ក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាលនឹងត្រូវលែងឱ្យចូលទៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ដើម្បីគាំទ្រការស្ដារប្រភេទសត្វជិតផុតពូជនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF-កម្ពុជា។

នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៦ ស្អែកនេះ ក្រពើភ្នំចំនួន ១០ ក្បាលនឹងត្រូវលែងឱ្យចូលទៅក្នុងទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ។ ការលែងក្រពើភ្នំចូលទៅដែនជម្រកសត្វស្រែពកគឺជាការស្ដារប្រភេទសត្វក្រពើដែលជិតផុតពូជនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបខាងកើត។ គួរឱ្យដឹងដែរថា ក្រពើភ្នំដែលត្រូវបានលែងទាំងនេះត្រូវបានបំពាក់ឧបករណ៍តាមដាការបំផ្លាស់ទី ដើម្បីតាមដានក្រោយការលែង។







គួរបញ្ជាក់បន្ថែម សត្វក្រពើភ្នំ មានតួនាទីដ៏សំខាន់ក្នុងការរក្សាតុល្យភាព និងសុខភាពរបស់ប្រព័ន្ធអេកូឡូស៊ីទឹកសាប។ ការការពារសត្វប្រភេទនេះ ក៏មានន័យថាជាការការពារទន្លេ តំបន់ដីសើម និងជីវៈចម្រុះ ដែលយើងទាំងអស់គ្នាកំពុងអាស្រ័យផលនាពេលនេះ។
តាមការឱ្យដឹងរបស់អង្គការ WWF-កម្ពុជា ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់អង្គការ IUNC និងមានចំនួននៅសល់តិចជាង ១ពាន់ក្បាលប៉ុណ្ណោះក្នុងទីជម្រកធម្មជាតិទូទាំងពិភពលោក។ ដោយឡែក ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាសាកលសម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល៕
រូបភាព ៖ WWF-កម្ពុជា

























Account
Security
Favourite Content