តារាចម្រៀងអាមេរិក Ariana Grande បាននិយាយថានាងមិនចម្លែកចិត្តនោះទេ ដែលមានទស្សនិកជននិយាយថានាងមិនស័ក្ដិសមនឹងសម្ដែងភាពយន្តល្ខោនតន្ត្រី “Wicked”។

តាមរយៈបទសម្ភាសក្នុងកម្មវិធី Sentimental Men Podcast តារាចម្រៀងប៉ុបរូបនេះបានបើកចិត្តនិយាយអំពីសម្ពាធនៃការសម្ដែងជាតួអង្គ Glinda ក្នុងរឿង “Wicked” ថានាងយល់ពីមូលហេតុដែលអ្នកគាំទ្ររឿងចោទសួរថាហេតុអ្វីបានជានាងត្រូវបានជ្រើសរើសឱ្យសម្ដែងតួនេះ ព្រោះមនុស្សជាច្រើនប្រហែលជាធ្លាប់តែឃើញនាងច្រៀងបែបប៉ុប អ្នកខ្លះបានស្គាល់នាងតែតាមរយៈបទ “7 Rings” ជាជាងបែបល្ខោនតន្ត្រី។
បន្ថែមពីលើនេះ ក្នុងនាមនាងជាអ្នកគាំទ្រល្ខោនតន្ត្រីរឿងនេះមួយរូបដែរ វាក៏កាន់តែធ្វើឱ្យនាងព្រួយបារម្ភថានាងអាចនឹងសម្ដែងខុសឆ្គងឬអត់។ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះចែករំលែកបន្តថា នាងពិតជារីករាយដែលបានជាប់ Audition ចូលសម្ដែងក្នុងរឿង Wicked ជាពិសេសទោះបីនាងជាតារាប៉ុបក្នុងវិស័យចម្រៀង ប៉ុន្តែនាងបានប្រើទេពកោសល្យ ការប្រឹងប្រែង និងជំនាញរបស់នាងដើម្បីសម្ដែង ក៏ដូចជាប្រើឱកាសនេះដើម្បីបញ្ជាក់ខ្លួនឯង ហើយធ្វើឱ្យមនុស្សមើលឃើញថា នាងអាចធ្វើអ្វីបានច្រើនទៀតក្រៅពីតន្ត្រី។

ភាពយន្ត “Wicked” ត្រូវបានផលិតឡើងដោយផ្អែកសាច់រឿងតាមសៀវភៅប្រលោមលោកចំណងជើងដូចគ្នារបស់អ្នកនិពន្ធ Gregory Maguire ដោយមានសាច់រឿងរៀបរាប់ពីដំណើរផ្សងព្រេង និងមិត្តភាពរវាងនារីស្បែកបៃតងឈ្មោះ Elphaba សម្ដែងដោយតារាអង់គ្លេស Cynthia Erivo និងសិស្សស្រីធម្មតាឈ្មោះ Glinda សម្ដែងដោយ Ariana Grande។
ចំណាយដើមទុនផលិតអស់ ១៤៥ លានដុល្លារ ភាពយន្តនេះគឺជាការវិលត្រលប់មកកាន់ផ្ទាំងសំពត់សលើកដំបូងរបស់ Ariana Grande បន្ទាប់ពីភាពយន្ត “Don’t Look Up” កាលពីឆ្នាំ២០២១ ហើយក៏ជាភាពយន្តខ្នាតធំដំបូងដែរដែលតារាស្រីវ័យ ៣១ ឆ្នាំរូបនេះបានសម្ដែងជាតួឯកក។ ភាពយន្តនេះនឹងចេញនៅបណ្ដារោងភាពយន្តនានាចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាតទៅ ៕


























Account
Security
Favourite Content