ភ្នំព្រះ ឬ ខ្នងព្រះ ត្រូវបានចាត់ទុកជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លាក់ខ្លួនជ្រៅក្នុងព្រៃអមដោយទឹកធ្លាក់ថ្លាត្រជាក់ និងល្បាក់ជ្រោះធម្មជាតិ តំបន់នេះស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តការដើរព្រៃផ្សងព្រេង និងការបោះតង់។

ការធ្វើដំណើរចាប់ផ្តើមពីទីរួមខេត្តពោធិ៍សាត់តាមបណ្តោយផ្លូវជាតិលេខ៥៥ ចម្ងាយប្រមាណ ១៥៣គីឡូម៉ែត្រ មុននឹងដល់ទីតាំងចាប់ផ្តើមឡើងភ្នំដែលហៅថា «ស្ទឹងកាច់»។ ផ្អែកតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ការឡើងទៅកាន់ទឹកធ្លាក់ និងទិដ្ឋភាពនៅលើខ្នងភ្នំ ទាមទារឱ្យមានការដើរដោយថ្មើរជើងប្រមាណ ៩គីឡូម៉ែត្រទៀតពីជើងភ្នំ។ ដំណើរផ្សងព្រេងនេះពោរពេញដោយភាពរំភើប ព្រោះត្រូវឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល តោងខ្សែរឡើងចំណោត និងទស្សនាព្រៃឈើក្រាស់ៗ។ ទីនេះពោរពេញដោយទេសភាពធម្មជាតិដ៏សម្បូរបែប រួមមានព្រៃព្រឹក្សា កេសរកូល (ផ្កាព្រៃ) សត្វស្លាប សត្វព្រៃ រុក្ខជាតិប្លែកៗជាច្រើនប្រភេទ និងជាពិសេសគឺទឹកជ្រោះដ៏ស្រស់ត្រជាក់ដែលជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
ធាតុអាកាសនៅលើភ្នំមានការប្រែប្រួលតាមរដូវកាល ពេលខ្លះមានមេឃស្រឡះ ចុះអ័ព្ទ ពពកក្រាស និងពេលខ្លះមានមេឃភ្លៀង។ អ្វីដែលកាន់តែអស្ចារ្យ គឺនៅពេលព្រឹកយើងអាចទស្សនាទេសភាពថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និងពេលល្ងាចគន់មើលថ្ងៃរៀបលិចលើភ្នំបញ្ចេញពន្លឺយ៉ាងស្រស់ត្រកាល។ បន្ថែមពីនេះ ពេលយប់យើងអាចគេងបោះតង់ទទួលយកខ្យល់អាកាសបរិសុទ្ធ ក្នុងកម្រិតសីតុណ្ហភាពដ៏ត្រជាក់ចាប់ពី ៩ ដល់ ១៥អង្សាសេ ដែលស័ក្ដិសមបំផុតសម្រាប់អ្នកចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង ៕








រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – លី សុវណ្ណា និង ម៉ក់ ភារៈ






















































Account
Security
Favourite Content