តារាសម្ដែងកំពុងរះរបស់កូរ៉េ Lee Chae Min ត្រូវបានជ្រើសរើសឱ្យដើរតួឯកក្នុងរឿងភាគកូរ៉េថ្មី ដែលដកស្រង់ចេញពីប្រលោមលោកជប៉ុនដ៏ល្បីល្បាញមានចំណងជើងថា “The Miracles of the Namiya General Store”។

យោងតាមប្រភពព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយនៅថ្ងៃទី ៦ ខែកុម្ភៈនេះថា ប្រលោមលោកដ៏ល្បីរបស់អ្នកនិពន្ធ Keigo Higashino កំពុងត្រូវបានអភិវឌ្ឍជាផ្លូវការទៅជាខ្សែរឿងភាគកូរ៉េ ដោយមាន Lee Chae Min គ្រងតំណែងជាតួឯកប្រុស។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសតួសម្ដែងយ៉ាងសកម្ម ហើយការពិភាក្សាកំពុងបន្តសម្រាប់ការចេញផ្សាយនៅលើ APP ទស្សនាខ្សែភាពយន្តសកលនានា (Global OTT)។
រឿងភាគកូរ៉េថ្មីនេះ ត្រូវបានរំពឹងថានឹងមានចំនួន ១០ ភាគ។ ទោះបីជាព័ត៌មានលម្អិតអំពីតួអង្គរបស់ Lee Chae Min នៅមិនទាន់ត្រូវបានទម្លាយក៏ដោយ ប៉ុន្តែរឿងភាគនេះនឹងមានការរៀបចំសាច់រឿងឡើងវិញឱ្យស្របតាមបរិបទកូរ៉េ ខណៈនៅតែរក្សាខ្លឹមសារមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃសាច់រឿងដើមដដែល។

ត្រូវបានបោះពុម្ពផ្សាយដំបូងនៅក្នុងប្រទេសជប៉ុន “The Miracles of the Namiya General Store” គឺជាស្នាដៃរបស់អ្នកនិពន្ធ Higashino Keigo ដែលមានសាច់រឿងនិយាយពីចោរវ័យក្មេង ៣ នាក់ ដែលបានទៅលាក់ខ្លួននៅក្នុងហាងចាស់ដែលគេបោះបង់ចោលមួយ ដែលហាងនោះមានអាថ៌កំបាំងអាចភ្ជាប់ទំនាក់ទំនងរវាងអតីតកាល និងបច្ចុប្បន្នកាល។ នៅពេលដែលពួកគេចាប់ផ្ដើមឆ្លើយតបនឹងសំបុត្ររបស់មនុស្សដែលផ្ញើមកសុំដំបូន្មាន អ្នកទាំងបីក៏ចាប់ផ្ដើមលាតត្រដាងនូវជោគវាសនាដែលជំពាក់ជំពិនគ្នា និងអព្ភូតហេតុផ្លាស់ប្តូរជីវិតទាក់ទងនឹងហាងនោះផ្ទាល់។
ប្រលោមលោកនេះបានក្លាយជាសៀវភៅលក់ដាច់បំផុតបំផុតក្នុងរយៈពេលយូរនៅក្នុងប្រទេសកូរ៉េ ហើយត្រូវបានគេយកទៅធ្វើជាភាពយន្តរួចមកហើយនៅក្នុងប្រទេសជប៉ុន និងចិន។ នៅក្នុងប្រទេសកូរ៉េ រឿងនេះក៏ត្រូវបានគេយកទៅសម្ដែងជាល្ខោននិយាយដែលបានសម្ពោធកាលពីឆ្នាំ ២០១៨ ផងដែរ។
គួរបញ្ជាក់ថា Lee Chae Min ថ្មីៗនេះបានក្លាយជាតារាសម្ដែងវ័យក្មេងម្នាក់ដែលកំពុងមានទីផ្សារខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ លោកបានទាក់ទាញការចាប់អារម្មណ៍តាមរយៈរឿងភាគដូចជា Crash Course in Romance និង See You in My 19th Life មុនពេលពង្រឹងភាពល្បីល្បាញខ្លាំងកាលពីឆ្នាំមុន ក្នុងនាមជាតួឯកក្នុងរឿង មេចុងភៅឆ្លងភព Bon Appétit, Your Majesty របស់ប៉ុស្តិ៍ tvN។ ថ្មីៗនេះ លោកក៏បានបង្ហាញពីសមត្ថភាពសម្ដែងបែបតួអង្គមហិច្ឆតាខ្ពស់ ដោយដើរតួជា Jonathan ក្នុងរឿង Cashero របស់ Netflix ផងដែរ ៕























Account
Security
Favourite Content