ល្ខោនអាប៉េ រឿង “ព្រះចន្ទគោរព” ត្រូវបានគាស់កកាយយកមកសម្ដែងឡើងវិញនៅក្នុងពិធីបុណ្យ សំពះព្រះខែ ដោយនៅក្នុងឈុតខ្លី ទេវតាក្រង៉ែងក្រង៉ង់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកប្រើប្រាស់នៅក្នុងបណ្ដាញសង្គម។



រូបភាព៖ FB Phina So
ឈុត «ទេវតាក្រង៉ែងក្រង៉ង់» គឺជាឈុតខ្លីមួយដែលដកស្រង់ចេញពីក្នុងរឿង ”ព្រះចន្ទគោរព”។ ជាឈុតបែបត្លុកដែលភាគច្រើនត្រូវបានប្រជាជននាពេលបច្ចុប្បន្នហៅថា (កំប្លុកកំប្លែង) ហ្នឹងឯង។ ឈុតត្លុកក្នុងទម្រង់ល្ខោនអាប៉េមួយនេះសម្ដែងដោយតួអង្គទេវតាដែលមានភាពជាត្លុក (កំប្លែង) ដោយការបង្ហាញនៅលើឆាកទាំងសម្ដី និងកាយវិការធ្វើឱ្យអ្នកទស្សនាសើចសប្បាយប្រៀបបីដូចជាមើលរឿងកំប្លែងយ៉ាងដូច្នោះដែរ។
តាមរយៈទស្សនីយភាពដ៏កម្រមួយនេះបានធ្វើឱ្យមហាជនផ្ទុះការកោតសរសើរជាខ្លាំងចំពោះសិស្ស-និស្សិតដែលបានលើកយកនូវអត្តសញ្ញាណបុរាណរបស់ខ្មែរមកបង្ហាញឱ្យកូនខ្មែរបានដឹង បានឃើញ និងបានស្គាល់នៅក្នុងល្ខោនអាប៉េ រឿង ”ព្រះចន្ទគោរព” នៅក្នុងពិធីបុណ្យ សំពះព្រះខែ ដែលទើបបញ្ចប់នាពេលថ្មីៗ កន្លងទៅនេះ។
រឿង ”ព្រះចន្ទគោរព” ត្រូវបានតាក់តែងឡើងនៅ ព.ស ២៣៧៦ ដែលត្រូវនិង គ.ស ១៨៣៣ ដោយអ្នកនិពន្ធដែលមានឈ្មោះថា បណ្ឌិត សំអាត ឬ ស្អាត។ គួរបញ្ជាក់ឱ្យដឹងថា រឿង “ព្រះចន្ទគោរព” ជាទម្រង់ល្ខោនអាប៉េក្នុងវាំងដែលមានទម្រង់ខុសពីល្ខោនព្រះរាជទ្រព្យ និងល្ខោនក្បាច់បុរាណ នៅត្រង់តួសម្ដែងដោយ តួនាយ តួនាយរង និងយក្ស សម្ដែងដោយនាដការស្រីៗ រីឯតួស្វា តួឥសី និងតួសត្វ សម្ដែងដោយនាដករប្រុសៗ៕
ទស្សនាឈុតខ្លី ទេវតាក្រង៉ែងក្រង៉ង់ នៃល្ខោនអាប៉េ រឿង “ព្រះចន្ទគោរព” ៖ https://www.facebook.com/reel/565514866069020

























Account
Security
Favourite Content