Marvel ប្រកាសជាផ្លូវការក្នុងការផលិតភាពយន្តវគ្គបន្ទាប់ក្នុងចក្រវាលរបស់ខ្លួន គឺ Black Panther 3 ទន្ទឹមគ្នានឹងការចាកចេញរបស់ផលិតករដៃឯក លោក Nate Moore។

ក្រោយពីរឿង Black Panther: Wakanda Forever បានចេញផ្សាយតាំងតែពីឆ្នាំ២០២២ ទីបំផុត Marvel បានសម្រេចផលិតវគ្គថ្មីនៃសែស្រឡាយភាពយន្តមួយនេះហើយ ឆ្លើយតបនឹងព័ត៌មានលេចឮកន្លងមកដែលថា អ្នកដឹកនាំរឿង លោក Rayn Coogler កំពុងតែសរសេរអត្ថបទភាពយន្តសម្រាប់ Black Panther វគ្គថ្មី។
ទន្ទឹមគ្នានេះ Black Panther 3 និងក្លាយជាស្នាដៃចុងក្រោយរបស់លោក Nate Moore បន្ទាប់ពីបានរួមការងារជាមួយនឹងស្ទូឌីយោខាងលើតាំងតែពីឆ្នាំ២០១០។ ត្បិតមានគម្រោងនឹងចាកចេញនៅដើមឆ្នាំ២០២៥ក៏ពិតមែន តែផលិតកររូបនេះក៏មានគោលបំណងបញ្ចប់រឿងមួយនេះឱ្យចប់ជាមុនសិនដូចគ្នាដែរ។

លោក Nate Moore បានរៀបរាប់ពីបទពិសោធន៍ និងការងាររបស់ខ្លួនអស់ពេលជាង ១៥ឆ្នាំមកនេះ ថា៖ “គ្រប់យ៉ាងដែលខ្ញុំចេះទាក់ទងនឹងការផលិត ខ្ញុំបានសិក្សាតាមរយៈការងារនៅ Marvel Studio ស្ទើរតែទាំងអស់។ ខ្ញុំពិតជាសំណាងល្អមែនទែនដែលបានរួមការងារជាមួយនឹងមនុស្សដែលចូលចិត្តធ្វើកុន និងនិទានរឿងដូចមិត្តរួមការងារនៅ Marvel Studio រួមទាំងអ្នកសម្ដែង និងក្រុមការងារទាំងអស់”។
“ខ្ញុំក៏មានអារម្មណ៍ថា រំភើបក្នុងការនាំយកបទពិសោធន៍ និងក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះភាពយន្តទៅផលិតកុនផ្សេងៗ រួមទាំងការត្រឡប់មកវិញនៃពិភព Wakanda នៅក្នុងរឿង Black Panther វគ្គ ៣នេះទៀតផង” លោកនិយាយពីការតាំងចិត្តរបស់ខ្លួនដូច្នេះ។

ដោយឡែក លោក Kevin Feige បាននិយាយដល់ក្រុមការងាររបស់ខ្លួនថា៖ “Moore ជាសមាជិកគោលម្នាក់នៅក្នុងក្រុមដែលបានរួមការងារជាមួយគ្នាតាំងតែពីឆ្នាំ ២០១០ ហើយឥទ្ធិពលរបស់លោកនឹងនៅតែបន្តមាននៅក្នុងរឿងក្រោយៗរបស់យើងទៀត”។
ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Walt Disney រូបដដែលនេះ បានរៀបរាប់បន្ថែមថា វាជាសំណាងល្អមួយរបស់លោកដែលបានរួមការងារនៅក្នុងជាមួយនឹង Nate Moore នៅក្នុងរឿងថ្មីមួយនេះ ហើយលោកក៏នៅតែបន្តរង់ចាំគាំទ្រស្នាដៃបន្តបន្ទាប់ទៀតរបស់ Nate Moore បើទោះបីជាគាត់ចាកចេញពី Marvel Studio ទៅហើយក៏ដោយ៕



























Account
Security
Favourite Content