ក្រោយបង្ហាញខ្លួនលើកដំបូង ១៥ ឆ្នាំ IU បានក្លាយជាតារាល្បីបំផុតមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយឆ្នាំ២០២៤នេះត្រូវបានគេមើលឃើញថានឹងជាឆ្នាំមានឥទ្ធិពលបំផុតក្នុងអាជីពរបស់នាងនៅលើឆាកអន្តរជាតិ។ ជាការពិត ក្នុងរយៈពេលត្រឹមតែមួយខែដំបូងនៃឆ្នាំ ២០២៤ IU បានបង្ហាញសកម្មភាព និងស្នាដៃជាច្រើនដើម្បីកំណត់គោលដៅទីផ្សារពិភពលោក។

ជាក់ស្ដែងនៅថ្ងៃទី ១២ ខែមករា IU បានចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការបង្ហាញខ្លួនដ៏សំខាន់នៅក្នុងកម្មវិធីបង្ហាញម៉ូដ Gucci Ancora Fashion Show ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ Men’s Fall/Winter 2024-2025 Fashion Week នៅទីក្រុង Milan ។ ក្នុងនាមជាទូតផ្សព្វផ្សាយសកលសម្រាប់ Gucci វត្តមានរបស់ IU នៅក្នុងព្រឹត្តិការណ៍នេះបានបង្ហាញពីឥទ្ធិពលរបស់តារាវ័យ ៣០ឆ្នាំរូបនេះខណៈដែលនាងបានអង្គុយនៅជួរមុខជាមួយនាយកប្រតិបត្តិ Gucci លោក Jean-François Palus ។
តមកទៀត នៅថ្ងៃទី ១៤ ខែមករា IU បានបើកដំណើរការគណនី TikTok របស់នាងជាផ្លូវការ ដែលបានទទួលអ្នកតាមដានប្រមាណ ១ លាននាក់ក្រោយរយៈពេល២សប្ដាហ៍។ ការបង្ហោះលើកដំបូងរបស់នាងនៅលើវេទិកាវីដេអូមួយនេះមានការទស្សនាដល់ ១៨,៥ លាន views ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ IU ក្នុងការចូលរួមកាន់តែច្រើនជាមួយនឹងទស្សនិកជនអន្តរជាតិ។

មហិច្ឆតាជាសកលរបស់ IU សម្រាប់ឆ្នាំនេះ បានបង្ហាញឱ្យឃើញច្បាស់បំផុតនៅក្នុងការប្រកាសកាលថ្ងៃទី ១៦ ខែមករា អំពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទី ១ របស់នាង “IU H.E.R. World Tour”។ ដំណើរប្រគំតន្ត្រីដ៏អស្ចារ្យនេះរួមមានការសម្ដែងនៅទូទាំងអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ដែលជាការសម្តែងជាសាកលលើកដំបូងរបស់ IU ក្នុងរយៈពេលមួយទសវត្សរ៍ចាប់តាំងពីការបង្ហាញខ្លួនរបស់នាងនៅឯកម្មវិធី KCON ឆ្នាំ ២០១៤ ក្នុងទីក្រុង Los Angeles ។

លើសពីនេះ នៅថ្ងៃទី ២៤ ខែមករា IU បានត្រលប់មកឆាកតន្ត្រីជាផ្លូវការជាមួយនឹងបទចម្រៀងចុងក្រោយរបស់នាងមានចំណងជើងថា “Love Wins All” ។ បទចម្រៀងនេះ មិនត្រឹមតែបង្ហាញពីការច្រៀង ការនិពន្ធបទភ្លេង និងទំនុកច្រៀងដ៏គួរឱ្យសរសើររបស់ IU ប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការសហការគួរឱ្យកត់សម្គាល់ជាមួយ V សមាជិកក្រុម BTS ដែលរួមសម្តែងជាមួយគ្នាក្នុង MV ផងដែរ។

ការសហការរវាងអ្នកទាំងពីរបានជួយឱ្យ MV បទ “Love Wins All” មានអ្នកចូលមើលជាង ៣៣ លានដងនៅលើ YouTube ក្នុងរយៈពេលត្រឹមពីរបីថ្ងៃដំបូងនៃការចេញផ្សាយ ហើយក្លាយជាប្រធានបទ Viral នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុក។ បទចម្រៀងនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងប្រទេសកូរ៉េខាងត្បូង និងទទួលបាន Perfect All-Kill ក្នុងរយៈពេលប្រាំថ្ងៃនៃការចេញផ្សាយ។ ជាអន្តរជាតិ បទនេះបានឈានដល់លេខ ១ នៅលើតារាង iTunes ក្នុងប្រទេសចំនួន ៣០ បានជាប់ក្នុងតារាង Billboard Global 200 និងសម្រេចបាននូវកំណត់ត្រាគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។
បន្ទាប់មកនៅថ្ងៃទី ២៩ ខែមករា IU បានប្រកាសចេញអាល់ប៊ុមតូចទីប្រាំមួយរបស់នាងដែលមានចំណងជើងថា “The Winning” នៅថ្ងៃទី ២០ ខែកុម្ភៈ។

ចុងក្រោយនេះ នៅថ្ងៃទី ៣០ ខែមករា ក្រុមហ៊ុន Netflix ក៏បានបង្ហាញរូបភាពពីជំនួបអានស្គ្រីបរបស់ IU និង Park Bo gum ដែលនឹងដើរតួជាតួឯកក្នុងភាពយន្តភាគ “When Life Gives You Tangerines”។ ភាពយន្តនេះត្រូវបានបញ្ជាក់ថានឹងចាក់ផ្សាយលើ Netflix ក្នុង ១៩០ ប្រទេស និងតំបន់ និងត្រូវបានគេរំពឹងថានឹងជាការជំរុញយ៉ាងខ្លាំងដល់ឥទ្ធិពលជាសកលរបស់ IU ។
ជារួមមកគ្រប់ពេលវេលានៃខែមករា ឆ្នាំ ២០២៤ IU ហាក់ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយទៅកាន់ទស្សនិកជនអន្តរជាតិ ជាមួយសកម្មភាពថ្មីៗដែលនាងមិនធ្លាប់ធ្វើពីមុន និងពង្រឹងកេរ្តិ៍ឈ្មោះខ្លួនឯងតាមរយៈស្នាដៃមានគុណភាពជាច្រើន តាំងពីតន្ត្រីរហូតដល់ខ្សែភាពយន្ត ៕

























Account
Security
Favourite Content