ផលិតកម្មដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសចិន Benchmark Production បានសហការជាមួយ Palm Film Production របស់កម្ពុជា ដើម្បីថតរឿងខ្នាតធំ «និទាននៃព្រៃស្មសាន» ថែមទាំងបានជ្រើសរើសយកក្រុងបាត់ដំបង ជាទីតាំងថតរឿងខ្នាតធំនេះទៀតផង។
តំបន់អភិរក្សក្នុងក្រុងបាត់ដំបងបានក្លាយជាទីចាប់អារម្មណ៍ក្នុងការថតភាពយន្តខ្នាតធំរបស់ផលិតកម្មដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសចិន។ «និទាននៃព្រៃស្មសាន» ជាភាពយន្តបែបប្រតិដ្ឋបរិយាយពីបុរសជនជាតិចិនម្នាក់ធ្វើដំណើរចាកចេញពីប្រទេស មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលភាគច្រើននៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។
ភាពយន្តខ្នាតធំដែលរួមសហការរវាងផលិតកម្មល្បីឈ្មោះ ២ របស់ប្រទេសចិន និងប្រទេសកម្ពុជាត្រូវបានសម្រេចថតនៅប្រទេសកម្ពុជាជាពិសេសបានជ្រើសយកតំបន់អភិរក្សក្នុងក្រុងបាត់ដំបងជាច្រើនកន្លែង ដែលមានដូចជាផ្ទះបុរាណ ក្នុងសង្កាត់វត្តគរ និងសង្កាត់រតនៈ សំណង់អភិរក្សសម័យអាណានិគមនិយមបារាំង ក្នុងសង្កាត់ស្វាយប៉ោជាទីតាំងថត។
តាមរយៈការបង្ហោះនៅលើអាខោនហ្វេសបុកមន្ត្រីប៉ូលិសលោក សាំង ច័ន្ទសុផល បានឱ្យដឹងថា ព្រឹកមិញនេះក្រុមការងាររបស់ផលិតកម្ម Benchmark Production និង Palm Film Production បានមកដល់ទីតាំងថតផ្ទាល់ដែលស្ថិតក្នុងក្រុងបាត់ដំបង ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក លាង វាសនា អភិបាលក្រុងបាត់ដំបងផងដែរ៕
រូបភាព៖ សាំង ច័ន្ទសុផល