ភាពយន្តល្ខោនតន្ត្រី “Wicked” ដែលរួមសម្ដែងដោយតារាចម្រៀងល្បីអាមេរិក Ariana Grande បានជាប់លេខ ១ លើតារាងចំណូលភាពយន្ត Box Office អាមេរិកសប្ដាហ៍នេះជាមួយចំណូល ១៦៤ លានដុល្លារ ក្នុងសប្ដាហ៍បើកឆាករបស់ខ្លួន។

មែនទែនទៅ ខណៈពេលនេះភាពយន្តហូលីវូដ២រឿងកំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនទូទាំងពិភពលោក គឺភាពយន្តល្ខោនតន្ត្រី “Wicked” ពីក្រុមហ៊ុន Universal និងភាពយន្តសង្គ្រាមចក្រភពរ៉ូម “Gladiator 2” ពីក្រុមហ៊ុន Paramount។
សម្រាប់រយៈពេល៣ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅនេះ ភាពយន្ត “Wicked” អាចរកចំណូលនៅសហរដ្ឋអាមេរិកបាន ១១៤ លានដុល្លារ។ ខណៈនៅទីផ្សារអន្តរជាតិអាចរកបាន ៥០ លានដុល្លារទៀត ធ្វើឱ្យចំណូលសប្ដាហ៍បើកឆាករបស់ភាពយន្តមួយនេះឡើងដល់ ១៦៤ លានដុល្លារ។
ចំណាយដើមទុនផលិតអស់ ១៤៥ លានដុល្លារ ភាពយន្ត “Wicked” មានសាច់រឿងផ្អែកតាមសៀវភៅប្រលោមលោក និងល្ខោនតន្ត្រី Broadway ដ៏ល្បីមានចំណងជើងដូចគ្នា ជាស្នាដៃរបស់អ្នកនិពន្ធ Gregory Maguire ដោយមានសាច់រឿងរៀបរាប់ពីចំណងមិត្តភាពក្នុងពិភពវេទមន្តរវាងមេមត់ស្បែកបៃតងឈ្មោះ Elphaba សម្ដែងដោយតារាអង់គ្លេស Cynthia Erivo និងមេមត់រួបស្រស់ឈ្មោះ Glinda សម្ដែងដោយ Ariana Grande។ បន្ទាប់ពីវគ្គដំបូងចាប់ផ្តើមដាក់បញ្ចាំងទូទាំងពិភពលោកនៅចុងខែវិច្ឆិកា ឆ្នាំនេះ វគ្គ២នៃរឿងនេះត្រូវបានគ្រោងចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។

ចំណែកឯចំណាត់ថ្នាក់ទី២លើតារាង Box Office អាមេរិកសប្ដាហ៍នេះបានទៅលើភាពយន្តសង្គ្រាមចក្រភពរ៉ូម “Gladiator 2” អាចរកចំណូលបាន ៥៥ លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងសប្ដាហ៍កន្លងទៅ។ បើទោះជាមិនអាចគ្រងចំណាត់ថ្នាក់កំពូលនៅអាមេរិក ប៉ុន្តែភាពយន្តនេះកំពុងរកចំណូលបានច្រើនក្រាស់ក្រែលពីទីផ្សារអន្តរជាតិ ពោលគឺចំនួន ១៦៥ លានដុល្លារ ធ្វើឱ្យចំណូលសរុបទូទាំងពិភពលោកឡើងដល់ ២២១ លានដុល្លារ។

ចំណាត់ថ្នាក់លេខ៣ បានទៅលើភាពយន្តបេសកកម្មសង្គ្រោះតាណូអែល “Red One” របស់តារាសម្ដែង The Rock ដែលអាចរកចំណូលបាន ១៣ លានដុល្លារទៀតពីការបញ្ចាំងនៅអាមេរិកកាលពីសប្ដាហ៍មុន ខណៈចំណូលទូទាំងពិភពលោកកើនដល់ ១១៧ លានដុល្លារក្រោយបញ្ចាំង ៣ សប្ដាហ៍។
នៅសប្ដាហ៍ក្រោយ ភាពយន្តធំមួយទៀតគឺ “Moana 2” ពីក្រុមហ៊ុន Disney នឹងចាប់ផ្ដើមចេញបញ្ចាំង ដែលគេរំពឹងថាភាពយន្តទាំង ៣ រួមមាន “Moana 2” ភាពយន្ត “Wicked” និង “Gladiator 2” នឹងធ្វើឱ្យពិធីបុណ្យ Thanksgiving ឆ្នាំនេះនឹងអាចបំបែកកំណត់ត្រាចំណូលភាពយន្តខ្ពស់បំផុតនៅអាមេរិក ៕


























Account
Security
Favourite Content