZ គឺជាក្រុមនារីដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងទីផ្សារតន្ត្រីប៉ុបកូរ៉េ ដោយមានសមាជិក Minji, Hanni, Danielle, Haerin និង Hyein” ។
ទន្ទឹមនោះដែរ សមាជិក Minji បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “យើងទាំងអស់គ្នាពិតជារំភើបណាស់ដែលអាចឡើងលើឆាក និងបង្ហាញជ្រុងថ្មីមួយទៀតនៃពួកយើង។ យើងសង្ឃឹមថាការសម្ដែងនេះនឹងក្លាយជាឱកាសដើម្បីឱ្យអ្នកគាំទ្រមកពីជុំវិញពិភពលោកបានស្តាប់នូវតន្ត្រីដែលយើងតែងតែចង់បង្ហាញរហូតមក”។

មហោស្រពតន្ត្រី ComplexCon Hong Kong នឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា នៅមជ្ឈមណ្ឌល Hong Kong Asia World-Expo។ ទោះយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការសម្តែងរបស់ NJZ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនោះទេ ខណៈព្រឹត្តិការណ៍ដែលមានរយៈពេល៣ថ្ងៃនេះនឹងមានសិល្បករកូរ៉េជាច្រើនទៀតចូលរួមដែរដូចជា Zico, B.I, Sik-K, Changmo និង Lil Moshpit ។
គួររំឭកថា ជម្លោះផ្លូវច្បាប់របស់ក្រុមចម្រៀងនារីមួយនេះនិងផលិតកម្មចាស់របស់ពួកគេគឺ ADOR បានចាប់ផ្ដើមដោយកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា NewJeans បានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ ADOR ដោយលើកឡើងថាក្រុមហ៊ុននេះមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ យ៉ាងណា ភាគី ADOR បានប្រឆាំងនឹងការទាមទារនេះដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា ៕




























Account
Security
Favourite Content