តារាចម្រៀងកំពូលរបស់កូរ៉េខាងត្បូង G-Dragon កំពុងតែមមាញឹកក្នុងការត្រៀមបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅថ្ងៃទី២៥ ខែតុលាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន News1 បានចេញផ្សាយថ្ងៃទី៨ ខែតុលានេះ។

ការចេញអាល់ប៊ុមថ្មីនេះ ជាដំណឹងដ៏វិសេសវិសាលសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងវ័យ ៣៦ឆ្នាំរូបនេះ ដោយហេតុថាលោកបានខកខានក្នុងការបញ្ចេញចម្រៀងថ្មីអស់រយៈពេល៧ឆ្នាំមកហើយ ពោលគឺតាំងតែពីចេញអាល់ប៊ុមខ្នាតតូចទី២ “Kwon Ji Yong កាលពីឆ្នាំ២០១៧។
នេះជាការឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់ក្រុមអ្នកគាំទ្រ ក្រោយពីខាងផលិតកម្ម Galaxy Corporation បានប្រកាសថាសិល្បកររបស់ខ្លួននឹងត្រឡប់មកវិញជាមួយនឹងចម្រៀងថ្មីៗ នៅចន្លោះឆមាសទី ២នៃឆ្នាំ២០២៤។

គួររំឭកផងដែរថា កាលពីខែមុននេះសមាជិកក្រុម BIGBANG រូបនេះក៏បានបង្ករភាពភ្ញាក់ផ្អើលដល់ VIPs ម្ដងហើយ ដោយហេតុថាអ្នកគាំទ្ររបស់ក្រុមចម្រៀងមួយនេះមិនបានរំពឹងថានឹងបានជួបវត្តមានរបស់ G-Dragon ជាមួយនឹង Daesung នៅក្នុងកម្មវិធីប្រគំតន្រ្តីទោល THE LIGHT YEAR IN SEOUL របស់មិត្តរួមក្រុម Taeyang នោះទេ។ ក្រៅពីមិនបានឮសំនៀងរបស់ G-Dragon នៅលើឆាកតន្ត្រីអស់ពេលជាយូរ VIPs ដែលបានចូលរួមនៅគ្រានោះ ក៏បង្ហាញអារម្មណ៍រីករាយដែលឃើញសមាជិកទាំង ៣នាក់របស់ BIGBANG បានជួបជុំគ្នាម្ដងទៀត។
ក្រោយពីអាល់ប៊ុមថ្មីចេញរួចរាល់ តារាចម្រៀងដែលមានរហ័សនាមជា “ស្ដេចតន្ត្រី K-pop ឬ k-pop King” នឹងបន្តដឹកដៃមិត្តទាំង ២រូបនេះទៅសម្ដែងនៅក្នុងកម្មវិធី MAMA Awards ដែលនឹងធ្វើឡើងក្នុងប្រទេសជប៉ុន នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា៕
























Account
Security
Favourite Content